ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំ រឿង”ភូមិអត់មនុស្ស” និងរឿង”ទង់ព្រលឹង”ដែលជាខ្សែភាពយន្តរបស់ ផលិតកម្មរេដភីកឈ័រ (RED Picture)ធ្លាប់បានទាញអារម្មណ៍អ្នកទស្សនាច្រើនលើសលប់រហូតឈានដល់ការបំបែកកំណត់ត្រាចំនួនអ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំកន្លងទៅ។ ផលិតកម្មនេះគ្រោងនឹងចាប់ផ្តើមចាក់បញ្ចាំងខ្សែភាពយន្តថ្មីរបស់ខ្លួនគឺរឿង”សង្សារខ្ញុំក្រមុំកូន១”នៅថ្ងៃទី២៤ខែសីហានេះ ស្រប់ពេលដែលអ្នកគាំទ្រជាច្រើនទន្ទឹងរងចាំទស្សនាស្នាដៃថ្មីមួយនេះ។
ឈុតឆាកខ្លីៗ(Trailer) របស់ខ្សែភាពយន្តរឿង”សង្សារខ្ញុំក្រមុំកូន១”បានចេញជាផ្លូវការហើយកាលពីថ្មីៗជាមួយនឹងចំនួនអ្នកចូលទស្សនាជាងកន្លះលាននាក់ ដែលធ្វើឲ្យគេរំពឹងថាខ្សែភាពយន្តនេះនឹងបន្តលេចចេញអ្នកគាំទ្រកាន់តែច្រើន។ ខ្សែភាពយន្តបែបកំប្លែង ស្នេហា វាយតប់ និងស៊ើបអង្កេតនេះត្រូវបានចូលរួមសម្តែងដោយតារាសម្តែងនិងតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើនដូចជា អ្នកនាង សារ៉ាយ សក្កណា លោក ជា សុវណ្ណរិទ្ធិ នាយគ្រឿន នាយ ពែកមី លោក BIG និងតារាជាច្រើនរូបទៀត។ អ្វីដែលគេចាប់អារម្មណ៍សម្រាប់រឿងនេះដែរគឺមានការចូលរួមសម្តែងដោយកូនប្រុសតារាកំប្លែងនាយពែកមីផងដែរ។ ទាំងសិល្បករ និងផលិតករសុទ្ធតែដាក់ក្តីរំពឹងខ្ពស់ចំពោះការចាក់បញ្ចាំងខ្សែភាពយនេះនៅគ្រប់រោងកុនទំនើបទាំងអស់នៅភ្នំពេញ។ ពិធីសម្ពោធខ្សែភាពយន្តនេះនឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២៣ខែសីហានេះនៅរោងភាពយន្តLegend ស្ទឹងមានជ័យថ្មី ដែលនឹងមានវត្តមានសិល្បករជាច្រើនចូលរួម។
គួរបញ្ជាក់ដែរថាស្នាដៃទី១រឿង“ភូមិអត់មនុស្ស” របស់ផលិតកម្ម RED Picture អាចស្វែងរកចំណូលបានប្រមាណជាង៣០ម៉ឺនដុល្លារអាមេរិក ហើយក៏ជាខ្សែភាពយន្តដែលអាចរកចំណូលនិងចំនួនអ្នកគាំទ្រច្រើនជាងគេប្រចាំឆ្នាំ២០១៥។ រីឯខ្សែខ្សែភាពយន្តរឿង”ទង់ព្រលឹង” វិញត្រូវបានចាក់បញ្ចាំងកាលពីអំឡុងខែមេសានោះក៏ទទួលបានការគាំទ្រច្រើនលើសលប់ពីអ្នកនិយមទស្សនាខ្សែភាពយន្តនៅតាមរោងកុនដែរ។ គេរំពឹងដែរថា ខ្សែភាពយន្តថ្មីរឿង”សង្សាខ្ញុំក្រមុំកូន១”ក៏នឹងអាចស្វែងរកចំណូល និងចំនួនអ្នកចូលទស្សនាកាន់តែច្រើនផងដែរ៕
ដោយ៖ វឌ្ឍនា