ភ្នំពេញ៖ ក្រុមយុវជនស្ម័គ្រចិត្តដែលបានចំណាយទាំងធនធាន និងកម្លាំងកាយចិត្តបានបង្កើតក្រុមស្រាវជ្រាវផ្នែកភាពយន្តមួយមានឈ្មោះថា”ក្រុមព្រះសូរិយា” បានបង្កើតព្រឹត្តិការណ៍មួយឈ្មោះថា«មួយម៉ឺនអាល័យ»ដើម្បីជួយថែរក្សាការពារ ផ្សព្វផ្សាយពីសម្បិត្តិមានតម្លៃនៃទម្រង់សិល្បៈនាសម័យទស្សវត្សទី៦០និង៧០។ កម្មវិធីនេះត្រូវបានប្រព្រឹត្ត កាលពីល្ងាចថ្ងៃទី២០សីហា ឆ្នាំ២០១៦នាសាលសន្និសីទចតុមុខក្រោមវត្តមានមានពីមន្ត្រី និងទស្សនិកជននិងមហាជនមកពីគ្រប់មជ្ឈដ្ឋាន។
មានវត្តមានលោកស្រីភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោករដ្ឋមន្ត្រី សាយ សំអាល់ព្រមទាំងមន្ត្រីនៅសហភាពសហព័ន្ឋយុវជនកម្ពុជាសិស្សនិស្សិតជាច្រើននាក់ផងដែរ។នេះជារាត្រីសប្បុរសធម៌ដើម្បីរៃថវិកាជួយទ្រទ្រង់សកម្មភាពស្រាវជ្រាវរបស់ក្រុមព្រះសុរិយាជួយឧបត្ថម្ភគាំទ្រដល់សិល្បករជើងចាស់គ្រប់ទម្រង់និងបញ្ចាំងភាពយន្តការតាំងពិព័រណ៌ភាពយន្តសៀវភៅស្តីពីតារាភាពយន្តខ្មែរនាសម័យសង្គមរាស្ត្រនិយមផងដែរ។នាឱកាសនោះក៍មានការបង្ហាញវត្តមានតារាជើងចាស់ជំនាន់ទី៦០និង៧០ជូនទស្សនិកជនបានឃើញដូចជាលោកស្រីវីរៈតារា អ្នកម្នាងសៀងឌី លោកសោមដូរិនព្រមទាំងមានការបញ្ចាំងខ្សែភាពយន្តរឿង«អាជ័យមេគ្រត»ជារឿងបែបកំប្លែងអ្នកទស្សនាជក់ចិត្តរីករាយគ្រប់គ្នា។
ប្រធានក្រុមព្រះសុរិយាលោកយាង វ៉ាន់ឌី បានឲ្យដឹងថារយៈពេល៦ឆ្នាំនៃការស្រាវជ្រាវរបស់ក្រុមព្រះសុរិយាបានស្រាវជ្រាវរកឃើញឯកសារដែលបានកប់ទុកជាច្រើនដូចជាខ្សែភាពយន្តចំនួន៤៨រឿងក្នុងចំណោមខ្សែភាពយន្តរបស់កម្ពុជាទាំងអស់ជាង៦០០រឿង។ចម្រៀងដែលរកបានមានជាង៥ពាន់បទដែលដកស្រង់ចេញពីសំណៅដូចជាថាសរ៉ូឡូនិងកាសែត។ល្ខោននិយាយប្រលោមលោកភាពយន្តរូបថតភាពយន្តនិងឯកសារជាច្រើនទៀត។ ប្រធានក្រុមដែលបានចំណាយពេលស្វែងរកអ្វីជាសិល្បៈខ្មែរសម័យសង្គមរាស្ត្រនិយមរូបនេះបន្តថាការរៀបចំកម្មវិធី«មួយម៉ឺនអាល័យ»មានគោលបំណងធំៗចំនួន៣ទី១ការជួបជុំមហាគ្រួសារខ្មែរក្នុងការរំលឹកខ្សែភាពយន្តពីអតីតកាល។ទី២ការប្រមូលមូនិធិសម្រាប់ទ្រទ្រង់ការស្រាវជ្រាវរបស់ក្រុមព្រះសុរិយា និងទី៣រៃអង្គាស់ថវិកាសម្រាប់ជួយឧបត្ថម្ភសិល្បករគ្រប់ទម្រង់។យុវវជនរូបនេះបាននិយាយទាំងអួលដើមករថាមានគេសួរខ្ញុំថាមិនយកថវិកាជួយដល់កុមារកំព្រាតាមអង្គការ។ប៉ុន្តែសម្រាប់លោកគឺមិនបានគិតនោះទេព្រោះអង្គការមានបរទេសជួយហើយរីឯសិល្បករជើងចាស់យើងគ្រប់ទម្រង់អត់បានទទួលអ្វីទេពេលចាស់ទៅគាត់សមតែទទួលលទ្ឋភាពល្អឲ្យដូចអ្វីដែលគាត់ល្បីល្បាញ។លោកបញ្ជាក់ថាធាតុពិតយើងបំភ្លេចចោលឲ្យពួកគាត់បាក់ទឹកចិត្តខ្លះនៅផ្ទះជួល។លោកថាមានតែខ្មែរគ្នាឯងគាំទ្រខ្លះឧបត្ថម្ភដែលនេះបង្ហាញខ្មែរស្រឡាញ់ខ្មែរជួយគ្នាជាសំខាន់អ្នកបរទេសគេអត់រវល់ហើយការគាំទ្រឲ្យកុនខ្មែរល្អក៍ដូចជាឲ្យគេស្គាល់ស្រុកខ្មែរដែរយើងមិនបាច់ទៅដល់ស្រុកក្រៅអួតពីខ្មែរនោះឡើយ។ដូចនេះក្នុងនាមលោកជាប្រធានក្រុមព្រះសុរិយាសូមអរគុណចំពោះបណ្តាបងប្អូនខ្មែរទាំងអស់បានជួយគាំទ្រចំណាយពេលមកចូលរួមកម្មវិធីដែលក្រុមយើងខ្ញុំពិតជារំភើបមិននឹកស្មានថាទទួលបានភាពលេចធ្លោបាននេះឡើយមានទាំងមន្ត្រីជាន់ខ្ពស់សិល្បករជើងចាស់និងតារាចម្រៀងតារាសម្តែងសម័យនេះផ្តល់កិត្តិយសយ៉ាងពិសេសជួយលើកមុខមាត់កម្មវិធី។
ដើម្បីជាការលើកទឹកចិត្តដល់យុវជនមួយក្រុមនេះបានជួយគិតគូស្វែងរកឯកសារសិល្បៈជំនាន់មុននោះបណ្តាសប្បុរជនជាច្រើនបានជួយគាំទ្រនិងផ្តល់ជូនថវិកាដើម្បីដំណើរការកម្មវិធី៕
ដោយៈ វឌ្ឍនា