ខេត្តសៀមរាប៖ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួនជាមួយ និងវត្ថុតាងបញ្ជូនទៅតុលាការ ករណី រក្សាទុកជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ហេតុការណ៍ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះ នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៨សីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
តាមប្រភពពីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យ ទាំង៤នាក់ មាន ទី១/ឈ្មោះ បួន សុវណ្ណបូរី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅ ភូមិទ្រាំង សង្កាត់ ស្លក្រាម ក្រុងសៀមរាប ទី២/ឈ្មោះ ញ៉ឹក វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ទី៣/ឈ្មោះ សោម ចាន់សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប និង ទី៤/ឈ្មោះ សេង វិចិត្រ ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ ក្រោយពីធ្វើការឃាត់ខ្លួន កម្លាំងជំនាញបាន រកឃើញ វត្ថុតាងរួមមានៈម្សៅគ្រើម (ម៉ាទឹកកក)ចំនួន១១កញ្ចប់ស្មើទម្ងន់១,២៦ក្រាម ទូរសព្ទ័៤គ្រឿង និងឧបករណ៍ច្នៃជក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០១៦ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ ជានិរន្ដរ៍