ឈ្មួញជីករណ្តៅដីដ៏ជ្រៅ និងជាប់ផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋឆ្លងកាត់នៅភូមិ សង្កាត់ ភ្លើងឆេះរទេះ អាជ្ញាធរមិនអើពើ

ចែករំលែក៖

ភ្នំពេញ៖ ការជីករណ្តៅដីនៅក្នុងរាជធានីភ្នំពេញមួយរយៈកន្លងទៅនេះ ត្រូវបានអាជ្ញាធរផ្អាកឲ្យដំណើរការ ហើយ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានហាមផងដែរ មិនអនុញ្ញាតឲ្យមានការជីករណ្តៅដីនៅតំបន់រាជធានីភ្នំពេញ ប៉ុន្តែថ្មីៗនេះ មានឈ្មួញជីករណ្តៅដីយ៉ាងធំ និងជ្រៅ ស្ទើរឃើញក្បាលប្រេត ស្ថិតនៅភូមិ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលស្ថិតនៅខាងក្រោយវត្តជន្លង់ម្លូរ ហើយជិតនឹងទីតាំងរស់នៅរបស់ប្រជាពលរដ្ឋថែមទៀត ។

ជាទូទៅគេបានឃើញសកម្មភាពកាយអាចម៍ដី និងដឹកជញ្ជូន មានទាំងរថយន្តតូច និងរថយន្តធំ បន្តកន្ទុយគ្នា បង្កឲ្យមានដីហុយទ្រលោម ជះទៅលើលំនៅឋានរបស់ប្រជាពលរដ្ឋ ក៏ដូចជាការផ្ទុកធ្ងន់ បើកបរក្នុងល្បឿនលឿន បង្កគ្រោះថ្នាក់ចរាចរណ៍ ដោយពួកគេ ពុំបានគិតពីបញ្ហាសុវត្ថិភាពចរាចរណ៍ ដល់អ្នកធ្វើដំណើរ ក៏ដូចជាគោរពពេលវេលា នៃការដឹកជញ្ជូនដីទាំងនោះចូលក្នុងរាជធានីភ្នំពេញនោះឡើយ ។ ប្រជាពលរដ្ឋបាននិយាយថា ទីតាំងរណ្តៅដីដ៏ធំនេះគឺជីកនៅជាប់នឹងផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរមូលដ្ឋានមិនហ៊ានប៉ះពាល់ ដោយសារតែម្ចាស់រណ្តៅដីមានអំនួតយកឈ្មោះអ្នកធំ ជាពិសេសថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ជាអ្នកអនុញ្ញាត ។
អាជ្ញាធរមូលដ្ឋានលួចបង្ហើបថា រណ្តៅដីដ៏ធំមួយនេះ បើទោះជាជីកជ្រៅ និងនៅជាប់ផ្លូវសាធារណៈក៏ដោយ ប៉ុន្តែសាលារាជធានីភ្នំពេញបានចេញលិខិតអនុញ្ញាត ទើបឈ្មួញគាត់ជីកដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ និងប្រើពាក្យសម្តី ប្រមាថ មាក់ងាយទៅលើអាជ្ញាធរមូលដ្ឋានយ៉ាងធ្ងន់ទៀតផង ។
គួររំលឹកថា សាលារាជធានីភ្នំពេញ បានចេញលិខិតបិទការធ្វើអាជីវកម្ម ជីករណ្តៅដីនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែរណ្តៅដីមួយនេះ បែរជាមានច្បាប់អនុញ្ញាត និងជីកខុសបច្ចេកទេសក្នុងជម្រៅដ៏ជ្រៅ ក៏ដូចជាជាប់នឹងផ្លូវសាធារណៈ ។
ពាក់ព័ន្ធករណីនេះ នគរដ្រេហ្គនមិនអាចទាក់ទងបានទេពីលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ។ ដោយឡែក លោក ឌិត ឌីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានប្រាប់នគរដ្រេហ្គនតាមទូរស័ព្ទនាព្រឹកថ្ងៃ ខែ ឆ្នាំដដែលនេះថា និយាយរួម នៅក្នុងតំបន់រាជធានីភ្នំពេញ គឺមិនអនុញ្ញាតឲ្យមានការរីករណ្តៅដីជាដាច់ខាត ក្នុងនោះក៏មានការចេញ សជណ រួចមកហើយ ប៉ុន្តែចំពោះរណ្តៅដីនៅខណ្ឌពោធិ៍សែនជ័យមួយនោះ បើតាមខ្ញុំដឹង ខាងសាលារាជធានីភ្នំពេញ ចេញច្បាប់ឲ្យ ។

លោករដ្ឋលេខាធិការបន្តថា បើចង់ដឹងថា ការជីកនេះ ត្រូវឬមិនត្រូវ គួរសួរទៅកាន់សាលារាជធានីភ្នំពេញចុះ ។
សកម្មភាពជីករណ្តៅដីនៅខណ្ឌពោធិ៍សែនជ័យ ពិតជាហ៊ានបំពានទៅនឹងរាជរដ្ឋាភិបាល ពីព្រោះថា សាលារាជធានីភ្នំពេញ ក៏បានបិទការធ្វើអាជីវកម្ម ប៉ុន្តែនៅទីតាំងខាងលើនេះ ដំណើរការយ៉ាងរលូន ដែលគេសង្ស័យថា អាចនឹងមានមន្ត្រីណាមួយនៅសាលារាជធានីភ្នំពេញ ប្រឹងទាញយកផលប្រយោជន៍ពីការធ្វើអាជីវកម្មជីករណ្តៅដី ជិតឃើញក្បាលប្រេតមួយនេះ ៕

image image image image image image image image

ដោយៈ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print