ភ្នំពេញ ៖ ក្រៅពីខិតខំបំពេញការងារជួយសង្រ្គោះជីវិតទារក-កុមារ ទាំងយប់ទាំងថ្ងៃហើយនោះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានបន្តបង្ហាញបេះដូងដ៏សប្បុរសរបស់ខ្លួនតាមរយៈការ កៀរគរថវិកាបរិច្ចាគពីថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ ប្រចាំឆ្នាំ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយក្នុងស្មារតី “ខ្មែរជួយខ្មែរ”។
ជាក់ស្ដែងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបចំនួន ១ ៣៧៧នាក់ បានចូលរួមបរិច្ចាគថវិកាចំនួន ៨២ ៦២០ ០០០ រៀល ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្ដរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតទារក និងកុមារ នៅកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអរគុណ ចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដែលតែងតែចូលរួមបរិច្ចាគថវិកា ជូនដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ជារៀងរាល់ឆ្នាំ ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្ដ និងអំពាវនាវដល់ក្រសួង-ស្ថាប័ន និងសប្បុរសជនទាំងអស់ បន្ដគាំទ្រនិងបរិច្ចាគថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាបន្ថែមទៀត ដើម្បីភាពញញឹមនៃកុមារកម្ពុជា៕
ដោយ ៖ សិលា