ចែករំលែក៖

ខេត្តត្បូងឃ្មុំ÷ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជួយ សម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់បានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជាកាលពីអតីតកាល។ ការលើកឡើងរបស់នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ដូចនេះធ្វើឡើងក្នុងពិធីបញ្ចុះបឋមសិលាសាង សង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនេះ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្រ្ដី បានថ្លែងកោតសរសើរចំពោះសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ ដែលបានបំពេញមុខនាទីរបស់ខ្លួនបានល្អប្រសើរនាពេលកន្លងមកហើយថា ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលនឹងត្រូវបញ្ចប់ការសាងសង់នាពេលខាងមុខនេះនឹងក្លាយជាទីតាំងដ៏មានសារៈសំខាន់បំផុតសម្រាប់ការបំពេញការងារប្រចាំថ្ងៃរបស់សមាគម ក្នុងការផ្តល់អត្ថប្រយោជន៍ទៅដល់បងប្អូនដែលជាអតីតយុទ្ធជនដែលមានគុណូបការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

នាយឧត្តមសេនីយ៍ បានបន្តថា ដើម្បីឆ្លើយតបទៅនឹងគុណចំណាច់របស់អតីតយុទ្ធជនដែលមានចំពោះជាតិ និងប្រជាជន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនជាអតីតយុទ្ធជន ដូចជាការផ្តល់បណ្ណ ប.ស.ស. ដែលពួកគាត់អាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន។ ផ្តល់ឱកាសឱ្យបងប្អូនអតីតយុទ្ធជនអាចចូលរួមក្នុងសង្គម តាមរយៈតួនាទីមួយចំនួនក្នុងមូលដ្ឋាន ហើយលើសពីនេះក៏បានផ្តល់ជាអាហារូបករណ៍ និងជាពិសេសផ្តល់ឱកាសជាអាទិភាពដល់កូនចៅអតីតយុទ្ធជនបានចូលបំរើការងារកងទ័ពបន្តវេនពីឪពុកម្តាយផងដែរ។

នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១សមាគមអតីតយុទ្ធជនកម្ពុជា ដែល លោកតែងតែមិនភ្លេចឡើយចំពោះបងប្អូនដែលជាអតីតយុទ្ធជនរបស់យើង។

...

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចែកអំណោយជូនគ្រួសារអតីតយុទ្ធជនចំនួន៥០គ្រួសាររួមមាន អង្ករ មី ត្រីខ និងថវិកាក្នុង១គ្រួសារចំនួន ៥ម៉ឺនរៀលផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print