រឿង ខ្សែជីវិតខ្ញុំក្រោមរបបកម្ពុជាប្រជាធិបតេយ្យ (ត)

ចែករំលែក៖

ល្ងាចថ្ងៃមួយ ប្រធានកងបានប្រកាសប្រាប់កងចល័តរបស់ខ្ញុំថា ថ្ងៃស្អែកអង្គការឲ្យទៅចាប់ខ្មាំង។ កងចល័តទាំងអស់ក្នុងស្រុកក្រសាំងដែលមានគ្នាជិតមួយពាន់នាក់ជាមួយប្រជាជនសហការណ៍រាប់រយនាក់ផ្សេងទៀត ត្រូវបានអង្គការចាត់ឱ្យស្វែងរកខ្មាំងដែលបានរត់គេចពីយោធាតំបន់តាំងពីឆ្នាំ ១៩៧៦ មកម៉្លេះ។ យោធាម្នាក់ឈ្មោះ ប៉ែន ផន បានរត់ចេញពីអង្គភាពយោធាតំបន់មកផ្ទះ ហើយនាំឪពុករត់ចូលព្រៃលាក់ខ្លួននៅព្រៃបិទមាស។ កងចល័តត្រូវអង្គការចាត់តាំងឲ្យរុកព្រៃបីថ្ងៃ។ ពេលព្រលឹមឡើង មេកងបានហៅប្រជុំមុនចេញដំណើររុកព្រៃ។ ខ្ញុំមិនចង់ទៅរុកព្រឹកព្រៃទេ ព្រោះព្រៃនោះក្រាស់លំបាករកណាស់ ខ្ញុំក៏ធ្វើពុតជាឈឺ។ ខ្ញុំបានប្រាប់មេកងថា ខ្ញុំឈឺក្បាល ខ្ញុំមិនអាចទៅរុកព្រៃបានទេ។ មេកងព្រមអនុញ្ញាតឲ្យខ្ញុំសម្រាក។ ករណីតាមចាប់យោធានេះ ធ្វើឱ្យខ្ញុំកាន់តែមើលឃើញគុកឥតជញ្ជាំងរបស់ខ្មែរក្រហម។ អ្នកដែលប្រឆាំងឬមិនចង់រស់នៅក្រោមការដឹកនាំរបស់ខ្មែរក្រហម គឺត្រូវបានអង្គការចាត់ទុកជាខ្មាំងហើយត្រូវតាមចាប់ឲ្យទាល់តែបាន។ នៅចុងឆ្នាំ ១៩៧៧ ឪពុកកូនទាំងពីរនាក់នោះត្រូវបានយោធាដែលមានការសហការជាមួយប្រជាជននិងកងចល័តចាប់បាន។ នេះធ្វើឲ្យខ្ញុំដឹងថាយើងរឹតតែមិនអាចប្រឆាំងជាមួយអង្គការបាន។
* សំនៀងសង្គមចាស់ :
នៅរដូវចម្រូតនាដើមខែវិច្ឆិកាឆ្នាំ ១៩៧៧ ប្រធានកងបានចាត់ឲ្យខ្ញុំកាប់មេឃឈើធ្វើស្លាបកណ្ដៀវ។ រសៀលនោះខ្ញុំកំពុងរកកាប់ឈើក្នុងព្រៃតារាមតែម្នាក់ឯង ស្រាប់តែឮសំឡេងនារីម្នាក់ច្រៀងចម្រៀងពីសង្គមចាស់របស់អ្នកនាងរស់សិរី សុទ្ធា ថា “ភូមិត្រពាំង​សាបកុលាបរោយស្វិត ឱព្រហ្មលិខិតប្រហារខ្ញុំទៅ” ។ សំនៀងនេះ ប្រហែលជាអត្ថន័យនៃជីវិតរបស់នារីម្នាក់នោះដែលកំពុងតែជួបប្រទះហើយ។គ្រាន់តែផុតកន្ទុយសំឡេងភ្លាម ខ្ញុំក៏ស្រែកច្រៀងបទលោក ស៊ិន ស៊ីសាមុត តបទៅវិញថា ” រៃអើយកុំយំឲ្យខ្ញុំទឹកភ្នែក តឹងទ្រូងស្ទើរបែករំលែកទុក្ខផង”…។ ខ្ញុំហាក់ឆ្លើយតបយ៉ាងលឿនហើយអត្ថន័យនៃបទចម្រៀងក៏បង្ហាញពីទុក្ខសោកដែលខ្ញុំជួបប្រទះខ្លះៗដែរ។ នារីអ្នកច្រៀងនោះក៏ស្រែកថា យើស! ហើយខ្ញុំក៏ដើរចេញពីទីនោះយ៉ាងលឿន ព្រោះខ្លាចគេដឹងថា ខ្ញុំជាអ្នកច្រៀងនាំឲ្យមានរឿងមិនល្អដល់ខ្លួន។
* អាពាហ៍ពិពាហ៍មិនស្គាល់គូ:
ដំណឹងស្ដីពីការរៀបការជាក្រុមបានឮផ្សព្វផ្សាយក្នុងជួរកងចល័តនិងសហករណ័តាំងពីដើមខែតុលាឆ្នាំ ១៩៧៨។ យុវជននៅលីវជាច្រើនដូចជាជ្រួលច្របល់ខ្លាចឱកាសនេះកន្លងផុតទៅ។ ខ្ញុំបបួលមិត្តរបស់ខ្ញុំបីនាក់ទៀតគឺមិត្តយឿ មិត្តយឿន និងមិត្តលី សន្យាគ្នាថាកុំទាន់យកប្រពន្ធ។ ពួកយើងបានសន្យាជាមួយគ្នា តែកិច្ចសន្យារវាងពួកយើងទាំងបួននាក់ត្រូវរបេះម្ដងមួយៗហើយទីបំផុតនៅសល់ខ្ញុំម្នាក់ដែលកំពុងរារែករៀបការ។មិនយូរប៉ុន្មាន មិត្តរបស់ខ្ញុំមានគូរៀងខ្លួន ហើយខ្ញុំនៅតាំងចិត្តថានៅលីវមួយរយៈសិន។ ដោយសារពុកម៉ែនិងបងៗរបស់ខ្ញុំលួងលោមញយដងពេក ខ្ញុំក៏ទន់ចិត្តព្រមឲ្យគាត់រកប្រពន្ធឱ្យខ្ញុំ។ ដំណឹងល្អក៏បានឮដល់ត្រចៀកខ្ញុំ គឺខាងនារីគេយល់ព្រមរៀបការជាមួយខ្ញុំ។ប៉ុន្តែ ប្រហែលជាបីថ្ងៃក្រោយមកបែរជាឮដំណឹងអាក្រក់ថាខាងស្រីគេផ្ដាច់ទំនាក់ទំនងមិនរៀបការជាមួយខ្ញុំវិញ។ ពេលកំណត់ថ្ងៃរៀបការជាក្រុមកាន់តែខិតជិតមកដល់ មិត្តភក្កិរបស់ខ្ញុំចេះតែឌឺដងដាក់ខ្ញុំ។ ល្ងាចមួយខ្ញុំទៅលេងផ្ទះ ម៉ែរបស់ខ្ញុំប្រាប់ថាប្រធាននារីភូមិលើកកូនក្រមុំឲ្យឯងបើឯងព្រមគេធានាសុំច្បាប់ការលើគេទាំងអស់ តែខ្ញុំបដិសេធដាច់ខាត។ ថ្ងៃទី ២៥ ខែតុលាឆ្នាំ ១៩៧៨ ជាថ្ងៃកំណត់រៀបការហើយខ្ញុំសង្ឃឹមថា នឹងរួចផុតពីចំណងនេះ។ ស្រាប់តែនៅថ្ងៃ ២២ ខែតុលាបងស្រីរបស់ខ្ញុំមកប្រាប់ខ្ញុំថានារីដែលផ្ដាច់ពាក្យពីខ្ញុំវិញនោះឥឡូវគេឲ្យយើងចូលស្តីដណ្ដឹងម្ដងទៀតហើយ គេឈប់ប្រកែកហើយ។ ខ្ញុំដកដង្ហើមធំមិនដឹងគិតដូចម្ដេចហើយទីបំផុតខ្ញុំក៏យល់ព្រម ព្រោះអាណិតពុកម៉ែ។ ថ្ងៃទី២៤ ខែតុលា បងឈិន មកយកបញ្ជីឈ្មោះអ្នកដែលត្រូវរៀបការមកពិនិត្យ។ គាត់ភ្ញាក់ផ្អើលដោយឃើញឈ្មោះខ្ញុំត្រូវរៀបការដែរ។ គាត់បង្អាប់លេងសើចជាមួយខ្ញុំយ៉ាងខ្លាំងដោយសារខ្ញុំធ្លាប់ប្តេជ្ញាថាមិនទាន់ចង់រៀបការ។ ខ្ញុំសើចរួចក៏ដើរចេញទៅ។ ល្ងាចនោះខ្ញុំទៅដេកផ្ទះតែខ្ញុំមិនទៅហូបបាយនៅរោងបាយរួមទេ។ យប់បន្តិចម៉ែរបស់ខ្ញុំបានយកបាយមកហើយខ្ញុំហូប។ ខ្ញុំហូបបាយរួចចូលដេកដោយមិនទាន់នឹងងូតទឹកផង។ យប់នោះខ្ញុំដេកមិនសូវលក់នឹកគិតពីគូដណ្ដឹងដែលត្រូវរៀបការនៅថ្ងៃស្អែក។ ថ្វីបើយើងរស់នៅភូមិជាមួយគ្នា តែខ្ញុំមិនស្គាល់នាងទេ ព្រោះខ្ញុំឃើញនាងតាំងតែពីនៅតូច។ ពេលធំឡើងមិនដែលជួបនាងម្ដងណាសោះមិនដឹងថា នាងមានមុខមាត់រាងរៅពណ៌សម្បុរដូចម្ដេចឡើយ។ ថ្ងៃទី ២៥ ខែតុលាខ្ញុំដេកដល់ថ្ងៃរះ។ ម៉ែរបស់ខ្ញុំបានដាស់ខ្ញុំឲ្យងូតទឹករួចនាំទៅកាត់សក់។ ខ្ញុំស្លៀកខោពណ៌ខ្មៅពាក់អាវពណ៌ខៀវចាស់ដែលម៉ែលាក់ទុកយូរហើយមើលទៅដូចជាហ៊ឺហាជាងគេបន្តិច។ ខ្ញុំទៅដល់រោងពិធីក្រោយគេ។ ខ្ញុំមើលទៅតុគណៈអធិបតីប្រទះភ្នែកជាច្រើនគូ កំពុងសម្លក់សម្លឹងមកខ្ញុំដែលនាំឲ្យយឺតកម្មវិធីដល់គេ។ ក្នុងចំណោមគូស្រករ។ទាំង២៧ គូពួកគេអង្គុយតាមគូគេអស់ទៅហើយ នៅសល់តែខ្ញុំរកគូមិនឃើញសោះ ទើបមានអ្នកមកដឹកដៃខ្ញុំទៅដាក់ទើបខ្ញុំរកឃើញគូ។ ពិធីនេះមានការចូលរួមពីប្រធានកងចល័តតំណាងឃុំសំបួរ តំណាងឃុំស្មោងខាងត្បូងកងចល័ត និងប្រជាជនក្នុងឃុំសំបួរដែរ។


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print