ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះខាងសិចស៊ីកញ្ញា ពេជ្រ អាវីហ្សាបានបង្ហាញសាក់ខ្នងថ្មីដែលតារាស្រីខ្មែរមិនធ្លាប់បានសាក់។ ទោះជាយ៉ាងណាទម្រង់សាក់ខ្នងនេះគឺគេធ្លាប់បានឃើញតារាសម្តែងស្រីថៃជាច្រើនបានសាក់ដោយគ្រូអាគមដ៏ល្បីល្បាញរបស់ប្រទេសថៃ ដែលសូម្បីតែតារាសម្តែងលំដាប់ហូលីវូដគឺកញ្ញា អេនជីលីណា ជោលី ក៏ឲ្យគ្រូអាគមខាងលើនេះសាក់ឲ្យដែរ។
ការសាក់រូបលើដងខ្លួនបានក្លាយជាការពេញនិយមមួយសម្រាប់តារាកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ។ ទោះជាយ៉ាងណាការសាក់យ័ន្តគាថា បែបអបិយជំនឿមិនមានច្រើនទេសម្រាប់តារាកម្ពុជា។ កញ្ញា ពេជ្រ អាវីហ្សា ទើបតែសាក់មន្តអាគមលើក្រោយខ្នងនៃស្មាខាងឆ្វេងរបស់ខ្លួន ដែលគេដឹងថាគឺជាទម្រង់សាក់ដែលតារាថៃនិងតារាហូលីវូដធ្លាប់បានធ្វើដោយពួកគេមានជំនឿទៅលើគ្រូអាគមមួយថានឹងអាចឲ្យការងារសិល្បៈរបស់ពួកគេកាន់តែរីកចម្រើន។ តារាស្រីដែលល្បីទើបចែកផ្លូវគ្នា ជាមួយប្អូនថ្លៃឧកញ៉ាល្បីឈ្មោះម្នាក់រូបនេះបានឲ្យដឹងថា នាងបានសាក់មន្តអាគមក្រោមស្មាខាងឆ្វេងគឺជារូបយន្តថ្លៃសាក់ ប្រហែលជាង៣០០ ដុល្លារ ដោយអញ្ជើញគ្រូនោះឡើងពីភ្នំមកសាក់តែម្ដង។ មូលហេតុដែលនាំឲ្យ ពេជ្រ អាវីហ្សា សម្រេចចិត្តសាក់ដូចរូបខាងលើ ក៏ព្រោះតែនាងមានជំនឿ ហើយម្យ៉ាងរូបសាក់នោះ ក៏មានភាពទាក់ទាញផងដែរ។
ពេជ្រ អាវីហ្សា បញ្ជាក់ថា គ្រូដែលសាក់ឲ្យនាងគឺជាគ្រូសាក់ជនជាតិថៃដ៏ល្បីដែលគាត់បានតាំងសមាធិនៅលើខ្នងភ្នំមួយនៃប្រទេសថៃ ហើយក៏កម្រនឹងបានសាក់ឲ្យអ្នកមានជំនឿណាស់។ នាងថា គ្រូមន្តអាគមនេះបានចុះពីលើភ្នំហើយបានសាក់និងប្រសិទ្ធីឲ្យនាងនៅទីក្រុងបាងកកប្រទេសថៃកាលពីប៉ុន្មានខែមុននេះ។ នាងថា ការសម្រេចចិត្តសាក់នេះព្រោះតែនាងមានជំនឿទៅលើការសាក់នេះខ្លះដែរហើយស្របពេលដែលល្បីគ្រូសាក់នេះពូកែស័ក្កិសិទ្ធិក៏ព្យាយាមទៅជួបនឹងសុំពេលឲ្យលោកគ្រូរូបនេះសាក់ឲ្យ។ នាងថាសម្រាប់តម្លៃសាក់មិនថ្លៃប៉ុន្មានទេតែការជួបគាត់គឺជាការពិបាក។ នាងថា កន្លងមកនាងធ្លាប់បានដឹងថា តារាសម្តែងថៃ និងតារាបរទេសជាច្រើនពឹងឲ្យគ្រូវេទមន្តម្នាក់នោះសាក់ឲ្យ ហើយការងារពួកគេកាន់តែរីកចម្រើនខ្លាំងមិនគួរឲ្យជឿទើបនាងសាកល្បង។ នាងទទួលស្គាល់ថា ក្រោយពេលសាក់នាងហាក់មានយឺអ៊ុនឡើងជាងមុនបន្តិតទាំងការងារសិល្បៈ និងរឿងស្នេហា។ ទោះជាយ៉ាងណានាងមិនបញ្ជាក់លម្អិតអំពីរឿងទាំងនេះទេ។ នាងបន្តទៀតថា ការសាក់នេះនឹងហុចផលយ៉ាងមានប្រសិទ្ធភាពប្រសិនបើធ្វើទៅតាមត្រណមគ្រូដែលបានហាមមានដូចជាទទួលទានស្រា លេងល្បែង សេពគ្រឿងញៀន និយាយកុហក និងយកប្ដីគេជាដើម។
ចំពោះតំណមដែលគ្រូបង្គាប់ដូចបានរៀបរាប់ខាងលើ អាវីហ្សា ថា ប្រសិនបានបើធ្វើបាន១០០ភាគរយ និងមានបារមីតាមជួយលើករាសីជាក់ជាមិនខាន។ តែបែបនេះក្ដីនាងថា ប្រហែលជាមិនអាចធ្វើតាមបានទាំងអស់ឡើយ ជាពិសេសរឿងពិសាគ្រឿងស្រវឹងជាដើម ត្បិតអី ជាអ្នកសិល្បៈឧស្សាហ៍មានកម្មវិធីជួបជុំច្រើន។
តាមការលើកឡើងនៅលើដងខ្លួនរបស់ ពេជ្រ អាវីហ្សា មានស្នាមសាក់រហូតដល់ទៅ៣កន្លែងឯណោះ ២កន្លែងទៀតមាននៅជើងខាងស្ដាំ ដោយនាងសាក់ឈ្មោះខ្លួនឯង និងមួយកន្លែងទៀត នៅកដៃស្ដាំ សាក់ជារូប ជីងចក់ ជាដើម។ ទោះជាយ៉ាងណានាងមិនមានបំណងចង់សាក់នូវផ្នែកណាមួយនៃរូបរាងកាយនៅឡើយខណៈដែលនាងមានស្នាមសាក់ច្រើនគួរសមហើយដែរ៕
ដោយ៖ វឌ្ឍនា