ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៏ថា អគារបេតុង ១ខ្នង មាន ២បន្ទប់ នៅមណ្ឌលសុខភាពឃុំមុខដា ដែលត្រូវបើកការដ្ឋាន សាងសង់នាពេល នេះ គឺទុកជាសម្បត្តិរួមសម្រាប់ប្រើប្រាស់បម្រើសេវាសុខភាព ជូនបងប្អូនប្រជាបលរដ្ឋទូទៅដែលគាត់មកទទូលសេវា។
ការមានប្រសាសន៍បែបនេះ ធ្វើឡើង នាព្រឹកថ្ងៃទី៤ខែមេសាឆ្នាំ២០២៥ ក្នុងពិធីបើកការដ្ឋានសាងសង់អគារបេតុង ១ខ្នង ២បន្ទប់នៅមណ្ឌលសុខភាពឃុំមុខដា និងផ្សព្វផ្សាយគោល យោងបាយភូមិឃុំមានសុវត្ថិភាពនៅឃុំមុខដាស្រុករមាសហែក ក្រោមការចូលរួមពីសំណាក់ លោកថោង អ៊ំសុធា អនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងលោក ជៃ អ៊ិត មេឃុំមុខដាផងដែរ។
ក្នុងឪកាសនោះដែរ លោក ថោង អ៊ំសុធា អនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានណែនាំ ដល់ក្រុមគ្រូពេទ្យទាំងអស់ដែលប្រចាំការនៅមណ្ឌលសុខភាពមុខដា នេះ ត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាលសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ ទទួលខុសត្រូវខ្ពស់ចំពោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់មកទទួលសេវានៅមណ្ឌលសុខភាពយើងនេះ ។
លោក ស៊ូ ម៉ុល អភិបាលស្រុកក៏បាន ជំរុញដល់ មេឃុំ ទាំង១៦ ត្រូវបន្តសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងមូលដ្ឋាន ចុះធ្វើការអប់រំផ្សព្វផ្សាយឲ្យបានញឹកញាប់ អំពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។
លោក អភិបាលស្រុក ក៏បាន ជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមនាពេលនេះ សូមមានសុខភាព ល្អ ក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខិតជិតមកដល់នាថ្ងៃខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា យោងតាមសេចក្តីណែនាំស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ មានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖ ១- ត្រូវយកចិត្តទុកដាក់ផ្តល់អាទិភាពក្នុងការរៀបចំអនុវត្តផែនការសកម្មភាព និងផែនការថវិកា ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ស្របតាមសៀវភៅណែនាំ ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលបានដាក់ចេញដោយ ក្រសួងមហាផ្ទៃ។២- គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវពិនិត្យមើលឡើងវិញ និង ពង្រឹងការបំពេញតួនាទីភារកិច្ចនៃលេខាធិការដ្ឋានរបស់ខ្លួន។ ក្នុងនោះត្រូវរៀបចំឱ្យមាន ចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នៅ តាមឃុំ សង្កាត់ជារៀងរាល់ ត្រីមាសនីមួយៗត្រូវធ្វើវេទិកាសាធារណៈដើម្បីរកឱ្យឃើញនូវបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជា ពលរដ្ឋឱ្យបានសមស្របត្រូវយកចិត្តទុកដាក់អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រមសីលធម៌ដល់មន្ត្រីមូលដ្ឋានជា- ពិសេសអង្គទាំងប្រាំរួមមានៈ មេឃុំ-ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ-សង្កាត់ ប្រធានមណ្ឌលសុខភាព និងមេភូមិ ។៣-ត្រូវលើកកម្ពស់ការផ្សព្វផ្សាយអំពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ រាជរដ្ឋាភិបាលឱ្យបានយល់ដឹង ជ្រួតជ្រាបដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ព្រមទាំងអង្គ ការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីចូលរួមអនុវត្ត។៤- រៀងរាល់ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំត្រូវធ្វើការប្រជុំបូកសរុប វាយតម្លៃលទ្ធផលការងារ ដោយ ចាំបាច់ត្រូវមានការចូលរួមពីប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធ រួចត្រូវធ្វើរបាយ ការណ៍មកក្រសួងមហាផ្ទៃ តាមរយៈលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។