ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន ជាក់ស្ដែងឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ និងរឹបអូសបានថ្នាំញៀនជិត ៤គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ យកមកសាកសួររហូតឈានដល់បញ្ចប់នីតិវិធី និងត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
ក្នុងប្រតិបត្តិការនោះ អនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន
គួររម្លឹកថា កម្លាំងការិយាល័យ (ក១) ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ហុង វណ្ណរិទ្ធ នាយករងមន្ទីរ កាលថ្ងៃទី២១ និង២២ ខែមីនា ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន នៅគោលដៅចំនួ៤ទីតាំង ក្នុងរាជធានីភ្នំពេញ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន១នាក់ ជាជនជាតិចិនតៃវ៉ាន់ ព្រមទាំងរឹបអូសបានគ្រឿងញៀនសរុបទម្ងន់ ៣គីឡូ ៩៥៥.៧៨ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ត្រៀមបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕ដោយ៖តារា