ខេត្តតាកែវ៖ កាលពីពេលថ្មីៗនេះ លោក ប៊ុន បូរិន្ទ ប្រធានមន្ទីរសង្គមកិច្ច អតីត យុវជន និងយុវនីតិសម្បទាខេត្តតាកែវបានព្យាយាមលាក់បាំងព័ត៌មានរឿងអនុប្រធាន មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តតាកែវរឿងប្រើអំពើហិង្សាមកលើរូបលោកមកលើ រូបលោកបណ្ដាលឲ្យមានរបួសធ្ងន់ ។
តាមសាក្សីដែលបានឃើញហេតុការណ៍ ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ លោក ប៊ុន បូរិន្ទ បានទៅចូលរួមផឹកស៊ីនៅផ្ទះកូនចៅរបស់លោកមួយកន្លែងនៅ កណ្ដាលក្រុងដូនកែវក្នុងនោះក៏មានវត្តមានលោក ឈាត តូនី អនុប្រធានមន្ទីរឧស្សាហ កម្មនិងសិប្បកម្មផងដែរ ។
សាក្សីបន្ដទៀតថា ក្រោយពេលផឹកស៊ីសប្បាយអឺងកងមួយសន្ទុះមកស្រាប់តែ លោក ប៊ុន បូរិន្ទ ប្រធានមន្ទីរសង្គមកិច្ចបាន ទាស់ពាក្យសម្ដីជាមួយនឹងលោក ឈាត តូនី អនុប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មហើយក៏មានការជជែកគ្នាតឹងសរសៃ ករហូតដល់វាយតប់គ្នាបណ្ដាលឲ្យលោកប្រធានមន្ទីរសង្គមកិច្ចរងរបួសធ្ងន់តែម្តង។
ជុំវិញករណីខាងលើលោក ប៊ុន បូរិន្ទ ប្រធានមន្ទីរសង្គមកិច្ចបានឲ្យដឹងថា លោក មិនបានត្រូវលោកឈាត តូនី វាយតប់ឲ្យ មានរបួសស្នាមអ្វីនោះទេគ្រាន់តែផឹកស៊ីស្រវឹងនិងជជែកដាក់គ្នាខ្លាំងៗប៉ុណ្ណោះ។
ចំណែកលោក ឈាត តូនី អនុប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មបានឲ្យដឹងថា ពិតជាមានរឿងនេះកើតឡើងមែនតែភាគីទាំងសងខាងកំពុងតែព្យាយាមសម្រប សម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះប្រជាពល រដ្ឋនិងមន្រ្តីរាជការមួយចំនួនបានរិះគន់ខ្លាំងៗ ថា ភាគីបង្កជម្លោះខាងលើសុទ្ធតែជាមន្រ្តីថ្នាក់ដឹកនាំបែរជាអសីលធម៌បានផឹកស៊ីបង្ក ជម្លោះធ្វើឲ្យអាម៉ាស់ដល់អង្គភាព ៕
ដោយ៖ ជីសូរកា