ខេត្តត្បូងឃ្មុំៈ នៅថ្ងៃនេះ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តត្បូងឃ្មុំរួចមក សម្តេចតេជោមានភ័ព្វសំណាងបានជួបលោកយាយម្តាយធម៌ឈ្មោះលោក យាយ អ៊ី ស័រ អាយុ៨៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិ តាហៀវលើ ឃុំកោងកាង ស្រុក ពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ លោកយាយធ្លាប់បានផ្តល់ផ្ទះស្នាក់នៅដល់ សម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ឋបណ្ឌិត ក្រោយពីសម្តេចទាំងទ្វេទើបបានរៀបការរួចថ្មីៗនៅក្នុងជំនាន់ប៉ុលពតនាឆ្នាំ ១៩៧៦។
ចំណែកលោកយាយវិញ នៅពេលដឹងថា សម្តេចតេជោ អញ្ជើញមកកាន់ខេត្តត្បូងឃ្មុំ គឺលោកយាយបានមកអង្គុយឃ្លាំចាំនៅក្លោងទ្វារចូលមន្ទីរខេត្តដោយទទូចប្រាប់អ្នកយាមថាគាត់ចង់ជួបសម្តេចខ្លាំងណាស់។សួរថាតើលោកយាយចង់ជួបសម្តេចមានបញ្ហាអ្វី? គាត់ឆ្លើយថាចង់ជួបសម្តេចចុងក្រោយ ព្រោះសម្តេចធ្លាប់មកស្នាក់នៅក្នុងផ្ទះគាត់ពីជំនាន់ប៉ុលពត។ អ្នកដែលបានស្តាប់សំដីលោកយាយហើយ គឺពុំមានអ្នកណាជឿគាត់ឡើយ។ ក្រុមការងារបានថតរូបគាត់ និងបានបញ្ជូនទៅកាន់សម្តេចតេជោដែលសម្តេចបានការបញ្ជាក់ច្បាស់ថា លោកយាយគឺពិតជាធ្លាប់បានផ្តល់ផ្ទះស្នាក់នៅដល់សម្តេចទាំងទ្វេពិតប្រាកដមែនក្នុងជំនាន់ប៉ុលពតពេលទើបរៀបការរថ្មីៗ។ សម្តេចតេជោ នៅចងចាំបានទាំងអស់ គឺនៅពេលនោះសម្តេច និងសម្តេចគតិបានជិះរឺម៉កម៉ូតូហើយកង់ម៉ូតូក៏បានបែកនៅមុខផ្ទះលោកយាយ អ៊ី ស័រ តែម្តង។ សម្តេចតេជោ បានឈប់សុំផ្ទះលោកយាយសំរាក១យប់ពិតប្រាដមែន។ សម្តេចតេជោ នៅចងចាំបានទាំងអស់មគទល់ថ្ងៃនេះ គឺតាំងពីសំបកផ្ទះ និងគ្រែខាងក្នុងផ្ទះជាដើមដែលនៅរក្សាសភាពដូចដើម។
ជាការឆ្លើយតបស្នងចំពោះគុណលោកយាយម្តាយធម៌ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកលេងផ្ទះលោកយាយ និងបានឃើញផ្ទះ និងគ្រែដែលសម្តេចធ្លាប់បានស្នាក់នៅមួយពេលក្នុងជំនាន់ប៉ុលពជាមួយភរិយា ។ សម្តេចតេជោ ហ៊ុន សែន បានសំរេចសង់ផ្ទះទេវតាមួយខ្នងជូនលោកយាយ និងឧបត្ថម្ភថវិកាចិញ្ចឹមលោកយាយម្តាយធម៌អស់មួយជីវិត មិនអោយលោកយាយពិបាកទៀតឡើយ។ ជាមួយ គ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនដល់ប្រជាពលរដ្ឋក្នុងភូមិនេះចំនួន ១០២ គ្រួសារទៀតផង៕
ដោយ សីលា