ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញមុខជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋានស្រុកថ្មគោល ក្រោយឃាត់ខ្លួនបានពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន យកមកសាកសួររហូតបញ្ចប់នីតិវិធី កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ និងត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដេីម្បីចាត់ការតាមច្បាប់។
ជាក់ស្ដែងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការអនុញ្ញាតពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងលោក កើត វណ្ណារ៉េតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមនឹងវត្ថុតាងជាគ្រឿងញៀនមួយចំនួនផងដែរ។
ជនសង្ស័យទាំងពីរនេះ ទី១-ឈ្មោះ បូ ហុក ហៅ បូ ភេទប្រុស អាយុ៥៥ឆ្នាំមានទី លំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី២-ឈ្មោះ ថា ថេន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៥ថង់ ទម្ងន់៧៥១,៥៩ក្រាម (ថ្នាំសុទ្ធ) ។ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿងថង់ប្លាស្ទិកតូចៗពណ៌សថ្លាមួយចំនួន ។ ទូរស័ព្ទដៃចំនួន០៥គ្រឿង (ចាស់) និងរថយន្តចំនួន០១គ្រឿង ម៉ាកTOYO TA CAMRY ពណ៌ស ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ថា ថេន មានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងខេត្តបាត់ដំបង លេខ ១២៧តព្រះ ចុះថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៥ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តបាត់ដំបង និងចំណុចភូមិភ្នំសំពៅជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ។
ជនសង័្សយនិងវត្ថុតាង បច្ចុប្បន្ននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ កំពុងត្រៀមបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបាត់ដំបង ដេីម្បីអនុវត្តតាមច្បាប់៕ដោយ៖តារា