ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានចំនួន៣០០នាក់បន្ថែមទៀតសម្រាប់ បំពេញក្របខណ្ឌឱ្យកងឯកភាព បញ្ជាការដ្ឋានទ័ពអាកាស, កងឯកភាពចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន, មជ្ឈមណ្ឌលនៃកងយោធពលខេមរភូមិន្ទ ចំណុះមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក និង វិទ្យាស្ថានបញ្ជាការសេនាធិការ។
បើយោងតាមសេចក្តីសម្រេចនៃរដ្ឋាភិបាលកម្ពុជា ស្តីពីការជ្រើសរើសពលទាហាន បានឱ្យដឹងថា រដ្ឋាភិបាលអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសពលទាហានចំនួន ៣០០ នាក់ សម្រាប់បំពេញឱ្យកងឯកភាព ៤ធំៗ ដែលក្នុងនោះរួមមាន បញ្ជាការដ្ឋានកងទ័ពជើងអាកាសចំនួន១០០នាក់ កងឯកភាពចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ចំនួន ១៥០នាក់ មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ចំណុះមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ចំនួន៣០នាក់ និងវិទ្យាស្ថានបញ្ជាការសេនាធិការ ចំនួន ២០នាក់។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធត្រូវ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សិលា