ភ្នំពេញ៖ នៅត្រីមាសទី១ ដើមឆ្នាំនេះ តម្លៃជ័រកៅស៊ូមានតម្លៃ ១៩២៣ ដុល្លារ ក្នុងមួយតោនឡើងថ្លៃ ៤៧៤ ដុល្លារក្នុងមួយតោន។ នេះបេីយោងតាមការបញ្ជាក់ពីលោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ កម្ពុជារកចំណូលបានជិត ១១៥ (១១៤,៩) លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅត្រីមាសទី១ ឆ្នាំ ២០២៥ កើនឡើង ១៤,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភពដដែលបង្ហាញថា គិតចាប់ពីខែមករា-មីនា ឆ្នាំ ២០២៥ កម្ពុជានាំចេញកៅស៊ូចំនួន ៥៩ ៧៥៤ តោន ធ្លាក់ចុះ ១៣,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាមនាយកប្រតិបត្តិក្រុមហ៊ុន Sailun លោក គឹន ឧត្តមមុនីស៊ីណាត បានលើកឡើងថា វត្តមានរោងចក្រផលិតសំបកកង់រថយន្តធំៗ បានធ្វើឱ្យដំណាំកៅស៊ូនៅកម្ពុជាកាន់តែរីកដុះដាលនៅពេលអនាគត ជាពិសេសនឹងជួយរក្សាបានលំនឹងទីផ្សារនៃអនុវិស័យមួយនេះ និងទាក់ទាញការវិនិយោគ។
លោកស៊ីណាត អះអាងថា នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន Sailun គ្រោងប្រើប្រាស់កៅស៊ូក្នុងស្រុករហូតដល់ ១០ ម៉ឺនតោន បន្ទាប់ពីរោងចក្ររបស់លោកបានប្រើប្រាស់ចំនួន ៥ ម៉ឺនតោនកាលពីឆ្នាំមុន។
លោក គឹន ឧត្តមមុនីស៊ីណាត បញ្ជាក់ថា៖ «ប្រជាពលរដ្ឋដែលចង់ដាំកៅស៊ូមិនទាន់ហួសពេលទេ គ្រាន់តែវត្តមានរោងចក្រផលិតសំបកកង់រថយន្ត Sailun ចំនួន ៣ បច្ចុប្បន្នការផ្គត់ផ្គង់នៅខ្វះ ចុះទម្រាំតែរោងចក្រទាំង ៣ នោះគាត់ផលិតពេញបន្ទុក អាចនិយាយបានថា តម្រូវការ វាមិនមែនត្រឹមតែ ១០ ម៉ឺនតោន ហ្នឹងទេ តម្រូវការវាអាចនឹងលើសហ្នឹងទៅទៀត»។
លោកបន្តថា ថ្មីៗនេះមានរោងចក្រមួយទៀត កំពុងតែសាងសង់ ដែលបោះទុនវិនិយោគរហូតដល់ ៥០០ លានដុល្លារ បន្ថែមទៀត និងមានរោងចក្រ ២ ទៅ៣ បន្ថែមទៀត នៅពេលដែលរោងចក្រទាំងនេះ សាងសង់រួចរាល់ នឹងស្រូបទាញជ័រកៅស៊ូបន្ថែមទៀតដែលទាមទារឱ្យកសិករត្រូវតែដាំបន្ថែមទៀត។ លោកបន្ថែមថា វត្តមានរោងចក្រធំៗនៅស្រុកខ្មែរ មិនត្រឹមតែជួយដំណាំកៅស៊ូដែលមានបច្ចុប្បន្ននេះទេ វានឹងជួយឱ្យដំណាំកៅស៊ូនៅស្រុកខ្មែររីដុះដាលច្រើនជាងហ្នឹងហើយ វាអាចនឹងកាត់បន្ថយដីដែលនៅសល់។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប្រាក់ ដាវីដ មានប្រសាសន៍ថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ រោងចក្រ ហើយនឹងបន្តកើនឡើងទៀត។
យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជា នៅក្នុងឆ្នាំ២០២៤កន្លងទៅ បាននាំចេញផលិតផលសំបងកង់រថយន្តមានទឹកប្រាក់ជាង៨៧៤,៦លានដុល្លារកើនឡើងជិត១៣០ភាគរយធៀបនឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់តែជាង៣៨០,៦លានដុល្លារ។
នៅក្នុងឆ្នាំ ២០២៤ ផលិតផលជ័រកៅស៊ូសម្រេចបានជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) កើន ៣,៩៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះនាំចេញបាន ៣៣ ម៉ឺន ៨ ពាន់តោន ដែលនាំឱ្យកម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារ កើន ៣៦,៣៨%។
សូមជម្រាបដែរថា កម្ពុជា មានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា។ នេះបេីយោងតាមប្រភពព័ត៍មានពីយោងតាមអគ្គនាយកដា្ឋនកៅស៊ូ៕ដោយ៖តារា