ខេត្តកំពត ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែតប្រមុខរដ្ឋាភិបាល អះអាងថា រដ្ឋជួយសន្សំសំចៃការចំណាយថវិការបស់ពលរដ្ឋចំនួន១លាន៧សែនដុល្លារ តាមរយៈការបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋទៅមកជាង២ពាន់ជើង ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។
រដ្ឋាភិបាល បានវាយតម្លៃថា ការដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត តាមរយៈរថយន្តក្រុងឥតគិតថ្លៃ នៅក្នុងអំឡុងបុណ្យចូលឆ្នាំ បានជួយសន្សំថវិកាប្រមាណ ១,៧លានដុល្លារ ទុកឱ្យពលរដ្ឋទៅលេងស្រុកកំណើត។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាថ្លែងបែបនេះ ក្នុង ពិធីសម្ពោធដាក់ឱ្យដំណើរការចាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥។
បើតាមប្រមុខរាជរដ្ឋាភិបាល ដែលទទួលបានរបាយការណ៍ពីអភិបាលរាជធានីភ្នំពេញ ពីថ្ងៃទី១២-១៧ ខែមេសា រថយន្តក្រុងឥតគិតថ្លៃ បានដឹកជញ្ជូនពលរដ្ឋ ចំនួន ៨៥ ៨៤៩នាក់ ទៅតាមបណ្តាខេត្ត។ បើគិតជាជើងទៅមក គឺសរុប ២ ២៥១ជើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមដូច្នេះ៖ «បើគិតជា ថវិកាដែលសន្សំ យើងគិតវាយ(តម្លៃ) ម្នាក់ជាមធ្យមថា៨ម៉ឺន(រៀល)ចុះមួយជើង គឺសន្សំ ១លាន ៧សែនដុល្លារ ចូលហោប៉ៅប្រជាពលរដ្ឋ ដើម្បីដើរលេងសប្បាយ។ ពិតណាស់ ! យើងវាយ(តម្លៃ) ៨ម៉ឺន(រៀលក្នុងមួយជើង) កន្លែងខ្លះទៅ ទៅព្រៃវែងអី តិចជាង តែបើទៅបន្ទាយមានជ័យអាច ១០ម៉ឺនអីណោះ។ គេយកមធ្យម តែម្តង។»។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋពីក្រុងភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្តាខេត្តត្រឡប់មកភ្នំពេញវិញ ចាប់ពីថ្ងៃទី១២-១៧ ខែមេសា អំឡុងបុណ្យចូលឆ្នាំខ្មែរ។
នាយករដ្ឋមន្ត្រីកម្ពុជា បានរំលេចថា ៖ គ្មានករណីខ្មែរវាយភ្ញៀវទេសចរណ៍បរទេស ដូចប្រទេសដទៃឡើយ ។
សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា កម្ពុជា គ្មានករណីពលរដ្ឋខ្មែរវាយដំភ្ញៀវទេសរណ៍អន្តរជាតិដែលមកកម្សាន្តដូចប្រទេសដទៃឡើយ។
ជាការកត់សម្គាល់ ការថ្លែងរបស់សម្ដេចធិបតី នាថ្ងៃក្រោយចូលឆ្នាំថ្មីបែបនេះ បន្ទាប់ពីកាលពីមុនពិធីបុណ្យចូលឆ្នាំថ្មី មានការចែកចាយវីដេអូ ជនជាតិថៃព្រួតគ្នាវាយដំភ្ញៀវទេសចរណ៍បរទេស ដែលដើរលេងកម្សាន្តនៅប្រទេសថៃ តាមបណ្ដាញសង្គម ៕
ដោយ ៖ សិលា