អាជ្ញាធរថៃបាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យចំនួន 4 នាក់មកពីក្រុមហ៊ុនសំណង់ដែលទទួលខុសត្រូវលើការសាងសង់អាគារខ្ពស់ដែលបានដួលរលំនៅទីក្រុងបាងកកអំឡុងពេលរញ្ជួយដីដែលបានសម្លាប់មនុស្សរាប់សិបនាក់កាលពីខែមុន។
អគារកម្ពស់ 30 ជាន់ ដែលត្រូវបានគ្រោងទុកធ្វើជាផ្ទះភ្នាក់ងាររដ្ឋាភិបាល គឺជាគម្រោងសាងសង់ដ៏សំខាន់តែមួយគត់ដែលបានដួលរលំនៅក្នុងទីក្រុងបាងកក ដោយសារតែផលប៉ះពាល់នៃការរញ្ជួយដីកម្រិត 7.7 រិចទ័រ ដែលបានអង្រួនប្រទេសជិតខាងមីយ៉ាន់ម៉ាកាលពីថ្ងៃទី 28 ខែមីនា។
យោងតាមអាជ្ញាធរថៃ មនុស្ស៤៧នាក់បានស្លាប់នៅការដ្ឋានសំណង់ ខណៈ៤៧នាក់ផ្សេងទៀតបាត់ខ្លួន ។ អាជ្ញាធរថៃបានបើកការស៊ើបអង្កេតលើក្រុមហ៊ុនសំណង់ដែលពាក់ព័ន្ធបន្ទាប់ពីសង្ស័យថាដែកដែលប្រើសម្រាប់គម្រោងមិនបានតាមស្តង់ដារ។
គម្រោងនេះស្ថិតនៅជិតផ្សារ Chatuchak ដ៏ល្បីល្បាញរបស់ទីក្រុងបាងកក និងជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន China Railway 10th Engineering Group (Thailand) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្មវិស្វកម្មផ្លូវដែកចិន (CREC) ដែលជាអ្នកម៉ៅការផ្នែកវិស្វកម្ម និងសំណង់ដ៏ធំបំផុតមួយរបស់ពិភពលោក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Tawee Sodsong បាននិយាយថា តុលាការថៃបានចេញសេចក្តីសម្រេចចាប់ខ្លួនមនុស្ស ៤នាក់ ពីក្រុមនេះ ក្រោមការចោទប្រកាន់ពីបទបំពានច្បាប់អាជីវកម្មបរទេស។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះមានជនជាតិថៃបីនាក់ដែលត្រូវបានគេជឿថាមានភាគហ៊ុនចំនួន 51% នៃក្រុមហ៊ុន។ ទោះយ៉ាងណាបើតាមលោក Tawee មានភស្តុតាងបង្ហាញថាពលរដ្ឋថៃទាំងបីនាក់នេះកំពុងកាន់ហ៊ុនក្នុងនាមអ្នកវិនិយោគបរទេស។
អាជ្ញាធរនៅតែស៊ើបអង្កេតការដួលរលំនៃអគារដែលកំពុងសាងសង់នៅទីក្រុងបាងកក រួមទាំងការក្លែងបន្លំការដេញថ្លៃដែលអាចកើតមាន និងការប្រើប្រាស់ហត្ថលេខាក្លែងក្លាយដោយវិស្វករនៅក្នុងកិច្ចសន្យាត្រួតពិនិត្យសំណង់ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Tawee ៕
រូបថត: kyodo