យោងតាម CNA ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅព្រឹកនេះ (ថ្ងៃទី 21 ខែមេសា) ថា ប្រទេសនេះនឹងចាត់វិធានការឆ្លើយតបប្រសិនបើប្រទេសណាមួយស្វែងរកកិច្ចព្រមព្រៀងបែបនេះ។ ក្រសួងក៏បានលើកឡើងអំពីព័ត៌មានដែលថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump កំពុងរៀបចំដាក់សម្ពាធលើប្រទេសផ្សេងទៀតឱ្យរឹតបន្តឹងពាណិជ្ជកម្មជាមួយប្រទេសចិនជាថ្នូរនឹងការលើកលែងពន្ធពីសហរដ្ឋអាមេរិក។
បច្ចុប្បន្ននេះ ខណៈពេលដែលប្រទេសដទៃទៀតនៃពិភពលោកកំពុងប្រឈមនឹងការយកពន្ធ 10% លើការនាំចូលទៅកាន់សហរដ្ឋអាមេរិក ប្រទេសចិនកំពុងប្រឈមមុខនឹងពន្ធរហូតដល់ 145% លើអ្វីៗទាំងអស់ សូម្បីតែ 245% លើផលិតផលមួយចំនួនក៏ដោយ។ ទីក្រុងប៉េកាំងបានឆ្លើយតបទៅនឹងទីក្រុងវ៉ាស៊ីនតោនដោយដាក់ពន្ធនាំចូល 125% លើទំនិញដើមពីសហរដ្ឋអាមេរិក។
ក្រសួងពាណិជ្ជកម្មចិន បាននិយាយថាទីក្រុងប៉េកាំងគោរពដល់គ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈការកិច្ចពិភាក្សាផ្អែកលើគោលការណ៍ស្មើភាព។ ប៉ុន្តែចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ទៅនឹងគ្រប់ភាគីដែលចុះកិច្ចព្រមព្រៀងមួយដែលធ្វើឱ្យចិនខាតបង់។ ក្រសួងពាណិជ្ជកម្មចិនបន្ថែមទៀតថា ប៉េកាំងនឹងចាត់វិធានការវាយបកយ៉ាងម៉ឺងម៉ាត់ ក្នុងករណីដែលប្រទេសណាមួយចុះកិច្ចព្រមព្រៀងរបៀបនេះ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់ក្រសួងពាណិជ្ជកម្មចិន កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិងកំពុងត្រៀមលក្ខណៈដាក់សម្ពាធលើបណ្ដាប្រទេសដទៃឱ្យដាក់កំហិតលើការធ្វើពាណិជ្ជកម្មរបស់ពួកគេជាមួយចិន ជាថ្នូរទៅនឹងការលើកលែងពន្ធគយពីសហរដ្ឋអាមេរិក៕ ដោយធីរីណា
រូបថត: EPA