តើការប្រៀបធៀបរវាងភ្នំនៅស្រុកចិនគេធ្វើចម្ការ តែនៅខ្មែរវាយភ្នំយកថ្ម ជារឿងត្រឹមត្រូវដែរឬទេ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានមតិ មួយចំនួនលើកឡើងថា ភ្នំនៅស្រុកចិន គេទុកសម្រាប់ធ្វើចម្ការ តែនៅខ្មែរ បែរជាវាយភ្នំយកថ្មទៅវិញ ដែលការលើកឡើងបែបនេះ មិនត្រឹមត្រូវនោះទេ ព្រោះថា ប្រទេសណាក៏ដោយ ក៏ត្រូវការប្រើ ប្រាស់ធនធានរបស់ខ្លួនដើម្បីបម្រើដល់ការអភិវឌ្ឍដែរ តែអ្វីដែលសំខាន់គឺត្រូវគិតគូរពីការធានានិរន្តរភាពនៃធនធានទាំងនោះ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំ រថយន្ត Ford ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ករណីនៅប្រទេសចិន ដែលជាប្រទេសអភិវឌ្ឍរីកចម្រើនមួយ គឺទាមទារ ចាំបាច់ណាស់ ក្នុងការប្រើប្រាស់ធនធានធម្មជាតិ ដើម្បីកសាងប្រទេស ព្រោះចិនមិនអាចនាំចូលពី គេសុទ្ធសាធនោះទេ។ ចំពោះករណីនៅសហរដ្ឋអាមេរិក ក៏គេប្រើប្រាស់ធនធានដើម្បីកសាងហេដ្ឋា រចនាសម្ព័ន្ធជាជាងការនាំចូលធនធានពីក្រៅទាំងស្រុងនោះដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការថតរូបភាពភ្នំនៅប្រទេសចិនដែលគេទុកសម្រាប់ធ្វើចម្ការនោះ ជារឿងពិតមែន ប៉ុន្តែក៏មានភ្នំជាច្រើនទៀតដែលប្រទេសចិន បានវាយយកថ្មដើម្បីកសាងប្រទេសគេប៉ុន្តែមិនត្រូវបានថតយកមកផ្សព្វផ្សាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល បានសម្រេចដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនមួយចំនួនដែលវិនិយោគទៅលើការយកថ្មភ្នំ ហើយធ្វើជាតំបន់ទេសចរណ៍ធម្មជាតិវិញ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែមានតម្រូវការយកថ្មភ្នំមួយចំនួនផងដែរ ព្រោះប្រទេសយើង ត្រូវការកសាងនិងអភិវឌ្ឍបន្ថែមទៀត។
ដោយឡែកចំពោះការជម្រុញកំណើនសេដ្ឋកិច្ចជាតិ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសង់ផ្លូវដែកភ្ជាប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរ ដើម្បីសម្រួលដល់ការដឹកជញ្ជូន។

ផ្លូវដែកជាមធ្យោបាយបម្រើដល់ការដឹកជញ្ជូនទាំងអ្នកដំណើរ និងទំនិញដ៏មានគុណតម្លៃមួយ ក្នុង ប្រព័ន្ធដឹកជញ្ជូន។ កម្ពុជា ក៏មានមហិច្ឆតាប្រែក្លាយប្រព័ន្ធផ្លូវដែករបស់ខ្លួនឱ្យកាន់តែល្អប្រសើរផងដែរ ជាពិសេសផ្លូវដែកល្បឿនលឿន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានណែនាំឱ្យសង់ផ្លូវដែកភ្ជាប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីសម្រួលដល់ការដឹកជញ្ជូន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print