ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group ស្នើសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធានាឱ្យមានតុល្យភាពពន្ធអាករ រវាងរថយន្តនាំចូលពីក្រៅប្រទេស និងរថយន្តដំឡើងក្នុងស្រុក។ ប្រធានក្រុមហ៊ុន ស្នើដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

ប្រធានក្រុមហ៊ុន ក៏ស្នើសម្ដេចផ្តល់អាទិភាពដល់រថយន្តដែលបានដំឡើងក្នុងស្រុកនៅក្នុងដំណើរការលទ្ធកម្មសាធារណៈ និងការដេញថ្លៃ (quota)។ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធផ្សេងៗគ្នាទៅតាមទីតាំងរោងចក្រនីមួយៗ, ជាពិសេស រោងចក្រដែលស្ថិត នៅតាមតំបន់ដាច់ស្រយាល។ កែសម្រួលនូវលក្ខណៈវិនិច្ឆ័យនៃការវិនិយោគរោងចក្រដំឡើងរថយន្ត ស្របតាមស្ថានភាពជាក់ស្តែង និងជំរុញការអនុវត្តស្តង់ដាររថយន្ត, ស្តង់ដារប្រេងឥន្ធនៈ និងស្តង់ដារ រោងចក្រដំឡើងរថយន្ត ជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីកខ្សែច្រវាក់ផលិតកម្មថ្មីរបស់ក្រុមហ៊ុន Ford Motor របស់អាមេរិក នៅលើទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមោទនភាពមួយបន្ថែមទៀត សម្រាប់ពលរដ្ឋមូលដ្ឋាននៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសក្នុងការទទួលបានវត្តមានថ្មី បន្ថែមរបស់ឧស្សាហកម្មធុនធ្ងន់ទំនើប ដែលបាននិងកំពុងចូលរួមបង្កើនឱកាសការងារ, កំណើនបៀវត្ស, ការអភិវឌ្ឍធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យា ក្នុងការអនុវត្តការងារផ្ទាល់ នៅក្នុងខ្សែច្រវាក់ផលិតកម្ម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញមោទនភាព និងវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា, ជាពិសេសចំពោះក្រុម ហ៊ុន អន្តរជាតិ RMA Group ជាក្រុមហ៊ុននាំមុខមួយក្នុងការផ្គត់ ផ្គង់ ផលិតផល និងសេវា ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំរបស់អាមេរិក ដែល បាន ផ្តល់ទំនុកចិត្ត និងជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគ របស់ ខ្លួន ដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុក ប្រកបដោយសក្តានុពល យោងទៅលើស្ថានភាពនៃការអភិវឌ្ឍរីកចម្រើន និងកំណើនជីវភាព ជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនយោបាយ លើកទឹកចិត្តដល់អ្នកវិនិយោគបរទេសឱ្យមកផលិតគ្រឿងបង្គុំនៅកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៩។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាប្រើជំហានគីង្គក់ តែកម្ពុជាដើរទៅមុខជានិច្ច។ មិនធ្វើត្រឹមតែផ្នែកកសិកម្មប៉ុណ្ណោះទេ បច្ចុប្បន្នក៏អាចដំឡើងរថយន្តបានផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនប្រកែកនឹងការអញ្ជើញទៅសម្ពោធសមិទ្ធផលនានារបស់វិស័យឯកជននោះឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print