ថ្ងៃមួយ សមមិត្តពក ដែលជាប្រធានតំបន់បានមកទស្សនកិច្ចត្រួតពិនិត្យមើលទៅលើគុណភាពសមិទ្ធផលទំនប់ កៃតា និងសកម្មភាពការងាររបស់កងចល័តនីមួយៗដើម្បីបូកសរុបការងារ។ នៅក្នុងក្រុមរបស់សមមិត្តនារីតឿនខ្ញុំរែកដីពេលថ្ងៃមិនគ្រប់គ្រាន់ ត្រូវបន្តរែកដីដល់ពេលយប់រហូតដល់ម៉ោង ៩ យប់។ ពេលនោះកម្លាំងរបស់ខ្ញុំយ៉ាប់យ៉ឺនស្ទើរតែទ្រាំលែងបានទៅហើយ។ ខ្ញុំមិនដែលឃើញប្រជាជនមូលដ្ឋាន និងប្រជាជនថ្មីឈ្លោះប្រកែកគ្នានោះទេ ព្រោះប្រជាជនម្នាក់ៗ រកតែពេលដេកនិងពេលរហូបសឹងតែមិនបាន។
ថ្ងៃមួយ សមមិត្តស៊ុយ បានដឹងថា មេកងបានចាត់តាំងខ្លួននិងសមមិត្ត ពេន ឲ្យទៅកងចល័តមួយទៀតដែលស្ថិតនៅក្នុងភូមិបន្ទាយមរាជ និងភូមិត្រញ៉ាក។ សមមិត្ត ស៊ុយ បាននិយាយលាទៅកាន់សមមិត្តនៅក្នុងកងចល័តរបស់ខ្លួនថា អ្នកទាំងអស់គ្នា ខ្ញុំលាសិនហើយ យើងមិនដឹងថាតើថ្ងៃណាបានជួបគ្នាវិញទេ។ សមមិត្តនារី សឿន តបទៅវិញថាមិនដឹងយ៉ាងណាទេសមមិត្ត ស៊ុយអើយ ខ្ញុំមិនចង់ឲ្យសមមិត្ត ស៊ុយឯងបែកពីខ្ញុំទេ ព្រោះខ្ញុំមានចិត្តស្រឡាញ់យ៉ាងខ្លាំងអំពីអាកប្បកិរិយាស្លូតបូត សុភាពរាបសាទន់ភ្លន់ណាស់។ ខ្ញុំស្ទើរទប់ទឹកភ្នែកពុំបាន ដោយសមមិត្ត ស៊ុយឯងធ្លាប់ជួយខ្ញុំច្រើនណាស់ ជួយតាំងពីដងទឹកអណ្ដូងឲ្យខ្ញុំងូត ជួយកាច់ឧសបង្កាត់ភ្លើង ជួយលើកដាក់ខ្ញុំពេលដែលខ្ញុំមានជំងឺមិនអាចដើរបាន ដាំបបរឲ្យខ្ញុំហូបបង្កាត់ភ្លើងឲ្យខ្ញុំអាំងពេលរដូវរងាថែមទាំងផ្ញើនំអន្សមឲ្យខ្ញុំហូបទៀត។ សមមិត្ត ស៊ុយ ក៏ឆ្លើយតបទាំងអួលដើមកថា មិត្តនារី សឿនឯងធ្លាប់សួរសុខទុក្ខខ្ញុំអំពីបញ្ហាសុខភាព ធ្លាប់ជួយរកចៃពីក្បាលរបស់ខ្ញុំ ធ្លាប់បញ្ចុកចេកគ្នាលេង ហូ! ច្រើនណាស់រាប់មិនអស់ទេ។ ពេលនោះ សមមិត្តពេន ក៏បានហៅសមមិត្តស៊ុយថា មកមិត្តស៊ុយដល់ពេលវេលាដែលយើងត្រូវចេញដំណើរទៅហើយ។ សមមិត្ត សមមិត្តនារី ខ្ញុំលាសិនហើយមិនដឹងថ្ងៃណាបានជួបគ្នាទៀតទេ។ មិត្តនារីសឿន នៅតែរអ៊ូតិចៗថា “ស្រណោះមិត្ត ស៊ុយ ណាស់មិនដឹងទៅនោះលំបាក ឬស្រួលទេ បើការរស់នៅស្រួលខ្ញុំសប្បាយចិត្ត ខ្ញុំមិនបាននៅជិតពិតជាគ្មានភាពកក់ក្តៅទេមើលទៅ”។
ខ្ញុំធ្វើដំណើរអស់រយៈពេលជិតពីរម៉ោងពីទំនប់ កៃតា មក បន្ទាយយមរាជ។ ស្រាប់តែមកដល់ខ្ញុំឃើញមនុស្សជាច្រើនសុទ្ធតែជាក្រុមកងចល័តស្ទូងស្រូវ និងដឹកសំណាប។ ខ្ញុំចូលទៅដល់ភ្លាមមេកងបានចាត់ឱ្យប្រជាជនថ្មី ធ្វើជាសមាជិកក្រុម។ រីឯប្រជាជនមូលដ្ឋានដូចសមមិត្ត ពេន ធ្វើជាប្រធានក្រុម។ អង្គការហៅសមមិត្តពេន ទៅបំពាក់បំប៉នអំពីរបៀបគ្រប់គ្រង និងប្រើប្រាស់អំណាចផ្ដាច់ការទៅលើកូនក្រុមរបស់ខ្លួន។មិនយូរប៉ុន្មានសមមិត្ត ពេន ត្រូវអង្គការបញ្ជូនមកនៅតំបន់កប់សេះ ស្ថិតនៅឃុំប្រាសាទស្រុកសន្ទុក។ ក្រោយមកអង្គការបានបញ្ជូនខ្ញុំឲ្យមកតំបន់កប់សេះនេះដែរ ដើម្បីហ្វឹកហ្វឺនរបៀបគ្រប់គ្រងនិងវិធីសាស្រ្តនៃរបៀបស៊ើបការណ៍សម្ងាត់។
* ឆ្នាំ១៩៧៨ :
នៅក្នុងឆ្នាំនោះ អង្គការកាន់តែរឹតបន្តឹងដោយគ្មានទុកឲ្យនរណាម្នាក់នៅទំនេរឡើយ។ ប្រជាជនគ្រប់គ្នាត្រូវធ្វើការងារតាំងពីកុមាររហូតដល់មនុស្សចាស់។ កងកុមារត្រូវមេកងឲ្យដើររើសអាចម៍គោចំណែកឯចាស់ៗ ត្រូវមេកងឲ្យនៅតាមផ្ទះធ្វើជី និងមើលកុមារតូចៗ។ ចំណែកឯប្រជាជនដែលពេញកម្លាំងឱ្យទៅធ្វើការនៅកងចល័ត។
អង្គការបានគំរាមថា សមមិត្ត ឬ សមមិត្តនារីណាដែលហ៊ានប្រឆាំងនឹងអង្គការ នោះអង្គការនឹងយកទៅរៀនសូត្រ។ ពេលនោះខ្ញុំហ្វឹកហ្វឺនចប់ហើយ ត្រូវអង្គការឲ្យការងារជាច្រើនឲ្យខ្ញុំធ្វើ។ ការងាររបស់ខ្ញុំទី១ គឺដើរស៊ើបការណ៍នៅពេលយប់ ចំពោះប្រជាជនណា ដែលរៀបការហើយមិនចុះសម្រុងនឹងគ្នា។ បើខ្ញុំដឹងថាប្ដីប្រពន្ធនោះមិនចុះសម្រុងគ្នាទេ ខ្ញុំត្រូវរាយការណ៍ទៅឲ្យអង្គការភ្លាម។ ចំណែកឯការងារទី ២ របស់ខ្ញុំ គឺទទួលមើលការខុសត្រូវដល់ប្រជាជនជម្លៀសមកពីខេត្តព្រៃវែងនិងខេត្តស្វាយរៀងខាងកងចល័ត ។ អង្គការបានឱ្យខ្ញុំធ្វើជាគ្រូបង្រៀនដែរ។
ភាពភ័យខ្លាចបំផុតនោះគឺក្រុមខ្មែរក្រហមបានយកមនុស្សយកទៅរៀនសូត្រ ជាពិសេសជនជាតិចាម និងប្រជាជនដែលលួចស្រលាញ់គ្នា ត្រូវអង្គការចោទថា ខុសសីលធម៌ ហើយត្រូវយកទៅសម្លាប់ចោលនៅពេលយប់។
* ឆ្នាំ១៩៧៩ :
រដូវច្រូតកាត់បានចូលមកដល់ហើយ ប្រជាជនមមាញឹកក្នុងការប្រមូលផលណាស់។ គ្រប់កងចល័តកំពុងតែធ្វើសកម្មភាពយ៉ាងសកម្មរួមទាំងខ្ញុំផងដែលកំពុងតែជួយដឹកកណ្ដាប់។ ថ្ងៃមួយម៉ោងប្រហែល១០ព្រឹក ខ្ញុំឮសន្ធឹករថក្រោះដែលជាកម្លាំងកងទ័ពវៀតណាម និងកងទ័ព ហេង សំរិន បានមកដល់ នឹងធ្វើការវាយរំដោះប្រទេសបានធ្វើឲ្យខ្មែរក្រហមរត់ជាន់ជើងគ្នាចូលក្នុងព្រៃតាមជាយដែន។ ប្រជាជនខ្មែរទាំងអស់ប្រញាប់ប្រញាល់រត់រកបងប្អូនដើម្បីត្រឡប់មករកស្រុកកំណើតរៀងៗខ្លួនវិញ។ ខ្ញុំ និងមិត្តនារីសឿន បានជួបគ្នាវិញ ហើយលាគ្នាទៅកាន់ស្រុកកំណើត៕ (ចប់ដោយបរិបូណ៌)
