ភ្នំពេញ ៖ លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមការងារនៃប្រទេសទាំងពីរ ដែលបានសហការរៀបចំកម្មវិធីនាពេលនេះ ដែលជាការលើកស្ទួយចំណងមេត្រីភាពរវាងប្រជាជាតិទាំងពីរ តាមរយៈកម្មវិធីវប្បធម៌ ទេសចរណ៍ ព័ត៌មាន និងអប់រំ ស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលទាំងពីរ។ ការថ្លែងបែបនេះ របស់ លោកស្រី រដ្ឋមន្ត្រី ក្រសួង វប្បធម៌ ក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ក្រោមប្រធានបទ”កម្ពុជា-ចិន រួមចិត្ត រួមដំណើរលើមាគ៌ាតែមួយ” កាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ នៅសណ្ឋាគារ Le Royal Raffles Phnom Penh។
លោកស្រី រដ្ឋមន្ត្រី បន្តថា ទោះជាឆ្នាំ២០២៤កន្លងទៅនេះ ត្រូវបានកំណត់ថាជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងកម្ពុជា និងចិន ប៉ុន្តែភាពរឹងមាំនៃមិត្តភាពប្រទេសទាំងពីរ នៅតែបន្តតាមរយៈការខិតខំនៃស្ថាប័នពាក់ព័ន្ធដែលធ្វើការរួមគ្នាគ្រប់ពេលវេលា ទាំងពេលបច្ចុប្បន្ននិងអនាគត ដើម្បីពង្រឹងកិច្ចសហការរវាងប្រជាជាតិទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
លោកស្រី រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានឈានដល់កម្រិតដ៏សំខាន់មួយគឺ“សហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន” ដែលបានប្រកាស ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉េកាំង នាខែកុម្ភៈ ឆ្នាំ២០២៣។
បន្ថែមលើនេះ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ដពង្រឹងនិងផ្ដល់អាទិភាពខ្ពស់លើទំនាក់ទំនងកម្ពុជា-ចិន ដែលបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀតគឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព។ ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវ ប្រទេសយើងទាំងពីរបានប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងនោះវិស័យវប្បធម៌ក៏ត្រូវបានលើកកម្ពស់ ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ ថ្ងៃនេះព្រឹត្តការណ៍ផ្សព្វផ្សាយកម្មវិធី “ប្រយោគបុរាណចិនដែលលោកប្រធាន XI Jingping ចូលចិត្ត” គឺជាភស្តុតាង និងជាផ្លែផ្កានៃការផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៌ដ៏មានសារសំខាន់បំផុតសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា-ចិន៕ដោយ ៖តារា