ខេត្តពោធិ៍សាត់៖ ថ្លែងខ្លាំងៗក្នុងពិធីសម្ពោធខ្សែសង្វាក់ផលិតកម្មថ្មីរោងចក្រតម្លើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងផ្ដាំទៅក្រុមជនល្មើសបរិស្ថានដែលបាញ់ប្រហារ ជិះទូកបុកទូកមន្ត្រីអនុវត្តន៍ច្បាប់ថា «កងកម្លាំងមានសិទ្ធិការពារខ្លួន» ព្រមទាំងបើកភ្លើងខៀវឱ្យមន្ត្រីអនុវត្តន៍សិទ្ធិនេះផងដែរ។
សម្ដេចធិបតី ប្រកាសផ្ដាំទៅកាន់ជនល្មើសដែលប្រើប្រាស់អាវុធបាញ់តដៃ និងប៉ុនប៉ងសម្លាប់មន្ត្រីអនុវត្តន៍ច្បាប់ថាកុំចង់ធ្វើបែបនេះឱ្យសោះ។ សម្ដេចថា៖ «ខ្ញុំនិយាយឱ្យច្បាស់! ព្រោះប្រជាជនធម្មតាគ្មានកាំភ្លើង។ អ៊ីចឹងខ្ញុំបញ្ជាក់ឱ្យច្បាស់កុំចង់សាកយកកាំភ្លើងបាញ់ប៉ូលិស បាញ់ប៉េអឹម កុំឱ្យសោះ កុំយកទូកមកចង់បុកពន្លិចទូករបស់កងកម្លាំងនៅកណ្ដាលទន្លេ។ កន្លងទៅមាន! ហើយបងប្អូនសួរយោបល់។ ខ្ញុំថាបើគេបំពានបែបនេះប្រើសិទ្ធិការពារខ្លួនខ្ញុំទទួលខុសត្រូវ»។
សម្ដេចធិបតី បានថ្លែងសង្កត់ធ្ងន់ថា សម្ដេចជាអ្នកបញ្ជាឱ្យមន្ត្រីអនុវត្តន៍ច្បាប់ដូច្នេះសម្ដេចត្រូវការពារមន្ត្រីដែលអនុវត្តន៍ត្រឹមត្រូវ។ ជាមួយគ្នានោះសម្ដេចក៏បានលើកឡើងពីករណីបាញ់ប្រហារលើមន្ត្រីឧទាននុរក្សកាលពីដើមខែមេសានេះ នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរីផងដែរថា សូមជនល្មើសប្រយ័ត្នខ្លាចក្រែងប៉ះចំកម្លាំងភូមិភាគ១។
គួររម្លឹកដែរថា កាលពីដើមខែមេសាថ្មីៗនេះ មានករណីជនល្មើសបរិស្ថានបាញ់ប្រហារមកលើមន្ត្រីឧទ្យានុរក្សដែលកំពុងបំពេញការងារនៅក្នុងដែនជម្រកសត្វព្រែស្រែពក ភូមិសាស្ត្រខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះក្រសួបរិស្ថាន បានចាត់ទុកសកម្មភាពនេះជាអំពើឃោឃៅ គំរាមកំហែងដល់អាយុជីវិតមន្ត្រីអនុវត្តច្បាប់ និងកំពុងស្វែងរកជនល្មើសផងដែរ៕ដោយ៖តារា