ខេត្តពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ យើងរួមគ្នាចាប់កាលានុវត្តភាព ចាប់ជាឱកាស និងផលប្រយោជន៍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាក់ស្តែងខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង កាលដើមជាខេត្តទៅហួសមកហួស សកម្មភាពសេដ្ឋកិច្ចក៏មិនសូវមាន តែបច្ចុប្បន្នបានក្លាយជាគោលដៅនៃការវិនិយោគ និងផ្តល់ការងារជូនប្រជាជន និងជំរុញសេដ្ឋកិច្ចជាតិ។ កាលថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា, ត្រឹមរយៈពេល ៣ឆ្នាំចុងក្រោយ បុគ្គលិកក្នុងក្រុមហ៊ុន Ford មានត្រឹមជិត ២០០នាក់ កើនដល់ជាង ៤០០នាក់ ហើយប្រាក់បៀវត្សក៏មានការកើនឡើងផងដែរ, ឆ្នាំ២០២២ មានរោងចក្រជាង ៣០០ បង្កើតការងារបានជិត ១ម៉ឺននាក់ តែបច្ចុប្បន្នមានរោងចក្រជាង ៤០០ បង្កើតការងារបានជាង ១,៥ម៉ឺននាក់។
ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរថា កម្ពុជា ពីមុនជាប្រទេសដែលនាំចូលស្ទើរទាំងស្រុង តែបច្ចុប្បន្នបានប្រែក្លាយជាប្រទេសដែលអាចផលិតក្នុងស្រុក ហើយនាំចេញទៅក្រៅប្រទេស។ថ្ងៃនេះ, យើងក្លាយជាអ្នកផលិតរថយន្ត និងនាំចេញទៅក្រៅមកពីគ្រប់ម្ចាស់ផលិតកម្មនៃបណ្តាប្រទេស និងក្រុមហ៊ុនល្បឺៗដូចជាសហរដ្ឋអាមេរិក, ចិន, ជប៉ុន និង កូរ៉េ ជាដើម។ ជាមួយនឹងសមិទ្ធផលនេះ, រាជរដ្ឋាភិបាលក៏បានផ្តល់ការលើកទឹកចិត្ត និងបង្កលក្ខណៈសម្រាប់ក្រុមហ៊ុន អាចចូលមកវិនិយោគ ដោយត្រូវថែរក្សាទាំងអ្នកចាស់ និងអ្នកថ្មី ហើយជំរុញ និងខិតខំឱ្យវិនិយោគិនដែលកំពុងមានវត្តមាននៅកម្ពុជា កាន់តែរីកចម្រើន។ ភាពជោគជ័យ និងការរីកចម្រើននេះ គឺកើតចេញពីភាពនឹងនរ, សន្តិភាព និង ស្ថិរភាពនយោបាយ ដែលជាទំនុកចិត្តដ៏សំខាន់របស់វិនិយោគិន, ការជឿទុកចិត្ត និងការមិនមានហានិភ័យ ជំរុញឱ្យមានការវិនិយោគបន្ថែម តួយ៉ាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) នេះ បានអភិវឌ្ឍខ្លួនក្នុងការពង្រីកសក្តានុពល និងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនកាន់តែធំ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ដែលទទួលបានអំពីការវិនិយោគរបស់ក្រុមក្នុងស្រុកដែលជួយ៖ ១/ បង្កើតការងារ ដើម្បីលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋ, និង ២/ ការបង្កលក្ខណៈ បន្ធូរបន្ថយពន្ធ។ ការផលិតក្នុងស្រុក ជួយឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញរថយន្តដែលផលិតក្នុងប្រទេសកម្ពុជា ជាមួយគុណភាពខ្ពស់ និងតម្លៃសមរម្យ។ ទន្ទឹមនឹងភាពវិជ្ជមាននេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីភារកិច្ច របស់ក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិ ខេត្ត ត្រូវបង្កលក្ខណៈ បង្កើនការប្រកួតប្រជែងវិជ្ជមាន ដើម្បីធានាដល់ការសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗជូនវិនិយោគិន ក៏ដូចជាការសម្រេចចិត្ត ហើយបន្តនៅជាមួយយើងបានយូរអង្វែង ពិសេសអាចទុកចិត្តយើង និងពង្រីកសេវាកម្មនៅយើង។ ដូចនេះ, យើងត្រូវបន្តទៀត។ ភ្ជាប់ជាមួយនេះ, រាជរដ្ឋាភិបាលកំពុងដាក់គោលនយោបាយ និងលើកទឹកចិត្តក្រុមហ៊ុនឱ្យខិតខំជំរុញការផលិតគ្រឿងបង្គំក្នុងស្រុក ដែលកម្ពុជាអាចមានលទ្ធភាព និងសមត្ថភាពផលិតក្នុងស្រុកបាន ជាមួយគុណភាពល្អ និងភាពទុកចិត្តបាន សំដៅកាត់បន្ថយការនាំចូលពីខាងក្រៅ ដែលនឹងបង្កើតបាន “ភាពធន់ និងធនធានមនុស្សរយៈពេលវែង”។
មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានជំរុញការពិនិត្យ និងពង្រីកស្ថានីយ៍សាកថ្មរថយន្តអគ្គិសនី ដើម្បីលើកកម្ពស់ការប្រើប្រាស់ បង្កលក្ខណៈងាយស្រួល និងបន្ថែមជម្រើសដល់ប្រជាពលរដ្ឋដែលបានជ្រើសរើសប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីអាចសាកថ្ម និងប្រើប្រាស់បានកាន់តែងាយស្រួល និងស្របតាមតម្រូវការ។ ជាមួយគ្នានេះ,សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នេះជាការលើកកម្ពស់ការប្រើប្រាស់ និងការគ្រប់គ្រងថាមពលស្អាតនៅកម្ពុជា៕ដោយ៖សិលា