សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ យើងរួមគ្នាចាប់កាលានុវត្តភាព ចាប់ជាឱកាស និងផលប្រយោជន៍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ថា៖​ យើងរួមគ្នាចាប់កាលានុវត្តភាព ចាប់ជាឱកាស និងផលប្រយោជន៍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាក់ស្តែងខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង កាលដើមជាខេត្តទៅ​ហួសមកហួស សកម្មភាពសេដ្ឋកិច្ចក៏​មិនសូវមាន តែបច្ចុប្បន្នបានក្លាយជាគោលដៅនៃការវិនិយោគ និងផ្តល់ការងារជូនប្រជាជន និងជំរុញសេដ្ឋកិច្ចជាតិ។ កាលថ្លែងបែបនេះ​របស់សម្តេចមហាបវរធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃ​ក្រុម​ហ៊ុន អ​ អិម អេ (ខេមបូឌា) ម.ក ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា, ត្រឹម​រយៈ​ពេល ៣ឆ្នាំចុងក្រោយ បុគ្គលិកក្នុងក្រុមហ៊ុន Ford មានត្រឹមជិត ២០០នាក់ កើន​ដល់ជាង ៤០០នាក់ ហើយប្រាក់បៀវត្សក៏មានការកើនឡើងផងដែរ, ឆ្នាំ២០២២ មានរោងចក្រជាង ៣០០ បង្កើតការងារបានជិត ១ម៉ឺននាក់ តែបច្ចុប្បន្នមាន​រោងចក្រជាង ៤០០ បង្កើតការងារបានជាង ១,៥ម៉ឺននាក់។

ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរថា កម្ពុជា ពីមុនជាប្រទេស​ដែលនាំចូលស្ទើរទាំងស្រុង តែបច្ចុប្បន្នបានប្រែក្លាយជា​ប្រទេសដែលអាចផលិតក្នុងស្រុក ហើយនាំចេញទៅក្រៅប្រទេស។ថ្ងៃនេះ, យើងក្លាយជាអ្នក​ផលិតរថយន្ត និងនាំចេញទៅក្រៅមកពីគ្រប់​ម្ចាស់ផលិតកម្មនៃបណ្តាប្រទេស និងក្រុមហ៊ុន​ល្បឺៗដូចជាសហរដ្ឋអាមេរិក, ចិន, ជប៉ុន​​ និង កូរ៉េ ជាដើម។ ជាមួយនឹងសមិទ្ធផលនេះ, រាជរដ្ឋាភិបាលក៏បានផ្តល់ការលើកទឹកចិត្ត និងបង្កលក្ខណៈ​សម្រាប់​ក្រុមហ៊ុន អាចចូលមកវិនិយោគ ដោយត្រូវថែរក្សាទាំងអ្នកចាស់ និងអ្នកថ្មី ហើយជំរុញ និងខិតខំឱ្យ​​វិនិយោគិនដែលកំពុងមានវត្តមាននៅកម្ពុជា កាន់តែរីកចម្រើន។ ភាពជោគជ័យ និងការរីកចម្រើននេះ គឺកើតចេញពីភាពនឹងនរ, សន្តិភាព និង​ ស្ថិរភាពនយោបាយ ដែលជាទំនុកចិត្តដ៏សំខាន់របស់វិនិយោគិន​, ការជឿទុកចិត្ត និងការមិនមានហានិភ័យ ជំរុញឱ្យមានការវិនិយោគបន្ថែម​ តួយ៉ាង ក្រុមហ៊ុន​ អ​​ អិម​ អេ ​(ខេមបូឌា) នេះ​ បានអភិវឌ្ឍខ្លួនក្នុងការពង្រីកសក្តានុពល និងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនកាន់តែធំ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីអត្ថ​ប្រយោជន៍ដែលទទួលបានអំពីការវិនិយោគរបស់ក្រុមក្នុងស្រុកដែលជួយ៖ ១/ បង្កើតការងារ ដើម្បី​លើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋ, និង​ ២/ ការបង្កលក្ខណៈ បន្ធូរបន្ថយពន្ធ។ ការផលិត​ក្នុងស្រុក ជួយឱ្យប្រជាពលរដ្ឋមានលទ្ធភាព​ទិញ​រថយន្តដែលផលិតក្នុងប្រទេសកម្ពុជា​​ ជាមួយគុណភាពខ្ពស់ និង​តម្លៃ​សមរម្យ។ ទន្ទឹមនឹងភាពវិជ្ជមាននេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីភារកិច្ច របស់ក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិ ខេត្ត ត្រូវបង្កលក្ខណៈ បង្កើនការប្រកួតប្រជែង​វិជ្ជមាន ដើម្បីធានាដល់ការសម្របសម្រួល​ និងដោះស្រាយបញ្ហាផ្សេងៗជូន​វិនិយោគិន ក៏ដូចជាការសម្រេចចិត្ត ហើយបន្តនៅជាមួយយើងបានយូរអង្វែង ពិសេសអាចទុកចិត្ត​យើង និងពង្រីកសេវាកម្មនៅយើង។​ ដូចនេះ,​ យើងត្រូវបន្តទៀត។ ភ្ជាប់ជាមួយនេះ, រាជរដ្ឋា​ភិបាល​កំពុងដាក់គោលនយោបាយ និងលើកទឹកចិត្តក្រុមហ៊ុនឱ្យខិតខំជំរុញ​ការផលិត​គ្រឿង​បង្គំក្នុងស្រុក ដែលកម្ពុជាអាចមានលទ្ធភាព និងសមត្ថភាព​ផលិតក្នុងស្រុកបាន ជាមួយ​គុណភាពល្អ និងភាពទុកចិត្តបាន សំដៅកាត់បន្ថយ​ការ​នាំចូលពីខាងក្រៅ​ ដែលនឹងបង្កើតបាន “ភាពធន់ និងធនធានមនុស្សរយៈពេលវែង”។

...

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានជំរុញការពិនិត្យ និងពង្រីក​ស្ថានីយ៍សាកថ្មរថយន្តអគ្គិសនី ដើម្បីលើកកម្ពស់ការប្រើប្រាស់ បង្កលក្ខណៈងាយ​ស្រួល​ និងបន្ថែមជម្រើសដល់ប្រជាពលរដ្ឋដែលបានជ្រើសរើសប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីអាចសាកថ្ម និងប្រើប្រាស់បានកាន់តែងាយស្រួល​ និងស្របតាមតម្រូវការ។ ជាមួយគ្នានេះ,​សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា​ នេះជាការលើកកម្ពស់​ការប្រើប្រាស់ និងការគ្រប់គ្រងថាមពលស្អាតនៅកម្ពុជា៕ដោយ​៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print