ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍ ០២ករណី កន្លែងតែមួយ បណ្តាលឲ្យមនុស្ស០៥នាក់រងរបួសធ្ងន់ រវាងរថយន្ត នឹងម៉ូតូ និងរវាងរថយន្តនឹងម៉ូតូរ៉ឺម៉ក នៅស្រុកស្វាយជ្រំុ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០៧និង២០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិចស្ពានត្រាំ ខាងមុខរោងចក្រមួយកន្លែង ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំុ ។
សមត្ថកិច្ចបានបន្តទៀតថា ខុសគ្នាតែ១០នាទី គ្រោះថ្នាក់០២ករណីនៅកន្លែងតែមួយ បណ្តាលឱ្យមនុស្ស០៥នាក់រងរបួសធ្ងន់ ត្រូវសមត្ថកិច្ចហៅរថយន្តសា
មុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
ប្រភពបញ្ជាក់ថា ខណៈសមត្ថកិច្ចកំពុងធ្វើសណ្តាប់ធ្នាប់ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមន្ត្រីគយបុកជាមួយម៉ូតូ ដោយយករថយន្តមន្ត្រីគយទៅចតនៅខាងមុខរោងចក្រ និងយកជនរងគ្រោះ និងម៉ូតូមកដាក់នៅចិញ្ចើមថ្នល់ ហើយហៅរថយន្តសង្គ្រោះ ស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយ១គ្រឿងបើកយ៉ាងលឿនពីទិសខាងកើតទៅទិសខាងលិច ឆ្ពោះទៅរាជធានីភ្នំពេញ ក៏បានបុកម៉ូតូរ៉ឺម៉ក ពីក្រោយពេញទំហឹងលាន់ដូចរន្ទះ អូសរ៉ឺម៉កនិងម៉ូតូចម្ងាយ៣០ម៉ែត្រ បង្កឱ្យអ្នកបើកម៉ូតូរ៉ឺម៉កបាក់ជើងម្ខាងនិងអ្នករួមដំណើរ២នាក់របួសធ្ងន់ ត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ចំណែករថយន្តបង្កហេតុជ្រុលទៅបុកដើមជ្រៃក្រឡាប់ផ្ងារជើងគាបអ្នកបើកបររថយន្តជាប់ក្នុងកាប៊ីន ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នាគាស់យកចេញ រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
ក្រោយពីសមត្ថកិច្ចពិនិត្យវាស់វែងរួច បានយកមធ្យោបាយរថយន្តមន្ត្រីគយ ម៉ូតូ និងរ៉ឺម៉កម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំុ ដើម្បីដោះស្រាយ តាមនីតិវិធី ។ ចំណែករថយន្តបង្ក សមត្ថកិច្ចអនុញ្ញាតឲ្យរើទំនិញសាងទៅរថយន្តផ្សេង រហូតមកដល់វេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ទើបលើកទំនិញពីទឹកនិងក្នុងរថយន្តដាក់រៀបលើចិញ្ចើមថ្នល់ ហើយស្ទូចរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយជ្រំុ ដើម្បីដោះស្រាយជាក្រោយ តាមច្បាប់៕