ខេត្តសៀមរាប÷ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្រ្គោះស្រ្តីម្នាក់ដែលសម្រាលកូនមានទម្ងន់កំណើតលើសប្រក្រតី ៥,៦ គីឡូក្រាម (Macrosomia or Large for gestational age)។
ស្រ្តីជាម្តាយ និងទារក ត្រូវបានក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាប បានសម្រេចជួយសង្គ្រោះ ដោយធ្វើការវះកាត់ (Cesarean section) បានដោយជោគជ័យ នៅវេលាម៉ោង ៩ និង៣៨ នាទី ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥។
បច្ចុប្បន្នទារកភេទប្រុសរូបនេះ កំពុងទទួលអន្តរាគមន៍ ពិនិត្យ ព្យាបាល និងថែទាំបន្តដោយ វេជ្ជបណ្ឌិតឯកទេសទារក រួចបានបញ្ជូនទៅព្យាបាលបន្តនៅសាលសង្គ្រោះទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។
ចំណែកស្រ្តីជាម្តាយដែលមានអាយុ ៣៤ឆ្នាំ មានទីលំនៅនៅ ភូមិ២ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានស្ថានភាពសុខភាពល្អប្រសើរក្រោយការវះកាត់ និងបានទទួលការយកចិត្តទុកដាក់ថែទាំ ពីសំណាក់គិលានុបដ្ឋាក។
ក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព និងទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានពន្យល់ថា ការធ្វើអន្តរាគមន៍វះកាត់សម្រាលនេះ គឺមានគោលបំណងដើម្បី កាត់បន្ថយនិងទប់ស្កាត់នូវកត្តាហានិភ័យជាច្រើន ដែលអាចកើតមាននៅលើស្រ្តីជាម្តាយ ដូចជា ការហូរឈាមច្រើនក្រោយសម្រាល ព្រមទាំងកត្តាហានិភ័យដែលអាចកើតមាននៅលើទារក ដូចជា ការពិបាកសម្រាល ជាប់ស្មា រឺក្បាល ការរបួសបាក់ឆ្អឹងដងកាំបិត វិបត្តិសរសៃប្រសាទនៃដៃ ទារកខ្វះជាតិស្ករ វិបត្តិដង្ហើម និងការសន្លប់ (Birth asphyxia) ជាដើម។
សូមជម្រាបជូនថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយមិនគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និងមិនមានការរើសអើងឡើយ។
ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា៕