ខេត្តស្ទឹងត្រែង÷គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងបានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ខួបលើកទី១៦២ ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងសំខាន់គឺត្រួតពិនិត្យការអនុវត្តការងារសាខាកាកបាទក្រហមកម្ពុជាកន្លងមក ព្រមទាំងត្រៀមរៀបចំទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហមខួបលើកទី១៦២ និងពិភាក្សាលើការបង្កើនការគៀរគររកមូលនិធិតាមរយៈសាខាកាកបាទកម្ពុជាខេត្តស្ទឹងត្រែង ក្នុងនោះមានដូចជាការបោះពុម្ព ការអំពាវនាវ និងផ្សព្វផ្សាយព័ត៌មាន លើបណ្តាញសង្គម ទូរទស្សន៍ ជាដើម។
ជាកិច្ចចាំផ្តើមនៃអង្គប្រជុំ លោក សាយ ព្រលឹង នាយកប្រតិបត្តិនៃសាខាសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងបានអានរបាយការណ៍ស្តីពីការអនុវត្តការងាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងការរួមចំណែកលើកិច្ចការមនុស្សធម៍ជួយជនងាយរងគ្រោះនៅគ្រប់ទីកន្លែងទូទាំងខេត្តស្ទឹងត្រែង ព្រមទាំងបានបង្ហាញនូវរបាយការន៍ស្តីពីសកម្មភាពការងាររបស់ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ដែលចុះមូលដ្ឋានជួយដល់ប្រជាពលរដ្ឋ។
ទន្ទឹមនិងនេះ លោក សាយ ព្រលឹង ក៏បានបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហកម្ពុជាខេត្តស្ទឹងត្រែង ក្នុងការគៀងគសប្បុរសជនានាឲ្យចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានទាំងសម្ភារៈនិងថវិកា ព្រមទាំងបានចាត់គ្របគ្រងនូវសម្ភារៈថវិការទាំងនេះប្រកបដោយការទទួលខុសត្រូវ និងចំណាយចំគោលដៅរបស់កាកបាទក្រហមកម្ពុជា ។
នាឱកាសដឹកនាំកិច្ចប្រជុំនេះ លោក សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជាខេត្តស្ទឹងត្រែង បានលើកឡើងនិងបង្ហាញបន្ថែមដល់សមាជិកនៃគណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជាខេត្តអំពីការគៀរគររកមូលនិធិពីសម្បុរជននានានិងណែនាំឲ្យមានការរៀបចំការបោះពុម្ពលិខិត ការអំពាវនាវ និងផ្សព្វផ្សាយព័ត៌មាន លើបណ្តាញសង្គម ព័ត៌មាន និងទូរទស្សន៍ឲ្យបានយ៉ាងទូលំទូលាយ ដើម្បីឲ្យសប្បុរជនចូលរួមបរិច្ចាគវិភាគទានដោយការស្ម័គ្រចិត្ត ជូនកាកបាទក្រហមកម្ពុជា ក្នុងបុព្វហេតុសប្បុរធម៍ជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។
ជាមួយគ្នានេះ លោក សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជាខេត្តស្ទឹងត្រែង និងជាអភិបាលខេត្តក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហកម្ពុជាក្នុងការខិតខំប្រឹងប្រែងគៀរគរសម្ភារ់ថវិការពីសប្បុរជនកន្លងមក និងបានប្រើប្រាស់នូវមូលនិធិដែលសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងទទួលបានពីសប្បុរសជនបានចំគោលដៅ៕