ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិបានបញ្ជាក់ថា ពេលនេះសមត្ថកិច្ចកំពុងចាត់វិធានការជំនាញ ស្រាវជ្រាវរកអ្នកដែលចែកចាយក្រដាសប្រាក់ដែលមានសរសេរសារឱ្យពលរដ្ឋប្រឆាំងរដ្ឋហើយ និងសំណូមពរដល់ពលរដ្ឋចូលរួមរាយការណ៍ពេលឃើញមានការចែកចាយនេះផងដែរ។
សូមជម្រាបជូនថា ចំពោះវិធានការរបស់សមត្ថកិច្ចនេះគឺបន្ទាប់ពីប៉ុន្មានថ្ងៃមកនេះមានការបង្ហោះតាមបណ្ដាញសង្គមពីគម្រោងចែកចាយក្រដាសប្រាក់ដែលមានសរសេរសារឱ្យពលរដ្ឋប្រឆាំង ខឹងសម្បានឹងរដ្ឋាភិបាលតាមរយៈភាសាញុះញង់មួយចំនួនទាក់ទងនឹងបញ្ហាសង្គម ព្រំដែនជាដើម។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះថា៖ សកម្មភាពនេះជាឧបាយកលបំផុសតាមបែបផែនបដិវត្តន៍ពណ៌ និងថាសមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកបង្កអំពើវិទ្ធង្សនានេះហើយ។ លោកក៏បានអំពាវនាវពលរដ្ឋចូលរួមរាយការណ៍ពេលដែលបានឃើញសកម្មភាពចែកចាយលុយនេះផងដែរ។
លោកអ្នកនាំពាក្យបានគូសបញ្ជាក់ទៀតថា៖ «សូមអំពាវនាវដល់ពលរដ្ឋគ្រប់រូបមេត្តារាយកាណ៍ជូនអាជ្ញាធរប្រសិនបើឃើញមានការចែកចាយក្រដាសប្រាក់របៀបនេះនិងត្រូវពិចារណាឱ្យបានហ្មត់ចត់ កុំវង្វេងតាមការញុះញង់របស់ពួកអគតិទាំងនោះ នាំឱយសង្គមចលាចល បាត់បង់សេចក្តីសុខ ដែលយើងកំពុងទទួលបានក្ដីសុខក្រោមម្លប់សន្ដិភាព»។
គួរឱ្យដឹងផងដែរថា នៅប៉ុន្មានថ្ងៃនេះមានការបង្ហោះលើបណ្ដាញសង្គមមួយចំនួនពីចលនានៃការចែកចាយក្រដាសប្រាក់៥០០រៀល ១០០០រៀល និង២០០០រៀល នូវសារប្រឆាំងនឹងរដ្ឋាភិបាល ប្រឆាំងសម្ដេចតេជោ និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី។ នៅមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវលើសកម្មភាពនេះនៅឡើយទេ ទោះជាយ៉ាងណាឃើញមានការចែករំលែកព័ត៌មាននេះយ៉ាងផុលផុសលើបណ្ដាញសង្គមពីក្រុមប្រឆាំងដែលមានមូលដ្ឋាននៅក្រៅប្រទេស។
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវិត យល់ថាក្រុមប្រឆាំងកំពុងយកប្រជាជនជាខែលដើម្បីប្រយោជន៍នយោបាយរបស់ខ្លួន។ លោកថា ៨ទោះបីក្រុមនេះថាមិនពាក់ព័ន្ធ តែសកម្មភាពរបស់ពួកគេលើបណ្ដាញសង្គមបានបង្ហាញរួចទៅហើយ។
អ្នកនាំពាក្យរូបនេះបន្តថា៖ «ក្រុមប្រឆាំងរបស់ទណ្ឌិត សម រង្សី, មួរ សុខហួរ និងសកម្មជនប្រឆាំងដទៃទៀតនឹងនៅតែបន្តឱ្យមានការអំពាវនាវឱ្យធ្វើដូចនេះបន្តទៀតក្នុងសកម្មភាព “ភ្លៀងរលឹម” ហើយអាចនឹងយកក្រដាសប្រាក់ផ្សេងៗទៀតដូចជា ៥០០០ រៀល ឬ ១០០០០រៀល ជាដើម ក្រុមនេះមិនបានខ្វល់អំពីព្រះឆាយាលក្ខណ៍ព្រះបរមរតនកោដ្ឋឡើយ ដែលនេះជាអំពើប្រមាថមិនត្រឹមតែប្រមុខដឹកនាំរដ្ឋាភិបាល តែក៏ជាការប្រមាថលើព្រះចេស្តា និងព្រះមហាក្សត្រខ្មែរជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើង»។
ជាមួយគ្នានេះ លោក ថុង ម៉េងដាវិត បានឱ្យដឹងដែរថា សមត្ថកិច្ចនិងអាជ្ញាធរគួរស្វែងរកអ្នកដែលផុសពីរូបភាពក្រដាសលុយ ១០០០រៀល ដែលមានសរសេរអក្សរប្រមាថដល់ថ្នាក់ដឹកនាំ និងព្រះប្រមុខរដ្ឋរបស់កម្ពុជា មកផ្ទន្ទាទោសតាមច្បាប់ និងអំពាវនាវឱ្យប្រជាពលរដ្ឋកុំចូលរួមសកម្មភាពនេះ ក៏ដូចជាធ្វើការពន្យល់ និងបកស្រាយវិធានច្បាប់ផងដែរអំពីបទល្មើសមួយនេះ៕
ដោយ៖តារា