ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន៖​ សមត្ថកិច្ចចាត់ទុកការ​ចែកចាយ​លុយបង្កប់សារ​ប្រឆាំងរដ្ឋ​ ជាសកម្មភាព​បដិវត្តន៍ពណ៌ និងកំពុងចាត់វិធានការ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋានគរបាលជាតិ​បានបញ្ជាក់ថា ពេលនេះសមត្ថកិច្ច​កំពុង​ចាត់វិធាន​ការ​ជំនាញ ស្រាវជ្រាវរកអ្នកដែល​ចែកចាយ​ក្រដាសប្រាក់​ដែល​មាន​សរសេរ​សារ​ឱ្យ​ពលរដ្ឋ​ប្រឆាំងរដ្ឋហើយ​ និង​សំណូម​ពរ​ដល់​ពលរដ្ឋ​ចូលរួម​រាយការណ៍​ពេល​ឃើញ​មាន​ការ​ចែក​ចាយ​នេះ​ផងដែរ​។

សូមជម្រាបជូនថា​ ចំពោះ​វិធាន​ការរបស់​សមត្ថកិច្ច​នេះ​គឺបន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃមក​នេះ​មាន​ការ​បង្ហោះ​តាម​បណ្ដាញសង្គម​ពី​គម្រោង​ចែកចាយ​ក្រដាសប្រាក់ដែលមាន​សរសេរ​សារឱ្យពលរដ្ឋ​ប្រឆាំង ខឹងសម្បានឹង​រដ្ឋាភិបាលតាមរយៈភាសាញុះញង់មួយចំនួន​ទាក់ទង​នឹង​បញ្ហាសង្គម ព្រំដែនជាដើម​។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់​នៅព្រឹកថ្ងៃទី២ ខែ​ឧសភា ឆ្នាំ២០២៥នេះថា៖​ សកម្មភាពនេះ​ជា​ឧបាយកលបំផុសតាម​បែប​ផែន​បដិវត្តន៍ពណ៌ និង​ថា​សមត្ថកិច្ច​កំពុងស្រាវជ្រាវរក​អ្នកបង្កអំពើវិទ្ធង្សនានេះ​ហើយ។ លោក​ក៏​បាន​អំពាវនាវពលរដ្ឋ​ចូលរួម​រាយការណ៍​ពេល​ដែល​បាន​ឃើញ​សកម្មភាព​ចែកចាយ​លុយ​នេះ​ផងដែរ។

លោកអ្នកនាំពាក្យ​បានគូសបញ្ជាក់ទៀត​​ថា៖ «សូមអំពាវនាវដល់ពលរដ្ឋគ្រប់រូបមេត្តារាយកាណ៍ជូនអាជ្ញាធរប្រសិនបើឃើញមានការចែកចាយក្រដាសប្រាក់របៀបនេះនិងត្រូវពិចារណាឱ្យបានហ្មត់ចត់ កុំវង្វេងតាមការញុះញង់របស់ពួកអគតិទាំងនោះ នាំឱយសង្គមចលាចល បាត់បង់សេចក្តីសុខ ដែលយើងកំពុងទទួលបាន​ក្ដីសុខ​ក្រោម​ម្លប់សន្ដិភាព»។

គួរឱ្យដឹង​ផងដែរ​ថា នៅប៉ុន្មាន​ថ្ងៃនេះមានការបង្ហោះ​លើបណ្ដាញសង្គមមួយចំនួន​ពីចលនានៃ​ការ​ចែកចាយ​ក្រដាសប្រាក់៥០០រៀល ១០០០រៀល និង២០០០រៀល នូវសារប្រឆាំងនឹង​រដ្ឋាភិបាល​ ប្រឆាំង​សម្ដេចតេជោ និង​សម្ដេចធិបតីនាយករដ្ឋមន្ត្រី។ នៅមិនទាន់មានក្រុមណា​មួយចេញមុខ​ទទួល​ខុសត្រូវលើ​សកម្មភាព​នេះនៅឡើយទេ ទោះ​ជា​យ៉ាង​ណា​ឃើញមាន​ការ​ចែករំលែកព័ត៌មាននេះយ៉ាង​ផុល​ផុសលើបណ្ដាញសង្គមពីក្រុមប្រឆាំងដែលមានមូលដ្ឋាន​នៅក្រៅប្រទេស។

អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវិត យល់ថាក្រុមប្រឆាំង​កំពុងយក​ប្រជាជន​ជាខែលដើម្បីប្រយោជន៍នយោបាយ​របស់​ខ្លួន​។ លោក​ថា ៨ទោះបី​ក្រុម​នេះ​ថា​មិនពាក់ព័ន្ធ ​តែសកម្មភាពរបស់ពួកគេ​លើបណ្ដាញសង្គម​បាន​បង្ហាញរួចទៅហើយ។

អ្នកនាំពាក្យ​រូបនេះ​បន្តថា៖ «ក្រុមប្រឆាំងរបស់ទណ្ឌិត សម រង្សី, មួរ សុខហួរ និងសកម្មជនប្រឆាំងដទៃទៀតនឹងនៅតែបន្តឱ្យមានការអំពាវនាវឱ្យធ្វើដូចនេះបន្តទៀតក្នុងសកម្មភាព “ភ្លៀងរលឹម” ហើយអាចនឹងយកក្រដាសប្រាក់ផ្សេងៗទៀតដូចជា ៥០០០ រៀល ឬ ១០០០០រៀល ជាដើម ក្រុមនេះមិនបានខ្វល់អំពីព្រះឆាយាលក្ខណ៍ព្រះបរមរតនកោដ្ឋឡើយ ដែលនេះជាអំពើប្រមាថមិនត្រឹមតែប្រមុខដឹកនាំរដ្ឋាភិបាល តែក៏ជាការប្រមាថលើព្រះចេស្តា និងព្រះមហាក្សត្រខ្មែរជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើង»។

...

ជាមួយគ្នានេះ​ លោក ថុង​ ម៉េងដាវិត បានឱ្យដឹងដែរថា​ សមត្ថកិច្ចនិងអាជ្ញាធរគួរស្វែងរកអ្នកដែលផុសពីរូបភាពក្រដាសលុយ ១០០០រៀល ដែលមានសរសេរអក្សរប្រមាថដល់ថ្នាក់ដឹកនាំ និងព្រះប្រមុខរដ្ឋរបស់កម្ពុជា មកផ្ទន្ទាទោសតាមច្បាប់ និងអំពាវនាវឱ្យប្រជាពលរដ្ឋកុំចូលរួមសកម្មភាពនេះ ក៏ដូចជាធ្វើការពន្យល់ និងបកស្រាយវិធានច្បាប់ផងដែរអំពីបទល្មើសមួយនេះ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print