កាលពីថ្ងៃទី 3 ខែឧសភា រដ្ឋាភិបាលឥណ្ឌាបានប្រកាសហាមឃាត់ការនាំចូលទំនិញទាំងអស់ដែលមានប្រភពមកពី ឬឆ្លងកាត់ប្រទេសប៉ាគីស្ថាន។
ការហាមប្រាមនេះចូលជាធរមានភ្លាមៗ នេះបើយោងតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសនៃប្រទេសឥណ្ឌា។ ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សេចក្តីថ្លែងការណ៍មួយពីអគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ប្រទេសឥណ្ឌាថា “វិធានការនេះកំពុងត្រូវបានធ្វើឡើងដោយហេតុផលសន្តិសុខជាតិ និងដើម្បីការពារផលប្រយោជន៍សាធារណៈ” ។
កាលពីថ្ងៃទី 3 ខែឧសភាផងដែរ អគ្គនាយកដ្ឋានដែនសមុទ្រឥណ្ឌាបានចេញបញ្ជាហាមមិនអោយនាវាទាំងអស់ដែលមានទង់ជាតិប៉ាគីស្ថានចូលកំពង់ផែរបស់ប្រទេស ហើយបានស្នើសុំកុំឱ្យនាវាដែលមានទង់ជាតិឥណ្ឌាចូលចតនៅកំពង់ផែប៉ាគីស្ថាន។
អគ្គនាយកដ្ឋានដឹកជញ្ជូនបាននិយាយថា “បទបញ្ជានេះត្រូវបានចេញដើម្បីធានាសុវត្ថិភាពនៃទ្រព្យសម្បត្តិ ទំនិញ និងហេដ្ឋារចនាសម្ព័ន្ធដែលទាក់ទងនឹងវិស័យដែនសមុទ្រឥណ្ឌាក្នុងផលប្រយោជន៍សាធារណៈ និងសន្តិសុខជាតិ”។
ភាពតានតឹងចុងក្រោយបំផុតរវាងឥណ្ឌា និងប៉ាគីស្ថានបានផ្ទុះឡើងបន្ទាប់ពីការបាញ់ប្រហារកាលពីថ្ងៃទី 23 ខែមេសានៅឯរមណីយដ្ឋាន Pahalgam ក្នុងតំបន់ Jammu និង Kashmir ដែលជាទឹកដីជម្លោះរវាងឥណ្ឌានឹងប៉ាគីស្ថានដែលបច្ចុប្បន្នគ្រប់គ្រងដោយទីក្រុងញូវដែលី។ ការបាញ់ប្រហារនេះបានបណ្តាលឱ្យមនុស្ស ២៦ នាក់ស្លាប់ ក្នុងនោះមានពលរដ្ឋឥណ្ឌា ២៥ នាក់ និងពលរដ្ឋនេប៉ាល់ម្នាក់។ មន្ត្រីឥណ្ឌាបានចោទប្រកាន់ពួកសកម្មប្រយុទ្ធដែលគាំទ្រប៉ាគីស្ថានថាជាអ្នកនៅពីក្រោយការវាយប្រហារ ។ ការចោទប្រកាន់នោះត្រូវបានទីក្រុងអ៊ីស្លាម៉ាបាដ បដិសេធភ្លាមៗ។
កាស្មៀរជាចំណុចសំខាន់ក្នុងទំនាក់ទំនងឥណ្ឌានិងប៉ាគីស្ថានយូរមកហើយ។ រដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរទាមទារអធិបតេយ្យភាពលើតំបន់កាស្មៀទាំងមូល៕ ដោយធីរីណា
រូបថត: Getty