អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានផ្ញើការព្រមានយ៉ាងខ្លាំងដល់អ៊ុយក្រែន ខណៈដែលរុស្ស៊ីត្រៀមរៀបចំក្បួនដង្ហែរយោធារំលឹកខួបលើកទី 80 នៃទិវាជ័យជំនះនៅទីក្រុងម៉ូស្គូ។
យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃទី៣ ខែឧសភា លោក Dmitry Medvedev ដែលជាអតីតប្រធានាធិបតី អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានព្រមានថា គ្មាននរណាម្នាក់អាចធានាបានថា រដ្ឋធានី Kiev នៃប្រទេសអ៊ុយក្រែន នឹងអាចរស់រានបានរហូតដល់ថ្ងៃទី១០ ខែឧសភា ប្រសិនបើអ៊ុយក្រែនវាយប្រហារលើរដ្ឋធានី Moscow នៃប្រទេសរុស្ស៊ី ក្នុងឱកាសខួបលើកទី 80 នៃទិវាជ័យជំនះនៅថ្ងៃទី 9 ខែឧសភា។
នៅថ្ងៃទី 28 ខែមេសា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសបទឈប់បាញ់រយៈពេល 3 ថ្ងៃជាមួយអ៊ុយក្រែន នៅថ្ងៃទី 8, 9 និង 10 ខែឧសភា ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី 2 ។
ឆ្លើយតបនឹងសំណើរបស់រុស្ស៊ីសម្រាប់បទឈប់បាញ់រយៈពេលបីថ្ងៃ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា លោកបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងលក្ខខណ្ឌថាបទឈប់បាញ់មានរយៈពេល 30 ថ្ងៃ ដែលជាអ្វីដែលរុស្ស៊ីបានច្រានចោល។ មេដឹកនាំអ៊ុយក្រែនចង់បានដំណោះស្រាយយូរអង្វែង ជាជាងការផ្អាករយៈពេលខ្លី។
លោក Zelensky បានបញ្ជាក់ថា ក្នុងបរិបទនៃសង្គ្រាមដែលកំពុងបន្តជាមួយរុស្ស៊ី អ៊ុយក្រែនមិនអាចធានាសុវត្ថិភាពរបស់មន្ត្រីបរទេសណាម្នាក់ដែលមកទីក្រុងមូស្គូ ដើម្បីចូលរួមក្បួនដង្ហែរទិវាជ័យជំនះ ៩ ឧសភា។ លោកបាននិយាយថា “យើងមិនអាចទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ីនោះទេ។ ពួកគេគឺជាអ្នកទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នក ដូច្នេះយើងនឹងមិនផ្តល់ការធានាណាមួយដល់អ្នកទេ” ។
លោក Medvedev ដែលជាអ្នករិះគន់លោកខាងលិចបំផុត ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង បានហៅសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Zelensky ថាជា “ការបង្កហេតុដោយពាក្យសំដី”។ លោកបានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់សុំឲ្យក្រុងកៀវធានាសន្តិសុខសម្រាប់ព្រឹត្តិការណ៍ថ្ងៃទី ៩ ឧសភាទេ។
លោក Medvedev បាននិយាយនៅលើប៉ុស្តិ៍ Telegram របស់គាត់ថា “(ប្រធានាធិបតីអ៊ុយក្រែន) Zelensky យល់ថាក្នុងករណីមានការបង្កហេតុពិតប្រាកដនៅថ្ងៃជ័យជំនះ គ្មាននរណាម្នាក់អាចធានាថា Kiev នឹងរស់រានមានជីវិតរហូតដល់ថ្ងៃទី 10 ខែឧសភា” ៕
រូបថត:Tass