ភ្នំពេញ ៖ រថយន្តសាំយ៉ុងចំនួន៣គ្រឿង ដឹកស៊ុតមាន់ជាង១២មុឺនគ្រាប់ ត្រូវបានក្រុម អន្តរាគមន៍ បង្ក្រាបបទល្មើសចលនា សត្វរបស់ អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ចាប់ឃាត់បាន ដោយឈ្មួញនាំចូលមកពីប្រទេសវៀតណាម គ្មានច្បាប់អនុញ្ញាតិ ។
ប្រតិបត្តិការចុះបង្ក្រាបរថយន្តដឹកស៊ុតមាន់គ្មានច្បាប់នេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ដោយរថយន្ត២គ្រឿង ឃាត់បាននៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ និងមួយគ្រឿងទៀតឃាត់បាននៅតាមផ្លូវជាតិលេខ២ ក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តទាំង៣គ្រឿង ដឹកស៊ុតមាន់ពីប្រទេសវៀតណាម តាមច្រកភ្នំឌិន ខេត្តតាកែវ ដោយគ្មានច្បាប់អនុញ្ញាតិ យកមកចែកចាយនៅរាជធានីភ្នំពេញ ៖ រថយន្តទី១ ដឹកស៊ុតមាន់ចំនួន១៦០ដុំ ស្មើនឹង៤៨០០០គ្រាប់ ចាប់ឃាត់បាន នៅជិតរង្វង់មូលគួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រថយន្តទី២ ដឹកស៊ុតមាន់ចំនួន១៥០ដុំ ស្មើនឹង៤៥០០០គ្រាប់ ចាប់ឃាត់បាននៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រថយន្តទី៣ ដឹកស៊ុតមាន់ចំនួន១០០ដុំ ស្មើនឹង៣០០០០គ្រាប់ ចាប់ឃាត់បាន នៅតាមផ្លូវជាតិលេខ២ ក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។
បន្ទាប់ពីឃាត់រថយន្តទាំង៣គ្រឿង ឃាត់បាន និងស៊ុតមាន់សរុប ចំនួន១២៣០០០គ្រាប់ ត្រូវបានយកទៅរក្សារទុកនិងចត្តាឡីស័កសត្វ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ