រឿងនិទានខ្លីប្រចាំថ្ងៃអាទិត្យ ÷រឿង( កញ្ចាញ់ចេកនិងបង្គួយ)

ចែករំលែក៖

នៅក្នុងចម្ការពោតដ៏ធំមួយ សត្វកញ្ចាញ់ចេកមួយក្បាលដែលមានស្បែកពណ៌ខៀវលាយលឿងរលោងកំពុងលោតរកចំណីបរិភោគ។ កញ្ចាញ់ចេកលោតពីគុម្ពពោតមួយទៅគុម្ពពោតមួយដើម្បីស្វែងរកចំណី តែមិនបានជួបសោះ។ ពេលនោះក៏បានជួបសត្វបង្គួយមួយក្បាលភ្នែកធំៗ ស្បែកគ្រើមៗដូចស្បែកគីង្គក់កំពុងទុំលើបង្គងមែកឈើដ៏ធំមួយ និងដង្ហក់ធ្លាក់ស្បែកចង្ការចង់ដល់មែកឈើ។ ឃើញដូច្នេះកញ្ចាញ់ចេកក៏សួរថា
– នែបងបង្គួយ បងឯងទៅណាមកណា បានជាមកសំងំលើមែកឈើយ៉ាងដូច្នេះ…បងគ្មានអីហូបឬ បានជាស្គមកំព្រឹងគ្មានសាច់គ្មានឈាមយ៉ាងនេះ? អ៊ីចឹងតើបានជាមនុស្សលោកប្រដូចអ្នកស្គមថា ស្គមដូចបង្គួយ។
បង្គួយឮដូច្នេះខំបើកភ្នែកធំៗហើយតបទៅកញ្ចាញ់ចេកវិញថា
– យើស! មិនថាតែខ្ញុំទេ មនុស្សលោកក៏បានប្រដូចមនុស្សស្គមដូចកញ្ចាញ់ចេកដែរ…
បងកញ្ចាញ់ចេកឯងធាត់ណាស់ទៅឬ? ស្គមជាងខ្ញុំច្រើនណាស់។ ខ្ញុំឃើញបងឯងឧស្សាហ៍លោតចាប់ចំណីបានហូបញឹកញាប់ដែរ តែហេតុអ្វីបានជាមិនឃើញធាត់? ដៃជើងវែងៗ ឃើញតែឆ្អឹងទ្រនង់ខ្នង គ្មានសាច់ដុំមួយដុំ ឯភ្នែកមូលដូចកាក់ធ្មេចបើកៗ ដូចខ្លាចធូលីចូល តើយ៉ាងម៉េចដែរ ?
កញ្ចាញ់ចេកឮដូច្នោះ ខឹងណាស់ដែលបង្គួយបង្អាប់ខ្លួនថាស្គម ក៏តបថា
– សាច់ឈាមខ្ញុំមានពីកំណើតតែប៉ុណ្ណឹង សូម្បីម៉ែឪដូនតាខ្ញុំក៏មានរូបរាងប៉ុណ្ណឹងតាំងពីដើមមក ម៉េចបងបង្គួយឯងមើលងាយខ្ញុំខ្លាំងម៉្លេះ?
ដោយខឹងពេកកញ្ចាញ់ចេកក៏លោតផ្លោតបំណងធាក់បង្គួយឲ្យសន្លប់។ តែដឹងអីពេលនោះ បង្គួយលោតគេចទៅទុំមែកឈើមួយទៀតទាន់ ធ្វើឲ្យកញ្ចាញ់ចេកជ្រុលធ្លាក់ពីលើដើមឈើទៅលើភ្នក់ភ្លើងដែលមនុស្សលោកកំពុងបំពក់ដុតពោតហូបស្លាប់បាត់ទៅហោង៕ (ហុក បួន)
* គតិអប់រំ ÷ (ប្រមាថគេមិនមើលប្រាណឯង នាំមកនូវការអន្តរាយដល់ខ្លួន)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print