សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបើកការដ្ឋាន​សាង​សង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ​

ចែករំលែក៖

ខេត្តកណ្តាល៖ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី​បើក​ការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖​

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែងថា​ ការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ខេត្តកណ្តាលនាពេលនេះ នឹងអាចផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ប្រជាជន តាមរយៈការកាត់បន្ថយការងារ បរិស្ថានសំដៅចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។

– សម្ដេចធិបតី ថ្លែងថា​ ក្រុងតាខ្មៅនាពេលនេះ ខុសពីក្រុងតាខ្មៅនាពេលកន្លងមក មានហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ លំនៅដ្ឋានសាងសង់ និងកំណើនប្រជាពលរដ្ឋច្រើន ដូច្នេះការដោះស្រាយបញ្ហាទឹកកខ្វក់ជាការសំខាន់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

-សម្ដេចធិបតី​ ថ្លែងថា​ ការយកចិត្តទុកដាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ មិនត្រឹមតែគិតគូទៅលើការព្យាបាលប៉ុណ្ណោះទេ ប៉ុន្ដែត្រូវគិតគូទៅដល់ការបង្កា ការពារ កុំឱ្យកើតមានឡើង ជាពិសេសជំងឺដែលពាក់ព័ន្ធទៅនឹងបរិស្ថានជុំវិញ គឺយើងចាំបាច់រួមគ្នាដើម្បីការពារ ដែលនេះជាកត្តាចាំបាច់ និងជាផ្នែកមួយនៃគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រទេស ដូច្នេះរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍចម្រោះទឹកកខ្វក់នេះ។

-សម្ដេចធិបតី​ បានថ្លែងអំណរគុណដល់ សាធារណរដ្ឋកូរ៉េ ដែលបានបន្តគាំទ្រ និងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា ខណៈតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចទៅសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំមុនបានលើកកម្រិតទំនាក់ទំនងប្រទេសទាំងពីរឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ដ ដែលនេះជាឱកាសជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមទៀតមកកម្ពុជា។

-សម្តេចធិបតី ថ្លែងថា​ ការកសាងមិនអាចធ្វើមួយថ្ងៃបានទេ ប៉ុន្តែរាជរដ្ឋាភិបាលនឹងខិតខំធ្វើ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល។

-សម្ដេចធិបតី​ ថ្លែងថា​ កាលពីខ្ញុំនៅក្មេងពេលចូលឆ្នាំម្ដងៗខ្ញុំមិនដែលបានឃើញមុខឪពុកខ្ញុំទេ ព្រោះឪពុកខ្ញុំចេញទៅសមរភូមិ ប៉ុន្ដែបច្ចុប្បន្នក្នុងមួយឆ្នាំៗ កម្ពុជាយើងចូលឆ្នាំច្រើនដងណាស់ សប្បាយណាស់ពេលចូលឆ្នាំ មិនដូចកាលពីខ្ញុំនៅក្មេងទេ។

– សម្ដេចធិបតី ថ្លែងថា​ សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ សុខភាពគឺជាគោលសំខាន់ បើយើងមានសុខភាពល្អ គឺជាធនធាន ប៉ុន្ដែបើយើងមានជំងឺ សុខភាពមិនល្អ គឺជាបន្ទុកក្នុងគ្រួសារ ដូច្នេះទើបក្នុងរយៈពេលជិត២០ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានកសាងនូវសមត្ថផលសុខាភិបាល និងដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីលើកកម្ពស់សុខុមាលភាពសុខភាពដល់ពលរដ្ឋ។

-សម្តេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាលនិងបន្តចុះគ្រប់ទីកន្លែង ដើម្បីសម្ពោធសមិទ្ធផលជាច្រើន ជាបន្តបន្ទាប់ទៀតនៅទូទាំងប្រទេស ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ នេះជាផ្ការីករបស់រាជរដ្ឋាភិបាល។

-សម្ដេចធិបតី ថ្លែងថា​ មូលហេតុដែលកម្ពុជាតែងតែអួតពីសមិទ្ធផលរបស់ខ្លួនដែលទើបសង់បាន គឺព្រោះតែកម្ពុជាទើបតែមានបណ្ដើរៗ ខុសពីប្រទេសដទៃដែលសាងសង់រួចរាល់ជាយូរឆ្នាំមកហើយ។

-សម្ដេចធិបតី​ ថ្លែង​បង្ហើបប្រាប់ថា រដ្ឋ នឹងសាងសង់ស្ពានឆ្លងទន្លេបន្ថែមទៀត តែសម្ដេចសុំមិនប្រាប់ថានៅទីតាំងណាទេ គឺសុំលាក់សិន។

-សម្ដេចធិបតី ថ្លែងថា បើពលរដ្ឋមានសុខភាពល្អ គឺជាធនធានមនុស្ស និងធនធានជាតិ ប៉ុន្តែពលរដ្ឋមានជំងឺប្រចាំកាយ គឺជាបន្ទុករបស់គ្រួសារ ពិបាកបំពេញការងារឱ្យបានពេញដៃពេញជើង។ ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងសាងសង់មន្ទីរពេទ្យកម្រិតខ្ពស់ជាបន្តបន្ទាប់ដើម្បីសុខមាលភាពពលរដ្ឋ។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់​ថា​ ទោះកម្ពុជា ជួបព្យុះ ភ្លៀង យ៉ាងណា ក៏រដ្ឋាភិបាល មិនរត់ចោលពលរដ្ឋឡើយ។ សម្ដេចថា រដ្ឋាភិបាលនឹងនៅក្រាញ់ននៀលជាមួយពលរដ្ឋ បម្រើពលរដ្ឋឱ្យអស់ពីលទ្ធភាព។

-សម្តេចធិបតី ថ្លែងថា អ្នកណាធ្វើផ្ការីកអីក៏ធ្វើទៅ សំខាន់រាជរដ្ឋាភិបាល ខិតខំកសាងសមិទ្ធផលឲ្យរីកកាន់តែខ្លាំង ដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ ទាំងមូល។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺចង់មានន័យឌឺដង ឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

-សម្ដេចធិបតី ថ្លែងថា​ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោង នឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែកក្កដា ឆ្នាំ២០២៥ នឹងមានតំបន់សេដ្ឋកិច្ចពិសេសមួយនៅ ក្បែរអាកាសយានដ្ឋាននោះថែមទៀត។ តំបន់សេដ្ឋកិច្ចពិសេសនោះក៏មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត ភ្ជាប់ជាមួយនឹងព្រែកជីកហ្វូណនតេជោផងដែរ។

-សម្ដេចធិបតី ថ្លែងថា ទោះបីជាបច្ចុប្បន្នពិភពលោកកំពុងមានបញ្ហាស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្ដែខ្ញុំសូមឱ្យប្រជាពលរដ្ឋ ជឿជាក់រាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលនៅជាមួយបងប្អូន កសាងសមិទ្ធផលសម្រាប់បងប្អូន មិនទៅណាចោលប្រជាពលរដ្ឋទេ។

នាឱកាសនោះ​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ បានឱ្យដឹងថា​ ពិធីបើកការដ្ឋានដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនាពេលនេះ គឺជាសក្ខីភាពសបញ្ជាក់អំពីវឌ្ឍនភាព និងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលជូនជាតិមាតុភូមិ តាមរយៈការចាប់ផ្តើមអនុវត្តនូវគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ដែលក្នុងនោះ រួមមាន៖ ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់, ការសាងសង់ស្ថានីយបូមទឹកកខ្វក់បណ្តាញលូទឹកកខ្វក់ និងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់ទទួលសេវាចំនួន០៦សង្កាត់ ក្នុងក្រុងតាខ្មៅ ព្រមទាំងការសាងសង់ប្រព័ន្ធ រំដោះទឹកជំនន់ក្នុងក្រុងតាខ្មៅផងដែរ។

លោក ប៉េង ពោធិ៍នា បានបន្តថា​ សមិទ្ធផលដែលនឹងលេចចេញជារូបរាងឡើងក្នុងរយៈពេលបីឆ្នាំខាងមុខនេះ គឺជាលទ្ធផលកើតចេញពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងនូវទំនាក់ទំនងជាបន្តបន្ទាប់ពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានខិតខំពង្រឹង និងពង្រីកកិច្ចទំនាក់ទំនងនៃប្រទេសទាំងពីររហូតឈានដល់ការដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលបាននិងកំពុងនាំមកនូវការអភិវឌ្ឍរីកចម្រើនថ្មីៗជាច្រើនបន្ថែម ទៀតដល់កម្ពុជា។

លោក ប៉េង ពោធិ៍នា បានបញ្ជាក់ថា សន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេសដែលបានមកពីការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាអគ្គមគ្គុទេសក៍សន្តិភាពនិងការបង្រួបបង្រួមជាតិ បានធ្វើឱ្យប្រទេសកម្ពុជាទទួលបានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន នគរូបនីយកម្ម សំណង់លំនៅដ្ឋាន និងការពង្រីកទីក្រុងរបស់ប្រទេសកម្ពុជាមាន ការរីកលូតលាស់គួរឱ្យកត់សម្គាល់។

បន្ថែមពីនេះ​ លោក ប៉េង ពោធិ៍នា បានបញ្ជាក់ថា​ ដើម្បីធានានូវនិរន្តរភាពឆ្លើយតបនឹងកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងទីក្រុង រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការស្វែងរកដំណោះស្រាយ និងយុទ្ធសាស្ត្រលើការងារគ្រប់គ្រង និងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះ​ទឹកកខ្វក់ឱ្យមានប្រសិទ្ធភាព សំដៅដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាននៅតាមតំបន់ទីក្រុង ទីរួមខេត្ត និងទីប្រជុំជន ដែលរួមមានដូចជាកង្វះខាតហេដ្ឋារចនាសម្ព័ន្ធអនាម័យ និងកំណើននៃការ បញ្ចេញចោលសំណល់រឹង និងសំណល់រាវ រួមទាំងទឹកកខ្វក់ដែលមិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចូលទៅក្នុងប្រភពទឹកធម្មជាតិ។ បញ្ហាទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់លក្ខខណ្ឌបរិស្ថានរស់នៅ និងសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ ព្រមទាំង រាំងស្ទះដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចផងដែរ។

លោក ប៉េង ពោធិ៍នា បានឱ្យដឹងទៀតថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការគិតគូរលើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្លោះទឹកកខ្វក់នៅទីក្រុង ឆ្លើយតបនឹងការរីកលូតលាស់ឥតឈប់ឈរ និងកំណើន ប្រជាពលរដ្ឋនៅតាមបណ្តាទីប្រជុំជនសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ប៉េង ពោធិ៍នា បន្តថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA SEOYOUNG ដែលមានតម្លៃកិច្ច សន្យាសរុបប្រមាណជាង ៩០ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយ ផលប៉ះពាល់ និងពន្ធអាករផ្សេងៗ និងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ដោយគ្រោង បញ្ចប់ការសាងសង់នៅក្នុង ឆ្នាំ២០២៧។

លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា​ ក្នុងក្របខណ្ឌនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសហការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានាដោយគិតមកដល់បច្ចុប្បន្ននេះ ក្រសួងបានបញ្ចប់ និងកំពុងសាងសង់ស្ថានីយចម្លោះទឹកកខ្វក់សរុបចំនួន ១៤ កន្លែង និងទីលានទុកដាក់សំរាមចំនួន ១១ កន្លែងរួមទាំងបណ្តាញលូគ្រប់ប្រភេទនៅតាមទីក្រុង និងទីប្រជុំជនសំខាន់ៗក្នុងតំបន់ជុំវិញបឹងទន្លេសាប តំបន់ជាប់សមុទ្រ និងតំបន់ទេសចរណ៍។

ដោយឡែក​ លោក ផាក ជុងវុក ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានឱ្យដឹងដែរថា​ រាជរដ្ឋាភិបាលកូរ៉េបានបន្តគាំទ្រដល់គម្រោងអភិវឌ្ឍចម្រោះទឹកកខ្វក់របស់កម្ពុជា ខណៈគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅនេះ នឹងចូលរួមលើកកម្ពុជាដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋនៅក្រុងតាខ្មៅជាង ២៤០០០ ខ្នងផ្ទះ។

...

លោក ផាក ជុងវុក ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបញ្ជាក់ថា កម្ពុជា គឺជាដៃគូអភិវឌ្ឍដ៏ធំទី៤របស់សាធារណរដ្ឋកូរ៉េ ខណៈបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដីទៅសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំមុន ទំនាក់ទំនងប្រទេសទាំងពីរត្រូវបានលើកកម្ពស់បន្ថែមទៀតទៅជាភាពជាដៃគូយុទ្ធសាស្រ្ដ ហើយសាធារណរដ្ឋកូរ៉េនឹងបន្តចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍដល់ប្រទេសកម្ពុជា៕ ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print