ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងមានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តបង្រ្កាប និងបញ្ជូនក្មេងទំនើងជាង១០ករណី ដោយឃាត់ខ្លួន និងបញ្ជូនមនុស្សជាង៣០នាក់ទៅពន្ធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រតិបត្តការបង្រ្កាបក្រុមក្មេងទំនើង ត្រូវបានអនុវត្តជាប្រចាំ បើទោះបីរយៈពេលកន្លងមកនេះមានការថយចុះ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំអនុវត្តរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ប្រតិបត្តការបង្ក្រាបក្មេងទំនើងបាន៣០នាក់ និងបានបញ្ជូនទៅពន្ធនាគារក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង សៀមរាប ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ៕
ដោយ ៖ លោក សេង បូលីន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ