ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា បានថ្លែងថា កន្លងមកមានការចោទប្រកាន់ជុំវិញរឿងដែលសម្ដេចពឹងកងទ័ពវៀតណាមឱ្យមកជួយរំដោះប្រទេសកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្ដេចតេជោ បានលើកឡើងថា ប្រសិនបើមិនមានរបបប្រល័យពូជសាសន៍ កម្ពុជាក៏មិនពឹងកងទ័ពវៀតណាមមកជួយដែរ។
ក្នុងឱកាសថ្លែងបាឋកថា ក្នុងសិក្ខាសាលាស្ដីពី«ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» ពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ដថា ការពឹងកងទ័ពវៀតណាមនេះមិនមែនមានតែកម្ពុជានោះទេ សូមមើលប្រវត្ដិសាស្រ្ដពិភពលោក ក្នុងការរំដោះប្រទេសជាតិឱ្យរួចផុតពីសង្រ្គាម និងរំលត់របបប្រល័យពូជសាសន៍នៅកម្ពុជា។ ជាក់ស្ដែង តុលាការកូនកាត់រវាងកម្ពុជា និងអង្គការសហប្រជាជាតិក៏បានកាត់ទោសរបបខ្មែររួចទៅហើយ។
សម្ដេចតេជោ គូសបញ្ជាក់ថា ការពឹងកងទ័ពវៀតណាមឱ្យមកជួយរំដោះជាតិ គឺជាជម្រើសល្អបំផុតនៅក្នុងគ្រាដ៏លំបាក។ ហើយការពឹងនេះ មិនមែនសម្ដេចចង់រស់តែម្នាក់ឯងនោះទេ គឺជាដើម្បីជួយសង្រ្គោះប្រទេសជាតិ និងប្រជាជនកម្ពុជា៕
ដោយ ៖ សិលា