ខេត្តស្វាយរៀង: លោកបណ្ឌិត សម តារា តំណាង រាស្ត្រមណ្ឌលខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការសិទ្ធិ មនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងអធិការកិច្ច នៃរដ្ឋសភា និងក្រុម ការងារថ្នាក់ភូមិឃុំ និងស្រុក នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងស្វែងយល់ពីការដាំដុះបន្លែរបស់ប្រជាកសិករ រស់នៅក្នុងភូមិឃ្លាំង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ការចុះសួរសុខទុក្ខកសិករដាំបន្លែធម្មជាតិនេះដែរ ក៏មានការចូលរួមពី លោក ប៊ុន សាវ៉ាន់ សមាជិក គណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត លោក ណុបចំរើន អភិបាលក្រុងស្វាយរៀង និងក្រុមការងារ គណបក្សថ្នាក់ខេត្ត ថ្នាក់ក្រុង ថ្នាក់សង្កាត់ និងថ្នាក់ភូមិ។
លោក បណ្ឌិត សម តារា បានមានប្រសាសន៍ណែនាំឱ្យប្រជាកសិករ ខិតខំបង្កើនការដាំបន្លែចម្រុះ បន្ថែមតាមបច្ចេកទេសកសិកម្ម ដើម្បីបង្កើនចំណូលក្នុងគ្រួសារ និងបានជំរុញឱ្យប្រជាកសិករដាំបន្លែបង្ការ ធ្វើកសិកម្ម ដោយជៀសវាងកុំប្រើជីគីមី គឺត្រូវប្រើជីសរីរាង្គដើម្បីការពារសុខភាពអ្នកទទួលទាន។
ជាមួយគ្នានេះលោកបណ្ឌិត សម តារា បានណែនាំបន្ថែមឱ្យអាជ្ញាធរបន្តចូលរួមសហការជាមួយប្រជាពលរដ្ឋឱ្យបានល្អ ក្នុងការអប់រំកូនចៅឱ្យខិតខំរៀនសូត្រ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ គោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងកុំប្រព្រឹត្តិអំពើទាំងឡាយណាដែលខុសច្បាប់នាំឱ្យមានទោសទណ្ឌដល់ខ្លួន។
សូមបញ្ជាក់ថា ក្នុងឱកាសនោះ លោកបណ្ឌិតបានចំណាយថវិកា សរុបចំនួន ១.៩០០.០០០រៀល ដើម្បីឧបត្ថម្ភគ្រួសារកសិករ ក្រុមការងារ និងអ្នកចូលរួមផងដែរ។
ចំណែកប្រជាពលរដ្ឋ បានកោតសរសើរចំពោះថ្នាក់ដឹកនាំរដ្ឋសភា និងតំណាងរាស្ត្រក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនព្រងើយកន្តើយនោះឡើយ។