រឿង ខ្សែជីវិតកុមារត្រូវបានជម្លៀសក្នុងរបបប៉ុល ពត

ចែករំលែក៖

ខ្ញុំឈ្មោះ យ៉ាន់ ថន ភេទស្រី កើតឆ្នាំ ១៩៦៧។ ខ្ញុំមានស្រុកកំណើតនៅក្នុងភូមិកោងកាងទី៣ ឃុំកោងកាង ស្រុកពញាក្រែកខេត្តកំពង់ចាម។ ឪពុករបស់ខ្ញុំឈ្មោះ ក្រឹម យ៉ាន់ និងម្ដាយរបស់ខ្ញុំឈ្មោះ ធីត ណន។ ខ្ញុំគឺជាកូនទី ៥ ក្នុងចំណោមបងប្អូនចំនួន ១០ នាក់។ ខ្ញុំមានកូនចំនួន ៦ នាក់ ស្រីចំនួន ៤ នាក់ និងប្រុសចំនួន២នាក់។ កូនស្រីច្បងរបស់ខ្ញុំបានស្លាប់នៅពេលដែលខ្ញុំឆ្លងទន្លេ។ សព្វថ្ងៃនេះខ្ញុំគឺជាកសិករ និងជួញដូរត្រីដែរ។
* ដំណើរជីវិតពេលជម្លៀសលើកដំបូងក្នុងរបបខ្មែរក្រហម ÷
បន្ទាប់ពីរបបខ្មែរក្រហមទទួលបានជ័យជម្នះ និងឡើងគ្រប់គ្រងប្រទេសកម្ពុជា ក្រុមខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញឲ្យទៅរស់នៅតាមជនបទ និងប្រជាជនដែលនៅរស់នៅជនបទមួយចំនួន ត្រូវជម្លៀសចេញពីភូមិកំណើតឲ្យទៅរស់នៅ និងធ្វើការនៅទីកន្លែងផ្សេងៗ។ បន្ទាប់ពីក្រុមខ្មែរក្រហមចូលមកគ្រប់គ្រងក្នុងស្រុកកំណើតរបស់ខ្ញុំបានរយៈពេលប្រហែល ២ ទៅ ៣ ខែ ខ្មែរក្រហមបានផ្លាស់ប្ដូរការរស់នៅរបស់ប្រជាជននៅក្នុងភូមិ។ ខ្មែរក្រហមបានឲ្យស្រីៗទាំងអស់កាត់សក់ខ្លីត្រឹមក ស្លៀកខោអាវខ្មៅបង់កក្រមា ពាក់ស្បែកជើងកង់ឡាន និងត្រូវប្ដេជ្ញាថាស្មោះស្ម័គ្រនឹងអង្គការ។ គ្មាននរណាម្នាក់ហ៊ានបដិសេធនឹងការបញ្ជានេះឡើយ។
នៅពេលព្រឹកព្រលឹមថ្ងៃមួយគ្រួសាររបស់ខ្ញុំរួមមានឪពុក ម្ដាយនិងបងប្អូនកំពុងតែលុបមុខលាងជើងលាងដៃរៀបនឹងហូបបាយ ស្រាប់តែកងតូចឈ្មោះ ហូល និងយ៉ូន បានមកប្រាប់យើងថាដល់ពេលដែលយើងត្រូវជម្លៀសទៅនៅភូមិស្មោងហើយ។ខ្មែរក្រហមបានជម្លៀសក្រុមគ្រួសាររបស់ខ្ញុំចេញពីស្រុកកំណើតនៅក្នុងភូមិកោងកាងទី៣ ឃុំកោងកាងស្រុកពញាក្រែកខេត្តកំពង់ចាមឲ្យទៅរស់នៅឯភូមិស្មោង ឃុំស្មោង ស្រុកកំចាយមារខេត្តព្រៃវែង វិញ។ យើងមិនអាចប្រកែកបានឡើយ។ ក្រុមគ្រួសាររបស់ខ្ញុំបានធ្វើដំណើរចេញពីស្រុកកំណើតទាំងព្រឹកដោយមានរទេះមួយទឹមក្របីសម្រាប់ចាស់ៗនិងក្មេងៗជិះ រីឯបងប្អូនដែលមានវ័យជំទង់ និងខ្ញុំត្រូវធ្វើដំណើរដោយថ្មើរជើង។ ការជម្លៀសនោះមិនមែនកើតមានតែចំពោះគ្រួសាររបស់ខ្ញុំនោះទេ ប៉ុន្តែក៏មានក្រុមគ្រួសារផ្សេងៗជាច្រើនទៀត ត្រូវជម្លៀសចេញពីស្រុកកំណើតដូចខ្ញុំដែរ។
គ្រួសារយើងមានការនឿយហត់ណាស់នៅថ្ងៃទី១ នៃការធ្វើដំណើរចាកចេញពីផ្ទះរបស់ខ្ញុំ។អាកាសធាតុក្តៅហួតហែង ខ្ញុំចេះតែដើរយ៉ាងលឿនតម្រង់ទៅរកដីភក់ និងកន្លែងដែលមានដើមឈើច្រើន។ នៅពេលនោះខ្ញុំដើរពាក់ស្បែកជើងកង់ឡាន និងសម្លៀកបំពាក់ពណ៌ខ្មៅដែលអង្គការបានបើកឲ្យ។ យើងធ្វើដំណើររហូតដល់ថ្ងៃត្រង់ក៏នាំគ្នាឈប់សម្រាកក្រោមដើមឈើហូបបាយ ហើយសម្រាកបានមួយរយៈប្រហែល ២ ម៉ោងទើបយើងបន្តដំណើរទៅមុខទៀត។ លុះដល់ពេលល្ងាចគ្រួសាររបស់ខ្ញុំបានឃើញផ្ទះមួយនៅក្នុងភូមិដែលគ្មានមនុស្សរស់នៅ។ នៅផ្ទះនោះមានតែជ្រូក មាន់និងទាតែប៉ុណ្ណោះ។ នៅខាងក្នុងផ្ទះមានចានឆ្នាំង និងអីវ៉ាន់ផ្សេងៗទៀត។យើងបានសម្រេចចិត្តស្នាក់នៅទីនោះមួយយប់។ ពេលរាត្រីចូលមកដល់យើងមានភ្លើងចង្កៀងមួយ និង ភ្លើងចន្លុះមួយសម្រាប់បំភ្លឺ។យើងដេកជុំគ្នា ម្នាក់ៗមានខោអាវតែមួយសម្រាប់ដេកលើកន្ទេលរំចេក ហើយយកក្រមាធ្វើជាភួយដណ្ដប់ការពាររងា និងមូសខាំ។ នៅយប់នោះខ្ញុំយល់សប្តិឃើញថា យើងមានការធ្វើដំណើរទៅមុខទាំងហេវហត់អស់កម្លាំងស្ទើរតែមិនអាចបន្តដំណើរទៅមុខបាន ហើយត្រូវក្រុមខ្មែរក្រហមធ្វើបាបបង្ខំឲ្យធ្វើដំណើរទៅមុខទៀតដោយមិនខ្វល់ថា គ្រួសាររបស់ខ្ញុំ និងប្រជាជនដទៃទៀតកំពុងតែពិបាក។ ខ្ញុំភ្ញាក់ឡើងទាំងកណ្ដាលយប់ដោយតក់ស្លុតខ្លាំងណាស់ ហើយម៉ែរបស់ខ្ញុំលួងលោមខ្ញុំឲ្យដេកបន្តទៀត។
ថ្ងៃទី ២ បានចូលមកដល់យើងត្រូវបន្តដំណើរទៅមុខទៀត។មុននឹងចេញដំណើរបងស្រីណាក់និងម៉ុម បានជួយធ្វើម្ហូបម៉ែរបស់ខ្ញុំសម្រាប់ទុកហូបបន្តទៀត។ ម៉ែបានវេចបាយខ្ចប់ជាមួយនឹងស្លឹកឈូកដែលមានអំបិល និងសាច់មាន់លីងសម្រាប់ទុកហូបនៅតាមផ្លូវ។ ខ្ញុំគឺជាអ្នកច្រកទឹកទុកដាក់លើរទេះទុកផឹកតាមផ្លូវដែរ។
យើងបន្តដំណើរទៅមុខក្រោមកម្ដៅថ្ងៃក្តៅហែង ធ្វើឲ្យយើងអស់កម្លាំងណាស់។ នៅពេលថ្ងៃត្រង់ គ្រួសាររបស់ខ្ញុំបានឈប់សម្រាកនៅក្រោមដើមឈើធំមួយ។ បងប្រុសរបស់ខ្ញុំពីរនាក់ឈ្មោះ យ៉ុង និងយ៉ាយ បានដឹកក្របីម្នាក់មួយទៅចងឲ្យស៊ីស្មៅនៅក្បែរវាលស្រែ និងប្រឡាយទឹក។ ឪពុករបស់ខ្ញុំបានយករទេះទៅទុកដាក់ឲ្យបានត្រឹមត្រូវ។ យើងនាំគ្នាហូបបាយជុំគ្រួសារនៅក្រោមដើមឈើនោះ។ មុននឹងហូបបាយម្ដាយរបស់ខ្ញុំបានយកបាយបន្តិចម្ហូបបន្តិច ទៅសែនអ្នកតានៅក្រោមដើមឈើដោយនិយាយតិចៗថា លោកតាអើយ លោកតាដែលថែរក្សាព្រៃព្រឹក្សានៅទីនេះកូនចៅសែនឱ្យហើយ សូមឱ្យកូនចៅសុខសប្បាយកុំឱ្យមានបញ្ហាអ្វីមកយាយីឲ្យសោះ។ (នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print