ភ្នំពេញ ៖ ជំងឺដុំគីសលើពងស្វាស (kystes de l’épididyme) !
ក. តើអ្វីជាជំងឺដុំគីសលើពងស្វាស?
ជំងឺដុំគីសលើពងស្វាស ជាជំងឺដែលមានវត្តមាន ដុំគីសទឹកនៅក្នុងថង់ស្រោមពងស្វាសជាប់ និងពងស្វាស និងបំពង់មេជីវិតផ្នែកខាងលើដែលអាចស្ទាបប៉ះដឹងនៅពេលវាមានទំហំធំល្មម ហើយគេសង្កេត ឃើញថា វាកើតឡើង ញឹកញាប់ ទៅលើកូនក្មេង និងមនុស្សពេញវ័យផងដែរ៕
ខ. តើមានមូលហេតុអ្វីខ្លះដែលបណ្តាលអោយមាន ជំងឺនេះ?
វាត្រូវគេរកឃើញថា ការស្ទះបំពង់តូចៗរបស់ទឹកកាមបុរស ធ្វើអោយមានការកកើតដុំគីសនេះឡើង និងមានកត្តា រួមផ្សំផ្សេងៗទៀតដូចជាការ រលាក ជាដើម។
គ. តើជំងឺនេះ បង្ករជារោគសញ្ញាអ្វីខ្លះ?
៣៦ភាគរយ នៃជំងឺដុំគីសនេះ គឺមិនមានរោគសញ្ញាអ្វីនោះទេ។ ហើយរោគសញ្ញាដែលអាចកើតមានញឹកញាប់មានដូចជា៖
– ការឈឺចុកចាប់នៅនឹងផ្នែកខាងលើនៃពងស្វាសដែលមានដុំគីស
– ការស្ទាបប៉ះ ដុំគីស រាងមូល ទន់ នៅផ្នែកខាងលើ ពងស្វាស
– វាមិនមានការប៉ះពាល់ទៅលើការ បន្តពូជបុរសនោះទេ
– វាមិនត្រូវបានចាត់ទុក និងវិវត្តទៅជា ជំងឺមហារីកនោះទេ។
ឃ. តើការធ្វើរោគវិនិច្ឆ័យតាមរបៀបណា?
– ជំងឺដុំគីស នេះត្រូវបានរកឃើញដោយចៃដន្យណាមួយ កំឡុងពេលស្ទាបប៉ះ ដោយខ្លួនឯង ឬរកឃើញដោយ ផ្ទាល់ពីគ្រូពេទ្យឯកទេស
– ការធ្វើ អេកូសាស្រ្ត ដើម្បីបញ្ជាក់រោគវិនិច្ឆ័យ និងទំហំនៃដុំគីស។
ង. ជំងឺ ដែលងាយច្រឡំ
– ជំងឺ ដុំមហារីក ពងស្វាស (Tumeur testiculaire)
– ជំងឺ ដក់ទឹកក្នុង ស្រោមពងស្វាស (Hydrocèle)
– ជំងឺ រីកសរសៃវែនពងស្វាស (Varicocèle)
– ជំងឺ ក្លនពោះវៀនចូលក្នុងស្រោមពងស្វាស (Hernie inguino-scrotale)
ច. តើការព្យាបាលជំងឺនេះដោយរបៀបណា?
– ចំពោះដំណាក់កាលដំបូង ដែលស្ទាបប៉ះ ឬ មានការឈឺចាប់តិចតួច ម្តងម្កាល គឺត្រូវមកពិគ្រោះតាមដាន ឬ ព្យាបាលដោយថ្នាំបំបាត់ការឈឺចាប់។
– ដំណាក់កាល ដែលឈឺចាប់ខ្លាំង ឬ រំខានដល់ការងារប្រចាំថ្ងៃ គឺត្រូវធ្វើការព្យាបាលដោយ វះកាត់ជាមួយគ្រូពេទ្យឯកទេស។
«ប្រសិនបើលោកអ្នកមានបញ្ហាដូចការរៀបរាប់ខាងលើ ឫមានតម្រូវការពត៌មានលំអិតបន្ថែម សូមអញ្ជើញមកពិគ្រោះយោបល់ និងទទួលប្រឹក្សាអំពីវិធីសាស្ត្រនៃការព្យាបាលពីក្រុមការងារវេជ្ជបណ្ឌិតឯកទេស ជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតឲ្យបានទាន់ពេលវេលា។»
នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា