សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខគ្រួសារស្លាប់កូនបីនាក់និងគ្រួសាររង គ្រោះដោយអគ្គីភ័យនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី ដោយមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងអនុសាខា ស្រុកព្រៃនប់ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលស្លាប់កូនបីនាក់ មានឈ្មោះ យ៉ារី សុខសិលា ភេទប្រុស អាយុ១៨ឆ្នាំជាកូនទី១, ភក្តី រីតា ភេទស្រី អាយុ១៥ឆ្នាំជាកូនទី៣, ភក្តី ស្រីមេន ភេទប្រុស អាយុ១៣ឆ្នាំ ជាកូនទី៥ ក្នុងចំណោមបងប្អូន៦នាក់ និងម្តាយបង្កើតឈ្មោះ បាត ស្រីមុំ អាយុ៣៥ឆ្នាំ រងរបួស ស្រាល និងសួរសុខទុក្ខគ្រួសាររងគ្រោះពីរគ្រួសារទៀត ក្នុងគ្រោះឧបទ្ទវហេតុអគ្គិភ័យបណ្តាលមកពីឆេះរាល ដាលចេញពីរថយន្តដឹកប្រេងសាំងកាលពីវេលាយប់ម៉ោង ១១:៤៥ នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពនេះ លោកវេជ្ជ. អ៊ុយ សំអុន បានមានប្រសាសន៍ថា ៖ ការមកចូលរួមរំលែកមរណទុក្ខនៅពេលនេះគឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានដ៏រន្ធត់ និងសោកសង្រេងនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោកមកចូលរួមផ្ទាល់ ដោយនាំយកថវិកាចំនួន ១៥លានរៀល (សពនីមួយៗចំនួន ៥លានរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសពដែលបានបាត់បង់កូនជាទីស្រលាញ់ចំនួន៣នាក់ ព្រមទាំងទ្រព្យសម្បត្តិ លំនៅដ្ឋានបាត់បង់ទាំងស្រុងដោយគ្រោះអគ្គិភ័យនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពទាំងបីបានទៅ កាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។  ទន្ទឹមនឹងនេះជូនពរ ម្តាយបង្កើតសពកូនទាំងបីអ្នកស្រី បាត ស្រីមុំ បានជាសះស្បើយពីរបួសឆាប់ៗ ក្នុងស្ថានភាពនេះដែរក៏សូមថែទាំសុខភាពឱ្យបានល្អ និងកម្លាំងពង្រឹងស្មារតី បន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារជីវភាពគ្រួសារឡើង វិញព្រោះនៅមានកូនៗបីនាក់ទៀតដែលត្រូវមើលថែបន្តទៀត។

គ្រួសាររងគ្រោះពីរគ្រួសារទៀត ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ឈុត(សារុ១ មុង១ ក្រមា១ និងភួយ១) និងថវិកា២០ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះលោកវេជ្ជ.អ៊ុយ សំអុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យដោយរៀបចំទុកដាក់និងរៀបចំរបស់របរដែលងាយនិងឆាបឆេះឱ្យបានត្រឹមត្រូវ និងរៀបចំបណ្តាញខ្សែភ្លើងឱ្យត្រូវបានបច្ចេកទេស ហើយមុនចាកចេញដំណើរទៅណាមកណា ត្រូវពិនិត្យមើលភ្លើងទៀន ធូប ចង្ក្រានជាដើម។

ជាមួយគ្នានេះ ម្តាយឪពុកដែលស្លាប់កូនបីនាក់ក្រៅពីគោរពថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់មន្ត្រីមកចូលរួមរំលែកមរណទុក្ខក្នុងខណៈកំពុងរងទុក្ខដ៏សោកសៅ ព្រមជាមួយថវិកា១៥ លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ក៏បានគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ។

...

សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងអនុសាខាស្រុកព្រៃនប់ បានចុះសួរ សុខទុក្ខ និងនាំយកអំណោយឆ្លើយបតបន្ទាន់ជូនគ្រួសាររងគ្រោះម្តងរួចហើយ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print