ខេត្តបន្ទាយមានជ័យៈ ទណ្ឌិតចំនួន១៧នាក់ នៅក្នុងឱកាសបុណ្យវិសាខបូជា ឆ្នាំ២០២៥នេះ ពន្ធនាគារខេត្ត ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សោ វុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ធ្វើនៅសាលប្រជុំ ពន្ធនាគារខេត្ត ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បប្រធានពន្ធនាគារខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ឲ្យធ្វើការ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន ១៧នាក់ ស្រី០នាក់ ក្នុងនោះ ១,បន្ធូរបន្ថយទោស ៣ខែចំនួន ១៥នាក់ ស្រី ០នាក់ ២,បន្ធូរបន្ថយទោស ៦ខែ ចំនួន ២នាក់ ស្រី០នាក់។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បានបន្តថាៈក្នុងពន្ធគារខេត្ត ជនជាប់ឃុំ ជាក់ស្តែងមានចំនួនសរុប ២.៩៧១នាក់ ស្ត្រី១៩៥នាក់ ក្នុងនោះអនិតិថិជន ចំនួន៥៤៤នាក់ ស្រី៥នាក់,ជនបរទេស ចំនួន៣១៨នាក់ ស្រី៤៥នាក់,ជនពិការ ចំនួន២១នាក់ ស្រី០នាក់ និងចាស់ជរាចាប់ពីអាយុ ៦០ឆ្នាំឡើងចំនួន៤៣នាក់ ស្រី៧នាក់។
លោកឧត្តមអគានុរក្សថ្នាក់លេខ២ អ៊ុង សុីផាន បានបញ្ជាក់ទៀតថាៈ ពន្ធនាគារខេត្តបន្ទាយមានជ័យបានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។
ក្នុងឱកាសនោះលោក សោ វុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ក៏បានផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់៕
ដោយ៖ វណ្ណា