ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់នៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទទួលបានដីគ្រប់ គ្រងឡើងវិញ ក្រោយពេលប្រមុខរាជរដ្ឋាភិបាលចុះសួរសុខទុក្ខប្រជាពលរដ្ឋស្រុកត្បូងឃ្មុំកាលពីថ្ងៃទី២៣ ខែសីហា ។ លោក ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានប្រកាសថា ប្រជាពលរដ្ឋដែលមានទំនាស់ជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនិងដីក្រុមហ៊ុន ចម្ការកៅស៊ូមេមត់ត្រូវប្រមុខរាជរដ្ឋាភិបាល សម្រេចប្រគល់ជូនប្រជាពលរដ្ឋគ្រប់គ្រង ។
ប្រជាពលរដ្ឋរស់នៅភូមិខ្នងក្រពើកើត រីករាយក្រោយទទួលបានដំណឹងនេះ ។ អ្នក ភូមិនិយាយថាទំនាស់ដីធ្លីជាមួយដីសម្បទានសេដ្ឋកិច្ចម៉ែនសារុន និងក្រុមហ៊ុនចម្ការកៅស៊ូមេមត់បានកើតឡើងជាយូរមកហើយ ប៉ុន្តែអាជ្ញាធរថ្នាក់ខេត្ត-ស្រុកមិនព្យាយាម ជួយប្រជាពលរដ្ឋនោះទេ ទើបតែពេលនេះ សម្តេចនាយករដ្ឋមន្រ្តីបានមើលឃើញពីការលំបាករបស់ពលរដ្ឋក៏សម្រេចបញ្ចប់ជម្លោះតាមរយៈការប្រគល់ដីជូនប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីបានអរគុណចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន ដែលតែងតែយក ចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ។ ជាក់ ស្តែងនៅពេលនេះប្រសិនបើសម្តេចមិន ចេញមុខ វះកាត់ទេនោះប្រជាពលរដ្ឋពិតជាគ្មានដីសម្រាប់ប្រកបការងារកសិកម្មនោះឡើយ ។ ប្រជាពលរដ្ឋរំពឹងថា អាជ្ញាធរ ខេត្ត-ស្រុកនឹងជួយជំរុញល្បឿនដំណោះស្រាយនេះស្របតាមការសម្រេចរបស់ ប្រមុខរាជរដ្ឋាភិបាល ។
កាលពីថ្ងៃទី២៣ ខែសីហា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ លោក ជា សុផារ៉ា បានសរសេរជាព័ត៌មានជូនពលរដ្ឋពីរភូមិ គឺភូមិខ្នងក្រពើ កើត និងខ្នងក្រពើលិច នៅលើគេហទំព័រ ហ្វេកប៊ុករបស់លោក ។ ក្នុងនោះលោក បញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្ដល់ដីជាង៥០ហិកតា ដែលពាក់ព័ន្ធពលរដ្ឋ៦៣៥គ្រួសារធ្វើជា កម្មសិទ្ធិ ។
វិបត្តិដីធ្លីរបស់ពលរដ្ឋទាំងនេះ ជាមួយ ក្រុមហ៊ុនចម្ការកៅស៊ូមេមត់កើតឡើង តាំងពីឆ្នាំ២០០៨ បន្ទាប់ពីអតីតក្រុមហ៊ុន រដ្ឋមួយនេះប្រែក្លាយជាក្រុមហ៊ុនឯកជន ហើយបណ្ដេញពលរដ្ឋទៅរស់នៅតំបន់ ផ្សេង ប៉ុន្តែមានពលរដ្ឋភាគច្រើនមិនព្រមចាកចេញឡើយ ។
ពលរដ្ឋនៅភូមិខ្នងក្រពើកើតមួយរូបទៀត លោក ឃុត ថុន និយាយថា ដោយសារពួកគាត់ធ្លាប់ខកចិត្តម្ដងជាពីរដងក្នុងការទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ ទើបធ្វើឱ្យអ្នកភូមិនៅមិនទាន់ជឿជាក់លើសេចក្ដីប្រកាសព័ត៌មាននេះទាំងស្រុងទេ បានសាម សិបភាគ៣០ភាគរយ សប្បាយចិត្តបាន ប៉ុណ្ណឹងបាទ ។
ក្នុងគេហទំព័ររបស់លោក ជា សុផារ៉ា ក្នុងថ្ងៃដដែលនោះបញ្ជាក់ថា សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចប្រគល់ ដីជិត២ពាន់ហិកតាជូនពលរដ្ឋ ៦៤៣គ្រួសារដែលជាដីមានជម្លោះជាមួយក្រុមហ៊ុន ម៉ែន សារុន។ ពលរដ្ឋទាំងនេះមានមកពីឃុំជាំក្រវៀន ឃុំទន្លូង ឃុំចាន់មូល ឃុំរូង និង ឃុំជាំក្នុងស្រុកមេមត់ ដោយផ្តល់ជូនពួក គាត់ក្នុងទម្រង់ដីសម្បទានសង្គមកិច្ច ។
ទាក់ទងបញ្ហានេះអភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លី លោក ហាក់ សុខមករា មានប្រសាសន៍នៅថ្ងៃទី២៤ ខែសីហាថា អាជ្ញាធរខេត្តគាំទ្រ និងធ្វើទៅតាមការ សម្រេចរបស់ប្រមុខរដ្ឋាភិបាលនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ហើយនឹងត្រៀមធ្វើការងារនេះទៅ តាមនីតិវិធី ប្រសិនបើបានប្រសាសន៍ថ្នាក់ដឹកនាំអ៊ីចឹងហើយ ក្រុមការងារនឹងឆ្ពោះជាជំហានតាមនីតិវិធីដើម្បីរៀបចំចាត់ចែងតាមច្បាប់ ៕
ដោយ៖ ហេង សូរិយា