ខេត្តបាត់ដំបង÷ ស្ត្រីម្នាក់ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថខេត្តបាត់ដំបងឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកប្រាក់រឿងសន្យារត់ការចូលក្របខណ្ឌក្នុងជួរមន្ត្រីនគរបាលជាតិ ដោយមិនបានសម្រេចហើយស៊ីដាច់ប្រាក់ចំនួន ២៦ ២០០ ដុល្លារសហរដ្ឋអាមេរិក។
ការឃាត់ខ្លួននេះ គឺបានធ្វើឡើងនៅចំណុចបុរីរំចេក ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង១០និង ១០ នាទីព្រឹក ដោយកម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមការបញ្ជាផ្ទាល់ពីលោក ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង។
ស្ត្រីដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ សុង សោភ័ណ្ឌ អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចខាងលើ ពីបទឆបោកប្រាក់។
យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឈឿន ឈុំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបរវេល ដោយបានប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខាងលើ។
ជនសង្ស័យបានយកប្រាក់ពីជនរងគ្រោះចំនួន ២៦. ២០០ដុល្លារ ដើម្បីរត់ការយកឈ្មោះកូនរបស់ជនរង គ្រោះចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិក្នុងឆ្នាំ២០២៥ ដោយមិនចាំបាច់ប្រលងចូល ទាំងដែលក្រសួងមហាផ្ទៃមិនមានជ្រើសរើសមន្ត្រីនគរបាលជាតិថ្មីក្នុងឆ្នាំ២០២៥ ឡើយ ទីបំផុតក្រសួងក៏មិនបានរើស ឯលុយក៏ត្រូវបានស៊ីដាច់ ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹងតែម្ដង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕