ភ្នំពេញ៖ អគ្គមេបញ្ជាការ នៃកងយុទ្ធពលខេមរភូមិន្ទ អះអាងថា រាជរដ្ឋាភិបាលកម្ពុជារក្សាសិទ្ធិទទួលជំនួយសព្វាវុធ និងហ្វឹកហ្វឺនកងកម្លាំង ដើម្បីការពារខ្លួន និងធានាសន្ដិសុខសណ្ដាប់សាធារណៈនៅក្នុងប្រទេស ដោយប្រទេសកម្ពុជាស្រលាញ់សន្ដិភាព និងមិនត្រូវការសង្គ្រាមនោះទេ។
ថ្លែងក្នុងពិធីបើកសមយុទ្ធ«នាគមាសឆ្នាំ២០២៥»ក្រោមប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទបានមានប្រសាសន៍ថា រាជរដ្ឋភិបាលកម្ពុជា មិនចងសម្ព័ន្ធភាពយោធា និងកិច្ចព្រមព្រៀងយោធាណាមួយដែលមិនស្របទៅនឹងអធ្យាក្រឹត្យភាពរបស់ខ្លួនឡើយ។ ជាពិសេសកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីកម្ពុជា ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់កម្ពុជានៅបរទេសដែរ លើកលែងនៅក្នុងក្របខណ្ឌនៃសុំណូមពររបសអង្គការសហប្រជាជាតិ។ ប៉ុន្តែកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេស ជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ពីប្រទេសជាមិត្ត ។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ការរក្សាសិទ្ធិរបស់កម្ពុជាបែបនេះ គឺដើម្បីការពារខ្លួន និងធានាសន្ដិសុខសណ្ដាប់សាធារណៈនៅក្នុងប្រទេស ដោយប្រទេសកម្ពុជាស្រលាញ់សន្ដិភាព និងមិនត្រូវការសង្គ្រាមនោះទេ ពីព្រោះកម្ពុជាបានទទួលបទពិសោធន៍ និងមេរៀនជូរចត់ដែលបានឆ្លងកាត់ផលវិបាកនៃសង្គ្រាម ។
លោកអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ បន្ថែមថា កម្ពុជាបានចាត់ទុកសន្ដិភាពជាមូលដ្ឋានគ្រឹះនៃការឯកភាពជាតិ និងការអភិវលើគ្រប់វិស័យផងដែរ។
ទន្ទឹមនឹងនេះ សន្ដិភាពដែលបានកើតឡើងនាពេលនេះ គឺកើតឡើងពីនយោបាយឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន ដើម្បីសង្រ្គោះប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍នៅកម្ពុជា។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងកងទ័ពរំដោះប្រជាជនចិនដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាជាច្រើនដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍនឱ្យកាន់តែរីកចម្រើនដល់សព្វថ្ងៃនេះ ស្របទៅនឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពយើងទាំងពីរកាន់តែរីកចម្រើននិងស៊ីជម្រៅជាលំដាប់ ។
លោកឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិនបានមានប្រសាសន៍ថា តាមរយៈសមយុទ្ធនាគមាសនេះ នឹងជំរុញឱ្យទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែរឹងមាំថែមទៀតជាពិសេសវិស័យយោធា ដើម្បីចូលរួមចំណែកថែរក្សាសន្តិសុខក្នុងតំបន់ និងសកលលោក។ ហើយសមយុទ្ធរវាងកងទ័ពកម្ពុជា និងចិននេះ រៀបចំឡើងមិនមែនសំដៅដើម្បីគម្រាមកំហែអដល់ភាគីទី៣ណាមួយនោះទេ ។
សូមបញ្ជាក់ថា សម្រាប់វិស័យការពារជាតិ ប្រទេសចិនបានជួយពង្រឹងសមត្ថភាកងកម្លាំងកម្ពុជាដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការកសាងសាលាហ្វឹកហ្វឺន ការបណ្ដុះបណ្ដាលធនធានមនុស្សទាំងក្នុង និង ក្រៅប្រទេស ពិសេសសមយុទ្ធរួមគ្នារយៈពេល៧ឆ្នាំចុងក្រោយនេះ៕
ដោយ៖តារា