កម្ពុជា-ហុងគ្រី លើកកម្ពស់ទំនាក់ទំនងរដ្ឋសភានិងរដ្ឋសភា ក្នុងការស្វែងរកផលប្រយោជន៍ជូនពលរដ្ឋទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតជូន លោក ធីប័រ បាឡូកឌី (Tibor Baloghdi) ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះ លោក ឯកអគ្គរដ្ឋទូត និងសហការី ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងនិងពង្រីកចំណងមិត្ដភាព កិច្ចសហប្រតិបត្ដិការនៃប្រទេសទាំងពីរកម្ពុជានិងហុងគ្រី ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅនិងទូលំទូលាយថែមទៀត ដើម្បីបានជាលទ្ធផលផ្លែផ្កា ព្រមទាំងផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេច ក៏បានអរគុណ លោក ឯកអគ្គរដ្ឋទូត ដែលបានសម្របសម្រួលការងារដល់ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី ម៉ាតា ម៉ាត្រៃ (Marta MATRAI) អនុប្រធានរដ្ឋសភានៃប្រទេសហុងគ្រី ដែលបានអញ្ជើញមកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជាកាលពីដើមខែកុម្ភៈកន្លងមកនេះ ទទួលបានលទ្ធផលប្រកបដោយជោគជ័យ និងផ្លែផ្កាគួរជាទីមោទនៈ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ផ្តើមចេញពីដំណើរទស្សកិច្ចរបស់លោកស្រី អនុប្រធានរដ្ឋសភាហុងគ្រីនៅកម្ពុជានោះហើយ បានធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការក្នុងក្របខណ្ឌសភានៃប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីក តាមរយៈការបំពេញទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសហុងគ្រី ក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយបន្ថែមទៀត។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា ទំនាក់ទំនងរដ្ឋសភានិងរដ្ឋសភា មានសារៈសំខាន់ណាស់ ដោយសារសភាតំណាងពលរដ្ឋ។ ផ្តើមចេញពីទំនាក់ទំនងសភានេះ នឹងលើកកម្ពស់ដល់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ កាន់តែស៊ីជម្រៅ មានការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំជាដើម។
សម្តេចបានសង្កត់ធ្ងន់ថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការបែកបាក់សេដ្ឋកិច្ចកំពុងកើនឡើង បានបង្កជាវិបត្តិនិងក្តីបារម្ភចំពោះពលរដ្ឋ។ ការរឹតចំណងមិត្តភាពកម្ពុជានឹងហុងគ្រីនៅក្នុងកាលៈទេសៈមិនត្រឹមធានាបាននូវផលប្រយោជន៍ជូនពលរដ្ឋប្រទេសទំាងពីរប៉ុណ្ណោះទេ ថែមទំាងបានចួលរួមចំណែកដល់ការលើកកម្ពស់គោលការណ៍ពហុនិយម កាត់បន្ថយហានិភ័យដែលបានរំខានដល់សេចក្តីសុខពលរដ្ឋជាសកល បានទៀតផង។

លោក ធីប័រ បាឡូកឌី បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយ លោកនិងសហការីនាឱកាសនេះ។ លោកបានអរគុណ សម្តេចនិងរដ្ឋសភាកម្ពុជាទាំងមូល ដែលបានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ដំណើរទស្សនកិច្ចផ្លូវការ របស់លោកស្រី ម៉ាតា ម៉ាត្រៃ កាលពីពេលកន្លងទៅថ្មីៗនេះ។ តាមរយៈដំណើរទស្សនកិច្ចនោះ លោកស្រីអនុប្រធានរដ្ឋសភាហុងគ្រី មានមនោសញ្ចេតនាជ្រាលជ្រៅ ជាមួយប្រទេសនិងពលរដ្ឋកម្ពុជា។ លោកស្រីបានឃើញពិតប្រាកដពីការអភិវឌ្ឍន៍នៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។
លោក ធីប័រ បាឡូកឌី គូសបញ្ជាក់ថា ប្រទេសកម្ពុជានិងហុងគ្រីមានលក្ខណៈភូមិសាស្រ្តនិងប្រវត្តិសាស្រ្តស្រដៀងគ្នា ពោលមានផ្ទៃដីនិងចំនួនពលរដ្ឋប្រហាក់ប្រហែលគ្នា។ ប្រការនេះបានធ្វើឱ្យប្រទេសទាំងពីរយល់ពីគ្នាបានយ៉ាងច្បាស់។ ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសហុគ្រីវិញ លោកបានជម្រាប ជូនពីពង្រាងគម្រោងកម្មវិធី។ នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចប្រធានរដ្ឋសភានឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋសភានិងរាជរដ្ឋាភិបាលនៃប្រទេសហុងគ្រី។ ជាមួយគ្នានេះ សម្តេចនឹងមានដំណើរទស្សនកិច្ចនៅតំបន់ឧស្សាហកម្មនិងជួបជាសហគមន៍ខ្មែរនិងនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅនិងសិក្សានៅប្រទេសហុងគ្រី ផងដែរ។
លោកឯកអគ្គរដ្ឋទូតហុងគ្រី បានសម្តែងនូវមោទនភាពយ៉ាងក្រៃលែងដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលបានចួលរួមចំណែកដល់ការលើកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ ឱ្យមានការរីកចម្រើនជាលំដាប់។ លោក ធីប័រ បាឡូកឌី បានជម្រាបជូន សម្តេចពីគម្រោងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងហុងគ្រី មួយចំនួននៅក្នុងនោះ មានវិស័យថាមពល ធុរកិច្ច និងកសិកម្មជាដើម។ ឯកឧត្តមបានលើកឡើងថា ដោយសារកម្ពុជាមានសក្តានុពលខ្លំាងដូច្នេះ លោកនឹងខិតខំជំរុញបណ្តាប្រទេសនានានៅក្នុងសហគមន៍អឺរ៉ុប ឱ្យភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា ឱ្យបានកាន់តែជិតស្និទ្ធនិងសកម្មឡើងបន្ថែមទៀត។

សម្តេចប្រធានរដ្ឋសភានិងលោកឯកអគ្គរដ្ឋទូតបានសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជានិងហុងគ្រី ដែលនឹងឈានមកដល់នៅឆ្នាំ២០២៦ខាងមុខ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចំរើនជាបន្ដបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកស្ទើរគ្រប់កម្រិតទាំងអស់។ កាលពីខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបំពេញទស្សនកិច្ចនៅហុងគ្រី ហើយនៅខែតុលា ក្នុងឆ្នាំដដែលនោះដែរ សម្ដេចតេជោ ក៏បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលស្ដីពីទឹក លើកទី៣ នៅប្រទេសហុងគ្រីផងដែរ។ ក្នុងឆ្នាំ២០១៩នោះដែរ លោក ចាណូស អាឌឺ (Janos Ader) ប្រធានាធិបតីហុងគ្រី ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ហុងគ្រី មកបំពេញទស្សនកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះប្រទសទាំងពីរ តែងតែគំាទ្រគ្នាទៅវិញទៅមក នៅតាមវេទិការអន្តរជាតិនានា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចនៅប្រទេសហុងគ្រី សម្តេចនឹងផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំហុងគ្រី ទាំងស្ថាប័ននីតិប្បញ្ញត្ដិ និងនីតិប្រតិបត្ដិ លើការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្ដិការលើវិស័យអាទិភាពទាំងនេះ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ កសិកម្ម ឧស្សាហកម្ម ផលិតកម្ម បច្ចេកវិទ្យាព័ត៌មាន បរិស្ថាន ធនធានទឹក និងវិស័យអាទិភាពមួយចំនួនទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព និងផលប្រជាជនទាំងសងខាង។
ជាមួយគ្នានេះ សម្តេចនឹងស្នើដល់រដ្ឋាភិបាលហុងគ្រី ជួយបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសហុងគ្រី ដោយហេតុថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់យកកត្តា “មនុស្ស” ជាកត្តាទី១ និងចម្បងបំផុត ក្នុងការកែទម្រង់ និងអភិបាលកិច្ចដើម្បីអភិវឌ្ឍកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បន្ថែមពីនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានស្នើឱ្យ លោកឯកអគ្គរដ្ឋទូតហុងគ្រី មេត្តាជួយកៀរគរ និងលើកទឹកចិត្តដល់អ្នកវិនិយោគហុងគ្រី មកកាន់កម្ពុជា ដើម្បីស្វែងរកកាលានុវត្តក្នុងការវិនិយោគថ្មីៗបន្ថែមទៀតលើវិស័យ កសិកម្ម ឧស្សាហកម្ម ផលិតកម្ម បច្ចេកវិទ្យាព័ត៌មាន បរិស្ថាន និងវិស័យធនធានទឹក ជាដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print