ACU សម្រេចឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងមនុស្ស៣នាក់ទៀត ហើយបានបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធការដើរប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនស្រ្តីប្រធានផ្សារទួលពង្រ និងមនុស្ស៣នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយឃាត់ខ្លូនពាក់ព័ន្ធការដើរប្រមូលលុយពីក្រុមអាជីវករលក់ដូរ តាមដងផ្លូវ ដែលជាការដើរប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ។

នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់សារព័ត៌មាន ថា ៖ ករណីសន្តិសុខផ្សារទួលពង្រ ដើមប្រមូលលុយពីក្រុមអាជីវករលក់ដូរតាមដងផ្លូវ ត្រូវបានគេចុះផ្សាយ ដ៏ច្រើនសន្ធឹកសន្ធាប់តាមបណ្ដាញសង្គម ដែលសកម្មភាពរបស់ក្រុមសន្តិសុខនេះ ធ្វើឡើងតាមបញ្ជារបស់ប្តីប្រពន្ធប្រធានផ្សារ។

លោក សយ ច័ន្ទវិចិត្រ បានបញ្ជាក់ថា ជនសង្ស័យទាំង៤រូបរួមមាន៖

ទី១៖ ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ប្រធានផ្សារទួលពង្រ
ទី២៖ ឈ្មោះ ប៊ុន ស៊ិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងថតវីដេអូ
ទី៣៖ ឈ្មោះ ម៉ី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ សន្តិសុខផ្សារទួលពង្រ
ទី៤៖ ឈ្មោះ សាម៉ាក់ ឆាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ

បើតាមអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ, ជនសង្ស័យទាំង៤នាក់នេះ ជាប់សង្ស័យអំពីអំពើពុករលួយក្នុងបទល្មើស «ប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ មាត្រា ៨៩និងមាត្រា ៩៧ នៃច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការសមគំនិត តាមមាត្រា ២៩នៃក្រមព្រហ្មទណ្ឌ»។

ក្រោយបញ្ចប់ការសួរនាំ, មន្ត្រីនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចឃាត់ខ្លួនបុគ្គលទាំង៤នេះ នៅវេលាម៉ោង ១៦៖១០នាទីនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ហើយបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះតែម្តង។
នេះជាលុបបំបាត់អំពើពុករលួយ ដែលជាទម្លាប់ដ៏អាក្រក់នៅសេសសល់ក្នុងសង្គម ។
សូមបញ្ជាក់ថា ៖ មួយរយៈចុងក្រោយនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានធ្វើការងារច្រើន ប្រកបដោយ តម្លាភាព យុត្តិធម៌ ដើម្បីឱ្យសង្គមទទួលបានភាពស្អាតស្អំ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print