នៅពេលកងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះ ខ្ញុំគឺជាក្មេងវត្តកំពុងស្នាក់នៅក្នុងវត្តកែវវិជ័យ ស្ថិតនៅក្នុងភូមិស្វាយលួង ឃុំកណ្ដៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ នៅក្នុងរបបខ្មែរក្រហម ភូមិស្វាយលួងស្ថិតនៅក្នុងតំបន់ ៧ នៃភូមិភាគពាយព្យ។ ថ្ងៃមួយមានកងទ័ពខ្មែរក្រហមចំនួនបីឡានដែលមានកាន់កាំភ្លើងគ្រប់ដៃបានសម្រុកចូលមកក្នុងបរិវេណវត្តកែវវិជ័យ។ កងទ័ពខ្មែរក្រហមម្នាក់បានស្រែកប្រកាសតាមឧបករណ៍បំពងសំឡេងដែលកាន់ជាប់នឹងដៃថា ” កុំឱ្យមានការរត់ប្រសេចប្រសាចឲ្យសោះ។ព្រះសង្ឃនិមន្តចូលទៅក្នុងកុដិទៅ។ រីឯតាអាចារ្យនយាយជី និងក្មេងវត្តចូលទៅសំណាក់រៀងៗខ្លួនដើម្បីរង់ចាំការប្រកាសឲ្យកោះប្រជុំ។
មួយសន្ទុះក្រោយមកការប្រកាសលាន់ឮសាជាថ្មីម្ដងទៀត។ កងទ័ពខ្មែរក្រហមទាំងអស់នោះប្រកាសឲ្យលោកសង្ឃ មនុស្សចាស់ និងក្មេងៗដែលស្នាក់នៅក្នុងវត្តនាំគ្នាឡើងមកកាន់ព្រះវិហារ។ កងទ័ពខ្មែរក្រហមបានប្រាប់យើងមិនឲ្យគោរពប្រណិប័តន៍សាសនាទៀតឡើយ ថែមទាំងទុកឲ្យលោកសង្ឃសឹកដោយខ្លួនឯងក្នុងអំឡុងពេលបីខែ។ កងទ័ពខ្មែរក្រហមបានព្រមានថា ប្រសិនបើលោកសង្ឃណាមិនសឹកទេនោះ អង្គការនឹងចាប់ផ្សឹកឲ្យ ហើយអង្គការនឹងយកទៅសម្លាប់ប្រសិនបើមិនស្ដាប់តាមអង្គការទេនោះ។
នៅក្នុងខេត្តពោធិ៍សាត់មានកន្លែងមួយឈ្មោះថាទួលប្រជ្រៃមានទីតាំងស្ថិតនៅក្នុង ឃុំស្រែស្តុក ស្រុកកណ្ដៀង ជាទីកន្លែងដែលពួកខ្មែរក្រហមបានយកទាហាន និងមន្ត្រីរាជការប្រហែល ៥០០ នាក់ទៅសម្លាប់ដោយមិនបានកាត់ក្តីរកខុសត្រូវទេ។ប្រមាណជាងបីខែក្រោយមកអង្គការបានប្រកាសអនុវត្តច្បាប់របស់គេជាបន្តបន្ទាប់។ ខ្មែរក្រហមបានចាត់វិធានការឲ្យប្រជាជនរស់នៅរួម ដាក់ទ្រព្យសម្បត្តិរួម ធ្វើការងាររួម និងហូបរួម។ អង្គការបានចាប់ផ្ដើមបែងចែកកម្លាំងពលកម្មប្រជាជនទៅតាមប្រភេទ។ យាយយាយត្រូវឱ្យទៅមើលក្មេងៗ។ តាៗអង្គការឲ្យទៅធ្វើបង្គី អង្រុត ឬចាំចម្ការជាដើម ហើយមនុស្សវ័យកណ្ដាលវិញអង្គការឲ្យទៅធ្វើស្រែចម្ការ នេសាទត្រី ឡើងត្នោត និងការងារផ្សេងៗទៀតដែលអង្គការបានចាត់តាំង។ រីឯយុវជនអង្គការឲ្យទៅរែកដីជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ។ ចំណែកកងកុមារអង្គការឲ្យទៅដើររើសស្មៅនៅតាមវាលស្រែ ឬចម្ការក្រោយពេលព្យួររាស់កាប់ដើមទន្ទ្រានខេត្ត និងដើររើសអាចម៍គោយកមកធ្វើជី។
នៅក្នុងឆ្នាំ ១៩៧៦ ប្រធានកងបានឲ្យខ្ញុំទៅរស់នៅក្នុងផ្ទះមួយ។ផ្ទះនោះធ្វើអំពីឈើ ហើយមានប្រក់តែដំបូលទេ។ អង្គការបានឲ្យពួកខ្ញុំហូបរួម ដេករួម និងធ្វើការរួម។ នៅពេលនោះខ្ញុំមានអាយុ ១៥ ឆ្នាំ ខ្ញុំមិនដែលបានទៅសាលារៀនទៀតឡើយ ព្រោះពេលនោះខ្មែរក្រហមចូលមកកាន់កាប់ភូមិរបស់ខ្ញុំ។
រដូវវស្សាបានចូលមកដល់ការងាររបស់ពួកយើងកាន់តែធ្ងន់ និងច្រើនជាងមុន ប៉ុន្តែអង្គការមិនឲ្យអាហារយើងហូបចុកគ្រប់គ្រាន់នោះទេ។ នៅពេលដែលគ្មានភ្លៀងធ្លាក់ អង្គការបានបញ្ជាឲ្យយើងទៅបាចទឹកចូលស្រែសំណាប។នៅពេលភ្លៀងធ្លាក់ខ្លាំងលិចសំណាប អង្គការបានបញ្ជាឱ្យយើងបាចទឹកចេញពីស្រែវិញ។ ក្រុមរបស់ខ្ញុំបានចាប់ផ្ដើមបាក់កម្លាំងម្ដងបន្តិចៗ ទ្រាំស្ទើរតែលែងចង់បានទៅហើយ។ យើងធ្វើការនៅកណ្ដាលវាលស្រែក្រោមដំណក់ទឹកភ្លៀង។ ខ្ញុំរងាណាស់ ព្រោះខ្ញុំគ្មានអាវភ្លៀងទេ។ ខ្ញុំត្រូវដេកទាំងខោអាវសើម ព្រោះខ្ញុំមានខោអាវតែមួយសម្រាប់តែប៉ុណ្ណោះ។ ថ្ងៃខ្លះរងាពេក ខ្ញុំបានយកខោអាវទៅឆ្អើរភ្លើងឲ្យបានស្ងួតបន្តិចទើបយកមកពាក់វិញ។ ទោះបីជាអង្គការបានហាមឃាត់យើងមិនឱ្យបេះបោចបន្លែផ្លែឈើដែលជាសម្បត្តិរួមហូបក៏ដោយប៉ុន្តែខ្ញុំនៅតែលួច។ ខ្ញុំមិនអាចអត់ធន់នឹងភាពស្រែកឃ្លានបានឡើយ។ ខ្ញុំបានទៅលួចបូតគ្រាប់សណ្ដែកគ្រាប់ល្ង និងគ្រាប់ស្រូវច្រកដាក់ក្នុងក្រមាយកទៅត្រាំក្នុងទឹក រួចរង់ចាំមួយស្របក់ឲ្យគ្រាប់ធញ្ញជាតិរីកសិនបានខ្ញុំចាប់ផ្ដើមស្រង់យកមកកាយកប់ដីស្ដើងៗ ហើយបង្កាត់ភ្លើងពីលើ។ ខ្ញុំត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច ទាំងនៅពេលលួច ចម្អិន និងពេលហូបព្រោះប្រសិនបើអង្គការចាប់បានគេនឹងយកខ្ញុំទៅរៀនសូត្រហើយ។ពេលខ្លះខ្ញុំត្រូវកងឈ្លបសួរនាំដែរថា ហេតុអ្វីខ្ញុំមិនដេកពេលយប់ហើយក្រោកមកបង្កាត់ភ្លើងធ្វើអ្វី? ខ្ញុំបានដោះសារថា មកពីខ្ញុំរងាពេកហើយមូសខាំខ្លាចក្រែងស្អែកឈឺទៅធ្វើការមិនកើត។
ខ្ញុំមានសមមិត្តម្នាក់ឈ្មោះកែវ។ កែវគឺជាដៃគូធ្វើការងារជាមួយខ្ញុំ។ ពួកយើងស្គាល់ចិត្តគ្នា និងចេះជួយគ្នានៅពេលធ្វើការងារនឹងអាចធ្វើការបត់បែនតាមកាលៈទេសៈជាមួយគ្នា។ នៅក្នុងរបបខ្មែរក្រហម ដល់ពេលយប់កាលណា កងឈ្លបល្បាតកាន់កាំភ្លើងមួយដើមជាមួយនឹងពិលមួយដើរឆ្នុះពិនិត្យមើលការងារតាមវាលស្រែក្រែងមាននរណាមិនធ្វើការងារ ហើយបើរកឃើញថាមានអ្នកណាមិនធ្វើការងារមែននោះ ប្រាកដជាត្រូវអង្គការស្ដីបន្ទោស ឬ ចាប់ធ្វើទារុណកម្មជាមិនខាន។ រាល់ពេលមេឃងងឹតខ្ញុំ និងកែវចាប់ផ្ដើមអនុវត្តផែនការដោយឲ្យម្នាក់សម្រាកនិងម្នាក់ទៀតជាអ្នកបាចទឹកតិចៗទៅតាមកម្លាំងចៀសវាងក្រែងកងល្បាតដឹង។ កន្លែងសម្រាករបស់យើងគ្មានអ្វីទៅណាក្រៅពីយកភ្លឺស្រែធ្វើជាខ្នើយ និងដេកត្រាំទឹកនោះឡើយ។ ពេលខ្លះខ្ញុំដេកលក់បានមួយភ្លែតដែរ។ថ្ងៃមួយខ្ញុំដេកលក់ហើយសមមិត្តកែវដាស់ ព្រោះកងល្បាតបានឆ្លុះពិលជិតមកដល់ទីតាំងធ្វើការងាររបស់ខ្ញុំហើយ។ ខ្ញុំក៏ស្រវេស្រវារកធុងទឹកមកបាចទឹកតាមធម្មតាវិញ។ (នៅមានត)
