សារព័ត៌មាន Fox News បានផ្សាយថា មានករណីវាយប្រហាភេរវកម្មបង្ករឡើងដោយក្រុមតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការវាយប្រហារនោះកើតឡើងនៅសាលារៀនអាមេរិក បណ្តាលឲ្យមានមនុស្សយ៉ាងហោចណាស់៧នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀតរងរបួស ។
បន្ទាប់ពីការការវាយប្រហារសិស្សសាលាទាំងអស់បានបញ្ចូនទៅកាន់កន្លែងសុវត្ថភាពក្រោយរយៈពេល ១២ម៉ោងក្រោយការវាយប្រហារ ដែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃ២៤ ខែសីហា។ មេបញ្ជាការប៉ូលិសក្រុងកាប៊ុល បានលើកឡើងថា សិស្សសាលាចំនួន ៧០០នាក់ត្រូវបានជួយសង្គ្រោះឲ្យគេចចេញពីសាលាដើម្បីទៅកាន់កន្លែងមានសុវត្ថិភាព។
ពាក់ព័ន្ធនឹងករណីវាយប្រហារលើសាលាអាមេរិកកាំង នេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្កោលទោសយ៉ាងខ្លាំង ហើយនេះជាលើកទី២ហើយដែលក្រុមសកម្មប្រយុទ្ធដាក់គោលដៅវាយប្រហារលើសាលាអាមេរិក។
ការវាយប្រហារខាងលើបង្ហាញឲ្យឃើញថា ក្រុមភេរវករនៅតែបន្តវាយប្រហារសម្តៅទៅលើគោលដៅនានារបស់អាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ បច្ចុប្បន្នកម្លាំងទាហ៊ានអាមេរិកនៅទីនោះមានចំនួនតិចដើម្បីហ្វឹកហាត់និងផ្តល់ព្រឹក្សាដល់ទាហ៊ានអាហ្វហ្គានីស្ថានតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី