ភ្នំពេញ ៖ បុរសម្នាក់ជាបុគ្គលិកដឹកជញ្ជូនអនឡាយជិះម៉ូតូខ្វះការប្រុងប្រយ័ត្នទៅបុករថយន្ដឡិចសុីសRX300 ត្រង់ផ្លូវបំបែកជាបួនផ្លោងក្បាលទៅបុកកញ្ចក់រថយន្តរងរបួសធ្ងន់ ភ្លាមៗនោះពលរដ្ឋក៏បានទាក់ទងទៅរថយន្ដសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែតផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ និង១០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងមូលដ្ឋានបឹងកក់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៩ កែងនឹងផ្លូវលេខ៨២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានរថយន្ដម៉ាកឡិចសុីសRX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AP- 5812 បើកបរដោយស្រ្ដីម្នាក់រួមនឹងកូនស្រី២នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៥៩ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យម លុះធ្វើដំណើរមកដល់ចំណុចផ្លូវបំបែកជាបួន ក៏ស្រាប់តែមានបុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអនឡាយញ៉ាំ២៤ម៉ោង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៨២ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ទៅបុករថយន្ដផ្លោងក្បាលផ្ទប់នឹងកព្ចាក់រថយន្ដរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង។ ភ្លាមៗនោះពលរដ្ឋនិងមន្រ្ដីសន្តិសុខក្នុងតំបន់បឹងកក់ក៏បានទាក់ទងទៅរថយន្ដសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែករថយន្ដរងការខូចខាតបែកកព្ចាក់ផ្នែកពីមុខ ឯម៉ូតូរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្ដនិងម៉ូតូទៅរក្សាទុក រង់ចាំភាគីខាងម៉ូតូចូលមកធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ